(ភ្នំពេញ)៖ រដ្ឋមន្រ្តីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង បានព្រមានចាត់វិធានការ និងស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ចំពោះគ្រូពេទ្យជនជាតិចិនម្នាក់ និយាយភាសាខ្មែរប៉ៃឡាំៗ ដែលធ្លាប់វះកាត់ស្រ្តីខ្មែរម្នាក់ ស្លាប់នៅក្រុងពោធិ៍សាត់ ស្រាប់តែនៅពេលនេះ លួចទៅបើកគ្លីនិកថ្មីមួយទៀត នៅទីរួមខេត្តកំពង់ធំ។

ថ្លែងប្រាប់អង្គភាព Fresh News នៅរសៀលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៧នេះថា លោកនឹងឲ្យមានការស៊ើបអង្កេត ស្រាវជ្រាវ និងចាត់វិធានការយ៉ាងយកចិត្តទុកដាក់ ចំពោះករណីនេះ មិនបណ្តោយឲ្យកើតមានឡើងខុសច្បាប់ទៀតនោះទេ។

ការព្រមានបែបនេះ របស់លោករដ្ឋមន្រ្តីក្រសួងសុខាភិបាល បានកើតឡើង នៅពេលមានព័ត៌មានថា លោកគ្រូពេទ្យជនជាតិឈ្មោះ វ៉ាន់ ចាន់ជូ ភេទប្រុស អាយុ៥២ឆ្នាំ បានលួចទៅបើកគ្លីនិកមួយទៀត នៅក្រុងស្ទឹងសែន ខេត្តកំពង់ធំ ដោយមានយីហោ «មន្ទីរសម្រាកព្យាបាល ក្រុងស្ទឹងសែន» ប៉ុន្តែមិនទាន់មានច្បាប់ពេញលេញនៅឡើយទេ។

សូមបញ្ជាក់ថា គ្រូពេទ្យស្ទើរភ្លើងជាជនជាតិចិនម្នាក់ ដែលធ្លាប់បើកគ្លីនិក គ្មានច្បាប់អនុញ្ញាត នៅក្នុងក្រុងពោធិ៍សាត់ ហើយបានវះកាត់ ស្ត្រីម្នាក់ស្លាប់ កាលពីឆ្នាំ២០១៥ ឥឡូវនេះ បានវេចបង្វេចបាយ គេចខ្លួនមកបន្តបើកគ្លីនិកគ្មានច្បាប់ អនុញ្ញាតមួយទៀតដាក់ឈ្មោះថា «មន្ទីរសម្រាកព្យាបាល ក្រុងស្ទឹងសែន» ក្នុងខេត្តកំពង់ធំវិញម្តង។

សមត្ថកិច្ចខេត្តពោធិ៍សាត់ ឲ្យបានដឹងថា គ្រូពេទ្យគ្មានបទពិសោធន៍ច្បាស់លាស់នេះមានឈ្មោះ វ៉ាន់ ចាន់ជូ ភេទប្រុស អាយុ៥២ឆ្នាំ មានស្រុកកំណើតនៅខេត្តហេណាន ប្រទេសចិន ចេះនិយាយភាសារខ្មែរបន្តិចបន្តួច បានមកបើកគ្លីនិកព្យាបាលអ្នកជំងឺ នៅក្នុងក្រុងពោធិ៍សាត់ នៅចំណុចផ្ទះល្វែងទល់មុខសណ្ឋាគារ KM ប្រមាណពី៤ ទៅ៥ឆ្នាំកន្លងទៅ តែគ្មានច្បាប់អនុញ្ញាតអ្វីនោះទេ។

សមត្ថកិច្ចបានបន្តថា កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៥ គ្រូពេទ្យចិននោះ បានវះកាត់ដៃស្បូនស្ត្រីរងគ្រោះឈ្មោះ ស៊ឹង ចាន់ធឿន អាយុ៣២ឆ្នាំ មានកូនស្រី៤នាក់ រស់នៅភូមិសាន្តស ឃុំអន្សារចំបក់ ស្រុកក្រគរ បណ្តាលឲ្យស្លាប់រួចរត់គេចខ្លួនបាត់ទៅ។ ស្រាប់នៅពេលនេះ ទើបតែឮដំណឹងថា បានគេចខ្លួនមកបន្តបើគ្លីនិកគ្មានច្បាប់អនុញ្ញាតមួយទៀតឈ្មោះ «មន្ទីសម្រាកព្យាបាល ក្រុងស្ទឹងសែន» ក្នុងខេត្តកំពង់ធំទៅវិញ។

លោក ទី ធីរ៉ាវុធ អនុប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ធំ បានឲ្យដឹងថា គ្រូពេទ្រចិន វ៉ាន់ ចាន់ជូ មិនទាន់មានឯកសារបញ្ជាក់គ្រប់គ្រាន់ សម្រាប់បើកគ្លីនិកនៅឡើយទេ។ លោក ទី ធីរ៉ាវុធ បានបញ្ជាក់ថា «ច្បាប់របស់ពេទ្យចិនមួយនេះ កំពុងរត់ច្បាប់ទៅដល់ក្រសួង សុខាភិបាលហើយ»។

សម្រាប់លោកគ្រូពេទ្យជនជាតិចិនរូបនេះ បានប្រាប់អ្នកយកព័ត៌មាន នៅល្ងាចថ្ងៃទី១៦ ខែកុម្ភៈថា លោកពិតជាអ្នកវះដៃស្បូន ស្ត្រីម្នាក់ស្លាប់ នៅខេត្តពោធិ៍សាត់ ពិតប្រាកដមែន កាលពីអំឡុងឆ្នាំ២០១៥។ កាលណោះលោកបានគេចខ្លួន តែរឿងនេះមាន សំណងដោះស្រាយដល់ជនរងគ្រោះចប់អស់ហើយ។ រីឯច្បាប់បើកគ្លីនិកនៅកំពង់ធំវិញលោក វ៉ាន់ ចាន់ជូ ថា បានចំណាយលុយ ច្រើនឲ្យទៅលោក ទី ធីរ៉ាវុធ អនុប្រធានមន្ទីរសុខាភិបាលខេត្ត រត់ការច្បាប់ ហើយមិនដឹងថាមិនទាន់បាននៅឡើយទេ៕

ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី