(ភ្នំពេញ)៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានបង្ហាញប្រតិកម្មនៅលើបណ្តាញសង្គម Facebook ដោយខឹងសម្បារនឹងប្រធានមន្ទីរព័ត៌មានខេត្តព្រៃវែងម្នាក់ ដែលមិនបានរាយការណ៍ជូនលោក អំពីទំនាស់ដីធ្លីរវាងពលរដ្ឋខ្មែរ និងសហគមន៍វៀតណាម រហូតដល់អ្នកស្លាប់ដោយទំនាស់នេះ។

នៅលើបណ្តាញសង្គម Facebook លោករដ្ឋមន្រ្តី បានសរសេរថា «មិនដឹងប្រធានមន្ទីរព័ត៌មានខេត្តព្រៃវែងដេកនៅឯណា បានជាមិនឃើញរាយការណ៍ពីរឿងទំនាស់ប្រជាជនខ្មែរ និងសហគមន៍វៀតណាម រហូតដល់មានស្លាប់។ បើអ្នកណាដឹងថាគាត់គេងនៅឯណា ជួយដាស់គាត់អោយទៅធ្វើការងារផង»។

សូមបញ្ជាក់ថា កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៦កន្លងទៅ មានហេតុការណ៍ប៉ះទង្គិចគ្នាមួយ ដោយជនជាតិវៀតណាម នៅក្នុង សហគមន៍របស់ពួកគេទៅវាយប្រហារ លើពលរដ្ឋកម្ពុជា មួយគ្រួសារដែលរស់នៅភូមិក្បែរគ្នា នៅចំណុច ភូមិ-ឃុំ អ្នកលឿង ស្រុក ពាមរក៍ ខេត្ត ព្រៃវែង បណ្ដាលឲ្យបុរសជាប្ដី បានស្លាប់ និង ស្រ្តីជាប្រពន្ធដែលមានផ្ទៃពោះ៩ខែរងរបួសធ្ងន់ ។

ទំនាស់នេះត្រូវបានសមត្ថកិច្ចរាយការណ៍ថា កើតឡើងដោយសារតែដោយសារ តែជនជាតិវៀតណាមទាំងនោះខឹងនឹងបុរសរងគ្រោះ ដែលពួកគេសម្លុតទារបារីជក់តែមិនព្រមឲ្យ។ ទោះជាយ៉ាង បុរសជនជាតិវៀតណាម ៣នាក់ ក្នុងចំណោមជាង២០នាក់ ត្រូវបានកម្លាំងនគរបាលឃាត់ខ្លួនភ្លាមៗផងដែរ៕

ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី