(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ បានសម្រេចចេញអនុក្រឹត្យមួយកំណត់ពីការផ្តល់រង្វាន់ដល់សិស្សពូកែទូទាំងប្រទេសថ្នាក់ទី៩ និងទី១២ ចាប់ពីលេខ១០ ដល់លេខ១ ក្នុងនោះម្ចាស់ជ័យលាភីនឹងទទួលបានប្រាក់រង្វាន់ចាប់ពី ៨០ម៉ឺនរៀលដល់ ៣,៥លានរៀល។

ក្រសួងអប់រំតែងបានរៀបចំការប្រឡងសិស្សពូកែលើផ្នែកអក្សសិល្បិ៍ខ្មែរ គណិតវិទ្យា និងវិទ្យាសាស្រ្តជារៀងរាល់ឆ្នាំ ដោយយកជ័យលាភីចាប់ពីលេខ១ ដល់លេខ ១០។ តែក្រសួង មិនដែលបានកំណត់ពីការផ្តល់ប្រាក់រង្វាន់សម្រាប់ពួកគេឲ្យច្បាស់លាស់នោះឡើយ ក្រៅពីការផ្តល់មេដាយ និង ប័ណ្ណសម្គាល់សិស្សពូកែទូទាំងប្រទេសមួយច្បាប់ហើយនោះ ប្រាក់រង្វាន់ គឺអាស្រ័យលើការឧបត្ថម្ភពីក្រសួង និង សប្បុរសជន ដែលមានចំនួនតិចតួច។

លោក ហង់ ជួនណារ៉ុន បានថ្លែងប្រាប់ Fresh News នៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៦នេះថា បន្ទាប់ពីមើលឃើញប្រាក់រង្វាន់លើកទឹកចិត្តសម្រាប់សិស្សជ័យលាភីមិនទាន់មានភាពច្បាស់លាស់ ទើបក្រសួងស្នើឲ្យមានការផ្តល់ប្រាក់រង្វាន់ច្បាស់លាស់សម្រាប់ពួកគេ ហើយឈានដល់ការសម្រេចជាផ្លូវពីផ្លូវការពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៦តែម្តង។

យោងតាមអនុក្រឹត្យ ដែល Fresh News ទទួលបាននៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៦នេះ បានបញ្ជាក់ឲ្យដឹងថា សម្រាប់សិស្សជ័យលាភីលេខ១ ទទួលបានប្រាក់រង្វាន់ ៣,៥លានរៀល មេដាយមួយគ្រឿង និងវិញ្ញាបនបត្របញ្ជាក់សិស្សពូកែទូទាំងប្រទេសមួយច្បាប់, ជ័យលាភីលេខ២ ទទួលបានប្រាក់រង្វាន់ ៣,២លានរៀល មេដាយមួយគ្រឿង និង វិញ្ញាបនបត្របញ្ជាក់សិស្សពូកែទូទាំងប្រទេសមួយច្បាប់, ជ័យលាភីលេខ៣ ទទួលបានប្រាក់រង្វាន់ ២,៩លានរៀល មេដាយមួយគ្រឿង និងវិញ្ញាបនបត្របញ្ជាក់សិស្សពូកែទូទាំងប្រទេសមួយច្បាប់។

សម្រាប់ជ័យលាភីចាប់ពីលេខ៤ ដល់លេខ១០ ទទួលបានប្រាក់រង្វាន់ពី២,៦លានរៀល ទៅ ៨០ម៉ឺនរៀល រួមជាមួយនិងវិញ្ញាបនបត្របញ្ជាក់សិស្សពូកែទូទាំងប្រទេសម្នាក់មួយច្បាប់។

លោករដ្ឋមន្រ្តី ហង់ ជួនណារ៉ុន បានហៅអនុក្រឹត្យនេះថា ជាការលើកទឹកចិត្តមួយទៀតសម្រាប់សិស្សពូកែទូទាំងប្រទេស ហើយក៏នឹងលើកទឹកចិត្តសិស្សកម្ពុជា ឲ្យខិតខំប្រឹងប្រែងរៀនសូត្រ ដើម្បីដណ្តើមជ័យលាភីសិស្សពូកែទូទាំងប្រទេសផងដែរ៕

ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី