(យូអិន)៖ មកដល់ឆ្នាំ២០១៧នេះ ចំនួនប្រជាជនសរុបនៅទូទាំងពិភពលោក បានកើនឡើងដល់ជាង ៧.៤ពាន់លាននាក់ហើយ ដោយចំនួននេះមិនបានចោទជាបញ្ហាសម្រាប់មនុស្សជាតិនោះឡើយ ព្រោះផ្ទៃដីដាំដំណាំ និងបង្កបង្កើនផលនានា នៅតែអាចធ្វើការផ្គត់ផ្គង់គ្រប់គ្រាន់សម្រាប់ប្រជាជនទាំងអស់ លើកលែងតែបណ្តាប្រទេសដែលមានសង្គ្រាម និងជម្លោះហែកហួរគ្នាប៉ុណ្ណោះ ដែលជីវិតប្រជាជនរបស់ពួកគេទទួលរងគ្រោះព្រាត់ប្រាស់គ្រួសារ និងខ្វះខាតស្បៀងអាហារព្រមទាំងលំនៅឋាន ហើយប្រការនោះមិនមែនដោយសារកំហុសធម្មជាតិ ឬផែនដីចង្អៀតនោះឡើយ។

កាលពី ១០,០០០ឆ្នាំមុន ប្រជាជននៅលើផែនដីយើងនេះ មានមិនដល់ពីរទៅបីលាននាក់ផង ហើយរហូតមកដល់សតវត្សរ៍ឆ្នាំ១៨០០ ប្រជាជននៅលើផែនដីបានកើនឡើងដល់ ១ពាន់លាននាក់ និង ២ពាន់លាននាក់នៅឆ្នាំ១៩២០។ ការគណនាពីកំណើនប្រជាជនពិភពលោករបស់ អង្គការសហប្រជាជាតិកន្លងមក គឺមិនមានភាពល្អៀងប៉ុន្មាននោះឡើយ ប៉ុន្តែគ្រប់គ្នាមានអារម្មណ៍តក់ស្លុតនៅពេលបានឃើញកំណើនដ៏គំហុកនេះ។

យោងតាមការគណនារបស់អង្គការសហប្រជាជាតិ ប្រជាជននៅលើពិភពលោក នឹងកើនដល់ ៩.៧ពាន់លាននាក់នៅឆ្នាំ២០៥០ និង ១១ពាន់លាននៅឆ្នាំ២១០០។ គ្រាន់តែបានឃើញចំនួននៃការប៉ាន់ស្មាននេះ ក៏អាចធ្វើឲ្យលោកអ្នកព្រួយបារម្ភរួចទៅហើយ អំពីជោគវាសនានៃមនុស្សជំនាន់ក្រោយ ខណៈផែនដី នឹងកាន់តែចង្អៀត ហើយក៏កំពុងតែទទួលរងនូវការកើនឡើងកម្តៅ ដែលបង្កឲ្យបរិស្ថានទាំងមូលកាន់តែអាក្រក់ខ្លាំងឡើងពីមួយថ្ងៃទៅមួយថ្ងៃ។

ឧទាហរណ៍គ្រាន់តែប្រជាជនជាង ២៥លាននាក់ ដែលកំពុងរស់នៅទីក្រុងប៉េកាំង បាននិងកំពុងទទួលរងរួចទៅហើយនូវការបំពុលបរិស្ថានកម្រិតធ្ងន់ជាងគេនៅលើពិភពលោក ដោយសារតែការអភិវឌ្ឍមិនបានគិតគូរខ្លាំងទៅលើផលប៉ះពាល់បរិស្ថាន។ ចុះទម្រាំមនុស្ស ៣០ ទៅ ៥០លាននាក់ ដែលនឹងកើនឡើងនៅទីក្រុងនេះនៅរាប់ទសវត្សរ៍ទៅមុខទៀត តើពួកគេនឹងត្រូវរស់នៅក្នុងស្ថានភាពបែបណា?

បើតាមអ្នកវិភាគ ផែនដីមិនអីទ្រទ្រង់ចំនួនប្រជាជនបាន ១១ពាន់លាននាក់នោះទេ ដោយសារតែការប្រៀបធៀបទំហំផ្ទៃដី អត្រាលទ្ធភាពរស់នៅសុខសាន្ត និងបរិស្ថានផែនដី ដែលមិនគ្រប់គ្រាន់ឡើយសម្រាប់មនុស្សដ៏ច្រើនសន្ធឹកសន្ធាប់បែបនេះ។ ប៉ុន្តែប្រសិនបើចំនួនប្រជាជនស្ថិតនៅក្នុងរង្វង់ ៩ពាន់លាននាក់ ហើយអាចរក្សាអត្រាកំណើនដ៏ទាបបំផុត និងត្រឹមត្រូវតាមការកំណត់នោះ មនុស្សប្រាកដជាអាចរស់នៅបាននៅលើផែនដីជាបន្តទៀត៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង