(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានចេញបញ្ជាឲ្យបង្រ្កាបទាំងអស់ បើទោះបីយុទ្ធនាការនោះ ធ្វើក្រោមរូបភាពពណ៌អ្វីក៏ដោយឲ្យតែខុសច្បាប់ ដោយសម្តេចមិនអនុញ្ញាតឲ្យបញ្ហាបុគ្គល ៤-៥នាក់ មកបំផ្លាញសន្តិសុខមនុស្សរាប់លាននាក់បាននោះទេ។

ការប្រកាសចាត់វិធានការរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងមួយថ្ងៃបន្ទាប់ពីក្រុមអង្គការសង្គមស៊ីវិលមួយចំនួន បាននាំគ្នាធ្វើយុទ្ធនាការ «ថ្ងៃចន្ទពណ៌ខ្មៅ» នាថ្ងៃចន្ទ ទី០៩ ខែឧសភា ម្សិលមិញនេះ ក្នុងបំណងទាមទារដោះលែងមន្រ្តីសិទ្ធិមនុស្សអាដហុក ៤រូប និងមន្រ្តីគណៈកម្មាធិការជាតិរៀបចំការ បោះឆ្នោតមួយរូប ដែលត្រូវជាប់ឃុំពីបទសូកប៉ាន់សាក្សី និងសមគំនិតសូកប៉ាន់សាក្សី ឲ្យនិយាយបំភ្លៃការពិតក្នុងសំណុំរឿងស្នេហារវាងលោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ និងកញ្ញា ខុម ចន្ទតារទី ហៅស្រីមុំ។

ក្នុងឱកាសអញ្ជើញជាអធិបតីចែកសញ្ញាបត្រ ដល់និស្សិតវិទ្យាស្ថានវ៉ាន់ដានាព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៦នេះ សម្តេចតេជោ បានគូសបញ្ជាក់ថា ការដង្ហែនោះ គឺជាសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ តែជាការបំពានដល់អ្នកដទៃ និងផ្ទុយពីច្បាប់។

សម្តេចតេជោ បានបញ្ជាក់ដូច្នេះ «សូមកុំប្រើប្រាស់សិទ្ធិបញ្ចេញមតិ ដើម្បីបំពានអ្នកដទៃ កុំឲ្យសោះ រាជរដ្ឋាភិបាលត្រូវការរក្សាសន្តិភាព សម្រាប់ប្រទេស រក្សានូវស្ថេរភាពនយោបាយសម្រាប់ប្រទេស ដើម្បីការអភិវឌ្ឍ បុគ្គលធ្វើខុសត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ បើកុំតែអ្នកឯងធ្វើខុស វាគ្មាននរណាគេទៅចាប់អ្នកឯងទេ គ្មាននរណាយកអ្នកឯងទៅកាត់ទោសទេ»។

សម្តេចតេជោ ហ៊ុន សែន ក៏បានឲ្យដឹងផងដែរថា សម្តេចបានប្រាប់ទៅសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃដទៃទៀតរួចរាល់ហើយ ក្នុងចាត់វិធានការទៅលើយុទ្ធនាការពណ៌ បើទោះបីពណ៌អ្វីក៏ដោយ គឺត្រូវតែរារាំងទាំងអស់។

សម្តេចនាយករដ្ឋមន្រ្តី ថ្លែងដូច្នេះ «ខ្ញុំបានប្រាប់ទៅសម្តេច ស ខេង ប្រាប់ទៅថ្នាក់ដឹកនាំដទៃទៀត កុំខ្វល់ពីរឿងពណ៌ ហ្អែងចង់ពណ៌អីក៏ដោយ ឲ្យតែធ្វើខុសច្បាប់ដាក់ទាំងអស់ហ្នឹង! អត់មានរញ៉េរញ៉ៃទេ [...]។ [...] កន្លែងខ្លះគេហៅពណ៌ទឹកក្រូច ខ្លះគេថាពណ៌ក្រហម ខ្លះគេថា ពណ៌ខ្មៅ ខ្ញុំថា ពណ៌អីក៏ដោយឲ្យតែធ្វើខុសច្បាប់ដាក់ទាំងអស់ហ្នឹង តុលាការគេបង្កើតឡើង ដើម្បីអនុវត្តច្បាប់ កម្លាំងប្រដាប់អាវុធគេបង្កើតឡើង ដើម្បីការពាររដ្ឋ គុកគេបង្កើតឡើងដើម្បីដាក់អ្នកទោសកុំឆ្ងល់ពេក»។

សម្តេចតេជោ ហ៊ុន សែន ក៏បានផ្ញើសារផ្តាំផ្ញើទៅដល់អ្នកបំផុសឲ្យមានចលនាធ្វើយុទ្ធនាការ «ថ្ងៃចន្ទពណ៌ខ្មៅ» នេះផងដែរថា ប្រយ័ត្ននាំទៅដល់នីតិបុគ្គល។ សម្តេច ក៏បានផ្តាំផ្ញើទៅអ្នកដែលផ្តល់លុយបោះអាវ ដើម្បីធ្វើយុទ្ធនាការ «ថ្ងៃចន្ទពណ៌ខ្មៅ» ឲ្យប្រយ័ត្នប្រយែងផងដែរ។ បើតាមសម្តេចទាំងអ្នកបំផុស និងអ្នកផ្តល់លុយបោះអាវ ត្រូវបានស្គាល់អត្តសញ្ញាណអស់ហើយ។

សម្តេចតេជោ ក៏បានក្រើនរំលឹកទៅដល់ក្រុមអ្នកធ្វើយុទ្ធនាការពណ៌ខ្មៅ ឲ្យមើលគំរូនៅតាមប្រទេសធ្វើបដិវត្តន៍ពណ៌មួយចំនួន ដែលកំពុងជួបនូវបញ្ហាអសន្តិសុខ អស្ថេរភាពនៅក្នុងប្រទេស។ សម្តេចនាយករដ្ឋមន្រ្តី បានបញ្ជាក់ថា ការស្វែងរកសន្តិភាពមិនមែនជារឿងងាយស្រួលនោះឡើយ ដើម្បីស្វែងរកសន្តិភាពបានដូចពេលបច្ចុប្បន្ន មនុស្សជាច្រើនបានស្លាប់ក្នុងសង្រ្គាមស៊ីវិល របស់កម្ពុជា ចាប់តាំងឆ្នាំ១៩៧០ រហូតដល់ឆ្នាំ១៩៩៨៕

ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី