កំពង់ចាមៈ លោក ធុច សាថាត វ័យ៤៩ឆ្នាំ ជាមន្ត្រីធនាគារជាតិ ខេត្តកំពង់ចាម បានស្លាប់ ដោយសារ ភ្លើងឆេះខ្លួន នៅវេលាម៉ោង ១១និង៣០នាទីយប់ ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៤ នៅចំណុចផ្ទះជួល ស្ថិតក្នុងភូមិទី៦ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម ហើយហេតុការណ៍នេះ សមត្ថកិច្ចបានសន្និដ្ឋានថា ជាអំពើឃាតកម្ម ប្លន់យកទ្រព្យសម្បត្តិ ។

មន្ត្រីនគរបាល ផ្នែកព្រហ្មទណ្ឌ នៃអធិការដ្ឋាន នគរបាលក្រុងកំពង់ចាម បានប្រាប់ឲ្យដឹងថា សាក្សីជាម្ចាស់ផ្ទះជួល ថា នៅយប់កើតហេតុ គាត់បានឃើញជនរងគ្រោះ និងមនុស្ស ប្រុសម្នាក់ទៀត បានចូលក្នុងបន្ទប់ ជួល នៃផ្ទះរបស់គាត់ លុះបន្ទាប់មក ស្រាប់តែមានហេតុការណ៍ ភ្លើងឆេះខ្លួន បុរសរងគ្រោះយ៉ាងសន្ធោរសន្ធៅ ហើយខណៈនោះ បុរសម្នាក់ទៀត ដែលចូលបន្ទប់ជាមួយគ្នា បានចេញទៅបាត់ទៅ ។ ចំណែកឯបុរសរងគ្រោះ ត្រូវបានម្ចាស់ផ្ទះ រួមនិងអ្នកជិតខាង ជួយបាញ់ទឹកពន្លត់ ខណៈបុរសរងគ្រោះ បានប្រឹងរត់ ចេញមកខាងក្រៅ បន្ទប់ជួលនោះ ។ មន្ត្រីនគរបាលបានឲ្យដឹងទៀតថា ក្រោយពីបានពន្លត់ភ្លើងលើខ្លួន ជនរងគ្រោះរួច ជនរង គ្រោះបានបញ្ជូនទៅមន្ទីរពេទ្យ ប៉ុន្តែដោយអាការៈធ្ងន់ធ្ងរ ជនរងគ្រោះបានស្លាប់ ហើយត្រូវបានសាច់ញាតិ ដឹកយកទៅស្រុកកំណើត នៅស្រុកព្រៃឈរ ។

មន្ត្រីនគរបាលដដែល បានឲ្យដឹងទៀតថា តាមការឲ្យដឹងពីសាក្សី ថា ធ្លាប់បានឃើញជនរងគ្រោះ មាន ពាក់ ខ្សែក មាស ហើយក្រោយហេតុការណ៍នោះ ខ្សែក កាបូបលុយ .និងទូរស័ព្ទជនរង គ្រោះបាន បាត់ទាំងអស់ ដូច្នេះ ករណីនេះ សមត្ថកិច្ចបានសន្និដ្ឋានថា ជាករណីប្លន់សម្លាប់យកទ្រព្យសម្បត្តិ ។ ហើយបច្ចុប្បន្ន សមត្ថកិច្ចនគរបាល ជំនាញខាងបច្ចេកទេស កំពុងនៅផ្ទះជនរងគ្រោះ ឯស្រុកព្រៃឈរ ដើម្បីធ្វើការពិនិត្យសាកសព ធ្វើការស្រាវជ្រាវ ក្នុងករណីនេះ ៕

ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល