(វ៉ាស៊ីនតោន)៖ ក្រុមហ៊ុនផលិតរថយន្ត Ford Motor បានប្រកាសថានឹងលុបចោលគំរោងនៃការសាងសង់រោងចក្រមួយកន្លែងដែលមានតម្លៃ ១.៦ពាន់លានដុល្លារនៅក្នុងប្រទេសម៉ិចស៊ីកូហើយងាកមកធ្វើការបណ្តាក់ទុនវិនិយោគចំនួន ៧០០លានដុល្លារទៅលើរោងចក្រមួយកន្លែងទៀតនៅក្នុងរដ្ឋ Michigan នៃសហរដ្ឋអាមេរិកវិញក្រោយពេលដែលប្រធានាធិបតីអាមេរិកជាប់ឆ្នោតលោក ដូណាល់ ត្រាំ បានរិះគន់យ៉ាងចាស់ដៃចំពោះផែនការវិនិយោគនៅម៉ិចស៊ីកូ។ នេះបើតាមការដកស្រង់ចេញពីទីភ្នាក់ងារព័ត៌មាន Reuters នៅមុននេះបន្តិចនាព្រឹកថ្ងៃពុធ ទី០៤ ខែមករា ឆ្នាំ២០១៧។

ប្រភពព័ត៌មានដដែលបានឲ្យដឹងទៀតថាក្រុមហ៊ុនផលិតរថយន្តដ៏ធំលំដាប់ថ្នាក់លេខពីររបស់សហរដ្ឋអាមេរិកមួយនេះនឹងធ្វើការផលិតយានជំនិះដែលអាចបើកបរដោយស្វ័យប្រវត្តិ ហើយដើរដោយថាមពលអគ្គិសនី នៅឯរោងចក្រដែលស្ថិតក្នុងទីក្រុង Flat Rock រដ្ឋ Michigan ខណៈក្រុមហ៊ុននឹងបង្កើតការងារចំនួន ៧០០កន្លែងបន្ថែមទៀតផងដែរ។

ដោយឡែកនាយកប្រតិបត្តិក្រុមហ៊ុន Ford លោក Mark Fields បានគូសបញ្ជាក់ថាការសម្រេចចិត្តលុបចោលគំរោងសាងសង់រោងចក្រថ្មីនៅម៉ិចស៊ីកូនេះ គឺបណ្តាលមកពីការធ្លាក់ចុះយ៉ាងខ្លាំងនៃតម្រូវការរថយន្តខ្នាតតូចនៅទ្វីបអាមេរិកខាងជើង ហើយវាមិនមែនមកពីលោក ដូណាល់ ត្រាំ ត្រូវបានប្រជាជនអាមេរិកបោះឆ្នោតជ្រើសរើសធ្វើជាប្រធានាធិបតីនោះឡើយ ដោយលោក Fields បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានថាការសម្រេចចិត្តរបស់ក្រុមហ៊ុន Ford នឹងមិនផ្លាស់ប្តូរឡើយទោះបីជាលោក ត្រាំ ពុំបានជាប់ឆ្នោតក៏ដោយ។
លោក Mark Fields បាននិយាយដូច្នេះថា «វាពុំមែនជាការលះបង់ដើម្បីទទួលបានផលប្រយោជន៍អ្វីផ្សេងជាការតបស្នងនោះទេ ព្រោះថាក្រុមហ៊ុនយើងមិនមានកិច្ចចរចាណាមួយជាមួយលោក ដូណាល់ ត្រាំ ជុំវិញការសម្រេចចិត្តលុបចោលគំរោងនៃរោងចក្រថ្មីនេះឡើយ»។

គួរបញ្ជាក់ដែរថា ក្នុងអំឡុងពេលយុទ្ធនាការឃោសនាបោះឆ្នោត លោក ដូណាល់ ត្រាំ តែងតែបាននិយាយហើយនិយាយទៀតថា បើសិនជាលោកឈ្នះឆ្នោតលោកនឹងមិនអនុញ្ញាតឲ្យក្រុមហ៊ុន Ford បើករោងចក្រថ្មីនៅក្នុងប្រទេសម៉ិចស៊ីកូជាដាច់ខាត ដែលទង្វើនេះត្រូវបានលោក ត្រាំ ហៅថាជាការអាម៉ាសដ៏ធំមួយសម្រាប់សហរដ្ឋអាមេរិក ហើយបានអះអាងថានឹងបង្កើនពន្ធនាំចូលយ៉ាងច្រើនសន្ធឹកសន្ធាប់ទៅលើរថយន្ត Ford ដែលនាំចូលក្នុងប្រទេស។

ម៉្យាងវិញទៀតលោក ដូណាល់ ត្រាំ ដែលបានប្តេជ្ញាយ៉ាងមុតមាំថានឹងនាំយកការងាររបស់ប្រជាជនអាមេរិកដែលបានហូរចេញទៅក្រៅប្រទេសហើយថែមទាំងថានឹងចាត់វិធានការតឹងរ៉ឹង ចំពោះជនអន្តោប្រវេសន៍ខុសច្បាប់មកពីម៉ិចស៊ីកូនោះ នឹងស្បថចូលកាន់តំណែងជាប្រធានាធិបតីទី ៤៥ នៃសហរដ្ឋអាមេរិកនៅថ្ងៃទី២០ ខែមករា ខាងមុខនេះហើយ៕

ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី