(ភ្នំពេញ)៖ បុរសជាសន្តិសុខ នៅក្រុមហ៊ុន CISS ម្នាក់ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌ ខណ្ឌពោធិសែនជ័យ តាមចាប់ខ្លួនបាន នៅព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៦នេះ ក្រោយពីជនសង្ស័យខាងលើ បានទៅចាប់រំលោភក្មេងស្រីម្នាក់ ដោយធ្វើទារុណកម្មផ្លូវភេទ ចាប់ចងដៃ ចងជើង ហើយប្រើឡាមវះកាត់ខោខាងក្នុង តែមិនបានសម្រេច ក្រោយពីក្មេងស្រីរងគ្រោះស្រែកឲ្យគេជួយទាន់។

អធិការនគរបាលខណ្ឌពោធិសែនជ័យ លោក យឹម សារ៉ាន់ បានបញ្ជាក់ថា ហេតុការណ៍នេះ បានកើតឡើងតាំងពីយប់ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៦មកម្ល៉េះ ប៉ុន្តែទើបនឹងចាប់ខ្លួនបាននៅពេលនេះ។

លោកបានបញ្ជាក់ថា ជនសង្ស័យមានឈ្មោះ នី សត្យា អាយុ២៣ឆ្នាំ ស្នាក់នៅផ្ទះជួលភូមិត្រពាំងពោធិសង្កាត់ចោមចៅមុខរបរជា សន្តិសុខក្រុមហ៊ុន CISS ដោយឡែកក្មេងស្រីរងគ្រោះមានឈ្មោះ ស ណ អាយុ១៧ឆ្នាំ រស់នៅភូមិកាប់ជ្រូក សង្កាត់សំរោងក្រោម ទីដែលជនសង្ស័យធ្វើសកម្មភាព។

បើតាមលោកអធិការ កាលពីថ្ងៃ១៦ ឈានចូលថ្ងៃ១៧ខែធ្នូ ឆ្នាំ២០១៦ ជនសង្ស័យបានធ្វើសកម្មភាពចូលលួចសម្ភារ នៅក្នុងផ្ទះជនរងគ្រោះ ប៉ុន្តែពេលចូលធ្វើសកម្មភាពនោះ ស្រាប់តែឃើញក្មេងស្រីរងគ្រោះស្អាត ក៏ទៅចាប់ចងដៃ ចងជើង ហើយយកឡាមវះខោក្នុង ប៉ងចាប់រំលោភ។ ភ្លាមៗនោះក្មេងស្រីរងគ្រោះ បានស្រែកឆោឡោបង្កឲ្យមានការភ្ញាក់ផ្អើលដល់ឪពុកម្តាយ របស់ពួកគេ ទើបជនសង្ស័យរត់គេចខ្លួនតែម្តង។

ក្រោយមានករណីនេះកើតឡើង ខាងភាគីរងគ្រោះបានទូរស័ព្ទទៅលោកផ្ទាល់ ហើយលោកក៏បានបញ្ជាឲ្យកម្លាំងនគរបាលជំនាញចុះស្រាវជ្រាវរហូតចាប់ខ្លួនបានតែម្តង។ក្រោយការចាប់ខ្លួន កម្លាំងនគរបាលបានដកហូតសម្ភារ និងកាតសម្គាល់ខ្លួនជាសន្តិសុខ នៅក្រុមហ៊ុន CISS។

បច្ចុប្បន្ន ជនសង្ស័យរូបនេះ ស្ថិតក្រោមការសួរនាំបន្ត និងកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី៕

ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី