យកល្អគួរតែចងចាំថា មនុស្សគ្រប់គ្នាសុទ្ធតែមាន ការចូលចិត្តញ៉ាំអាហារខុសៗគ្នា ហើយអ្នកមិនគួរណា សន្មត់ឲ្យខ្លួនឯងថា មានបញ្ហាចំពោះចំណង់ ផ្លូវភេទនោះទេ ព្រោះអ្នកគ្រាន់តែមិនចង់រួមភេទ ជាញឹកញាប់ដូចមិត្តភក្តិ ឬមនុស្សផ្សេងៗទៀតប៉ុណ្ណោះ។ លើសពីនេះទៅទៀត វាក៏ជារឿងមួយធម្មតាមួយ ដែលអ្នកនឹងមានអាការៈថយចុះ ចំណង់នៃផ្លូវភេទនៅពេល ដែលអ្នកមានអាយុច្រើន។

ចំណង់ផ្លូវភេទគឺជាបញ្ហាតែមួយគត់ ដែលជាហេតុនាំឲ្យដៃគូទាំងពីរនាក់ មានភាពខ្វែងគំនិតគ្នាច្រើន។ ដូច្នេះដើម្បីទទួលបាននូវដំណោះស្រាយល្អ ដៃគូម្នាក់គួរតែព្យាយាមយកចិត្ត និងកាត់បន្ថយ ការទាមទារកុំឲ្យខ្ពស់ពេក។

ការងាប់លិង្គរបស់បុរស និងភាពគ្មានតម្រេករបស់ស្ត្រី គឺជាហេតុផលដ៏ធំបំផុតនៃការថយចុះនៃ ចំណង់ផ្លូវភេទ។ ហេតុនេះហើយទើបធ្វើ ឲ្យមានការប្រែប្រួល ឬកាត់បន្ថយមុខងារផ្លូវភេទបាន។

វេជ្ជបណ្ឌិត គៀត ស្កុត មុមប៊ី (Dr. Keith Scott-Mumby) គ្រូពេទ្យជនជាតិអង់គ្លេស ដែលរស់នៅរដ្ឋឡូអេនជេឡេស និយាយថា «គ្មានអ្វីដែលត្រូវសង្ស័យទេដែលថា ការមានសកម្មភាពផ្លូវភេទចុះខ្សោយហើយ វានឹងធ្វើឲ្យសុខភាពទូទៅ ក៏ចុះខ្សោយដែរ។ បញ្ហាជាច្រើនដូចជា ធាត់ជ្រុល, លើសសម្ពាធឈាម, ស្ត្រេស, មានបញ្ហាក្នុងការរំលាយអាហារ, បាក់ទឹកចិត្តនិងចូលចិត្តផឹកស្រាសុទ្ធ តែបណ្តាលឲ្យបន្ថយចំណង់ ផ្លូវភេទបានទាំងអស់។ បញ្ហាលេខមួយដែលធ្វើឲ្យមនុស្សយើង អស់អារម្មណ៍នោះគឺស្ត្រេស។ ការរស់នៅក្នុងជីវិតពោរពេញ ដោយការព្រួយបារម្ភ ជាមួយនឹងអ្វីមួយ ដែលមិនពិតប្រាកដ ឬគម្រាមគំហែង នៅពេលអនាគត់ ច្រើនតែបណ្តាលឲ្យ ចំណង់ផ្លូវភេទធ្លាក់ចុះ»។

លោកក៏បាន សង្កត់ធ្ងន់ទៅលើការធ្លាក់ចុះនៃមុខងារផ្លូវភេទ ដែលទាក់ទងនឹងការចាស់ ទៅតាមអាយុផងដែរថា «កម្រិតអ័រម៉ូនធ្លាក់ចុះបន្តិចម្តងៗ ជាលើកដំបូង ប៉ុន្តែពេលអាយុបាន ៥០ឆ្នាំ វានឹងធ្វើឲ្យដំណើរ ការចំណង់ផ្លូវភេទថយចុះ បន្តិចម្តងៗដែរ។ ស្ត្រីដឹងមានអាការៈបែបនេះ នៅពេលរ៉ាំងរដូវ។ ចំពោះបុរសវិញក៏អញ្ជឹងដែរ គឺរាំងរដូវបានដូចគ្នា (Andropause)»។

ស្ថិតក្នុងវ័យរាំងរដូវ កម្រិតអ័រម៉ូន Oestrogenធ្លាក់ចុះ ដែលជាហេតុបណ្តាលឲ្យទ្វាមាសស្ងួត និងឈឺចាប់។ រឿងបែបនេះហើយតែងតែរំខាន ដល់ចំណង់ផ្លូវភេទ និងការរួមភេទ។ ការចាប់ផ្តើមរាំងរដូវ ចំពោះបុរសច្រើនតែជាសញ្ញា បញ្ជាក់អំពីការថយចុះ នៃកម្រិតអ័រម៉ូន Testosterone និងបណ្តាលឲ្យបាត់បង់ ចំណង់ផ្លូវភេទដែរ។

អាហារដែលគួរទទួលទាន
– គ្រាប់ល្ពៅ គ្រាប់ផ្កាឈូករ័ត្ន និងងាវសមុទ្រ (Oyster) សម្បូរជាតិស័ង្កសី ដែលជាភ្នាក់ងារដ៏សំខាន់ សម្រាប់សុខភាពផ្លូវភេទ។
– ខ្ទឹមបារាំង និងខ្ទឹមសជួយសម្រួលដល់របត់ឈាមរត់ និងបញ្ចុះកូឡេស្ទើរ៉ុល LDL ដែលខ្លាញ់អាក្រក់បាន។
– ចូរញ៉ាំផ្លែឈើ និងបន្លែស្រស់ៗឲ្យបានច្រើន ហើយប្តូរមកប្រើសាច់ត្រី និងសាច់មាន់ចំនួសសាច់ជ្រូក ឬសាច់គោវិញ។

អាហារដែលគួរចៀសវាង
– ចូរខិតខំសម្រកទម្ងន់ប្រសិនបើអ្នកជាមនុស្សធាត់។ ពេលនោះអ្នកនឹងមានអារម្មណ៍ថា ខ្លួនឯងមាន ភាពសិចស៊ីជាងមុន ស្អាតជាងមុន និងមានថាមពលជាងមុនដែរ។
– ចៀសវាងអាហារកែច្នៃមាន ជាតិកាបូអ៊ីដ្រាត ស្ករ អំបិលមានជាតិសូដ្យូមខ្ពស់ និងប្រភេទខ្លាញ់ Saturated ដែលមានក្នុងសាច់ក្រហម អាហារធ្វើពីទឹកដោះគោ សាច់ក្រក និងសូកូឡា។
– លុបបំបាត់ឲ្យអស់នូវពពួកជាតិកាហ្វេអ៊ីន និងញ៉ាំតែទឹកតែគ្មានជាតិកាហ្វេអ៊ីន មានជាតិស្ករទាប ឬទឹកផ្លែឈើ។
– កាត់បន្ថយការទទួលទានស្រា។

មតិដ៏មានប្រយោជន៍
– ចូរ ហាត់ប្រាណឲ្យទៀងទាត់ និងសើចឲ្យបានច្រើន ព្រោះជាការជួយបញ្ចេញសារធាតុ Endorphins ពីធម្មជាតិសម្រាប់បន្ថយស្ត្រេស និងជួយឲ្យមានអារម្មណ៍វិជ្ជមានបានច្រើន។ ចូរសិក្សាអំពីការដកដង្ហើមឲ្យបានជ្រៅៗ។
– ប្រសិនបើមានបញ្ហា អ្នកត្រូវតែលើកជាមកពិភាក្សាដោយបើកចំហរជាមួយដៃគូរ។
– ឈប់ជក់បារី ព្រោះផ្សែងបារីទៅបន្ថយសមត្ថភាព ក្នុងការរក្សាការឡើងរឹងរបស់លិង្គបាន តាមរយៈបន្ថយលំហូរឈាមទៅក្នុងលិង្គ។
– អ្នកដែលប្រើកញ្ឆា ឬថ្នាំ Steroid ច្រើនប្រហែលជាធ្វើឲ្យថយមុខងារផ្លូវភេទបាន។
– ការដែលបារម្ភថាខ្លួនឯងកង្វះចំណង់ផ្លូវភេទ នោះច្រើនតែធ្វើឲ្យស្ថានភាពកាន់តែធ្ងន់ធ្ងរទៅៗ។ ការសិក្សាបានបង្ហាញឲ្យឃើញថា ការកង្វះវីតាមីន C, E, A, B និងជាតិស័ង្កសី និងសេឡេញ៉ូមច្រើន តែបណ្តាលឲ្យកង្វះបរិមាណមេជីវិតឈ្មោល និងចំណង់ផ្លូវភេទ។ ចំពោះអ្នកប្រើថ្នាំប្រឆាំង នឹងការបាក់ទឹកចិត្ត ឬងងុយដេកជាទៀងទាត់ ប្រហែលជាបណ្តាលឲ្យកង្វះជីវជាតិទាំងនេះ។
– ប្រសិនបើបញ្ហាចេះតែកើតមានបន្តទៀត ឬអ្នកបារម្ភអំពីភាពមិនអាចមានកូនបាន និងការងាប់លិង្គ ចូរទៅពិគ្រោះជាមួយគ្រូពេទ្យជំនាញ ខាងអាហាររូបត្ថម្ភ។
– ការចាក់ម្ជុលវិទ្យាសាស្ត្រអាចជួយបំបាត់ការកង្វះចំណង់ផ្លូវភេទ បានតាមរយៈបង្កើនលំហូរឈាម ទៅប្រដាប់ភេទ។
– ចូរ ពិភាក្សាគ្នាដើម្បីធ្វើយ៉ាងណាឲ្យអ្នក និងដៃគូរអាចមានអារម្មណ៍ភេទចំពោះគ្នាបាន។ ដើម្បីអាចមានអារម្មណ៍ ចូរព្យាយាមមើលវីដេអូសិចស៊ី ព្រោះវាឃើញមានប្រយោជន៍ ចំពោះមនុស្សជាច្រើន ដែលមានបញ្ហាចំពោះចំណង់ នៃផ្លូវភេទធ្លាក់ចុះ៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង