ភ្នំពេញ៖ លោកបណ្ឌិត សុខ ទូច ប្រធានក្រុមស្រាវជ្រាវ អំពីបញ្ហាព្រំដែន នៃរាជបណ្ឌិត្យសភា បានសម្តែងការខឹងសម្បារ និងអន់ចិត្ត ចំពោះមនុស្ស មួយចំនួនដែលចោទលោកថា មានគំនិតក្បត់ជាតិ ហើយចូលដៃជាមួយ គណបក្សកាន់អំណាច ដែលមានបំណង ធ្វើវិសោធនកម្ម មាត្រា២ នៃរដ្ឋធម្មនុញ្ញ។

លោក សុខ ទូច ឲ្យដឹង នៅល្ងាចថ្ងៃពុធនេះថា អ្នករិះគន់លោកទាំងនោះ មិនមានការយល់ដឹង អំពីបញ្ហាព្រំដែន ច្បាស់លាស់នោះទេ ហើយមានភាពលម្អៀង ទៅរកការប្រកាន់និន្នាការនយោបាយ ដោយមិនបានផ្អែកទៅលើចំណេះ ជាមូលដ្ឋានបែបវិទ្យាសាស្រ្តពិត ពាក់ព័ន្ធនឹងរឿងរ៉ាវបូរណភាពទឹកដីកម្ពុជា។

លោក សុខ ទូច បាននិយាយថា «យើងឈរឱ្យឆ្ងាយ ឈរចេញពីគណបក្សប្រជាជន ឈរចេញពីគណបក្សសង្រ្គោះជាតិ ហើយយើងចាំមើល ទាំងអស់គ្នាថា ឥឡូវនេះ បើយើងប្រកាន់យកនូវផែនទីដែលតម្កល់ទុក នៅអង្គការសហប្រជាជាតិ ហើយអង្គការសហប្រជាជាតិ គេថាអត់មានគឺពាក្យគេថា រកមិនទាន់ឃើញគឺស្មើនឹងអត់មាន ហ្នឹងឯង...បើអត់មានយើង រង់ចាំសេះដុសស្នែងទេ សេះមិនអាចដុសស្នែងទេ អត់មានគឺអត់មានហើយ នេះចំណុចទី១ ហើយទី២ បើយើង បោះបង្គោលទៅអត់មាន១៨១.០៣៥(គីឡូម៉ែត្រការ៉េ) តើយើងនឹងរក្សា អាហ្នឹងដែរឬទេ ទី៣ តើព្រំដែនកម្ពុជាជាប់ តែវៀតណាមទេ? វាជាប់ជាមួយថៃ វាជាប់ជាមួយឡាវ បើជាប់អញ្ចឹងវាមានមាត្រដ្ឋានផ្សេងគ្នា» ។

លោក សុខ ទូច បានបន្ថែមថា «ព្រំដែនកម្ពុជា-ថៃ យើងប្រើប្រាស់ផែនទីខ្នាត ១/២០០០០០ ហើយដែនសមុទ្រគេប្រើ ១/៣០០០០០។ បើយើងមើល តាមសិទ្ធិសញ្ញាផែនទី ដែលរៀបចំនៅចន្លោះឆ្នាំ១៩៣៣ ដល់១៩៥៣ ចុះផែនទីជាមួយប្រទេសថៃ មិនមានធ្វើនៅចន្លោះឆ្នាំ នោះឯណា គឺយោងតាមសិទ្ធិសញ្ញាដែលធ្វើឡើងនៅឆ្នាំ១៩០៤ ហើយបានបោះបង្គោលនៅឆ្នាំ១៩០៧ ដល់ឆ្នាំ១៩០៩ អញ្ចឹងរដ្ឋធម្មនុញ្ញ របស់យើង គឺអត់បានចែងទេ អញ្ចឹងបើអត់មានចែងយ៉ាងម៉េច»។

លោក សុខ ទូច ថា ចំពោះរឿងនេះ មនុស្សដែលមិនយល់មួយចំនួននោះ មិនត្រឹមតែជេរលោកទេ ថែមទាំងជេរប្រមាថដល់ម្តាយ របស់លោកផងដែរ។

កាលពីថ្ងៃចន្ទលោក សុខ ទូច ប្រធានក្រុមស្រាវជ្រាវអំពីបញ្ហាព្រំដែន រាជបណ្ឌិត្យសភា បានជំរុញឱ្យគណបក្សទាំងពីរ ធ្វើវិសោធនកម្ម លើមាត្រា២ ជំពូក១ នៃរដ្ឋធម្មនុញ្ញ ដែលនិយាយអំពីបូរណភាពទឹកដីរបស់កម្ពុជា។ លោក សុខ ទូច បាននិយាយថា បើសិនជាមិនមាន ការកែប្រែរដ្ឋធម្មនុញ្ញ នៃមាត្រានេះទេ កម្ពុជាអាចនឹងខាតបង់នៅតំបន់មួយចំនួន។ ក្រោយពីមានការលើកឡើងដូច្នេះ មានតំណាងរាស្រ្ត អ្នកវិភាគ មនុស្សមួយចំនួន រួមទាំងអ្នកលេង Facebook ផង បានរិះគន់ និងវាយប្រហារលោក សុខ ទូច យ៉ាងចាស់ដៃ។

លោកបណ្ឌិត កែម ឡី អ្នកស្រាវជ្រាវសង្គមឯករាជ្យ បានប្រកាសថា ការចង់ឱ្យកែប្រែ រដ្ឋធម្មនុញ្ញនាពេលនេះ គឺយុទ្ឋនាការ ចង់កាត់ក្បាលតម្រូវមួក។ លោកបានជំរុញឱ្យប្រជាពលរដ្ឋ ចេញមុខការពារឲ្យខាងតែបាន កុំឲ្យមានការកែប្រែមាត្រាទី២នេះ ជាដាច់ខាត ដោយលោកលើកឡើងថា ជាអាយុជីវិតដែនដីកម្ពុជា និងរក្សាសិទ្ឋិតវាតាមផ្លូវច្បាប់នាពេលអនាគត។

លោក មុត ចន្ថា ប្រធានខុទ្ទកាល័យលោក កឹម សុខា បានសរសេរនៅលើ Facebook របស់លោក «ខ្ញុំមានការហួសចិត្ត និង សោកស្តាយបំផុត ដែលបណ្ឌិត សុខ ទូច ស្នើឲ្យធ្វើវិសៅធនកម្មមាត្រា ២ នៃរដ្ឋធម្មនុញ្ញ» ។ លោកថា «ខ្ញុំមិនគាំទ្រជាដាច់ខាត ចំពោះសំណើនេះ។ សូមកុំភ្លេចថា មានបញ្ញាវន្ត ច្រើនណាស់ដែលស្នេហាជាតិ និងមានឧត្តមគតិ និងមនសិការជាតិ និយមពិតប្រាកដ»។

មាត្រា២ នៃរដ្ឋធម្មនុញ្ញចែងថា «បូរណភាពទឹកដីរបស់ព្រះរាជាណាចក្រកម្ពុជា មិនអាចរំលោភបានជា ដាច់ខាតក្នុង ព្រំដែនរបស់ខ្លួន ដែលមានកំណត់ ក្នុងផែនទីខ្នាត ១/១០០.០០០ ធ្វើនៅចន្លោះឆ្នាំ១៩៣៣-១៩៥៣ ហើយដែលត្រូវ ទទួលស្គាល់ជាអន្តរជាតិ នៅចន្លោះឆ្នាំ១៩៦៣-១៩៦៩»៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល