(ភ្នំពេញ)៖ ដោយសង្កេតឃើញថា បច្ចុប្បន្ននេះមានតារាចម្រៀង និងផលិតករខ្មែរមួយចំនួន បានជ្រើសយកបទចម្រៀងពីជំនាន់ដើម (មរតកដើម) មកប្តូរឬកាឡៃទំនុកច្រៀង និងសាច់ភ្លេងផ្សេងៗគ្នានោះ ប្រធានសមាគមសិល្បករកម្ពុជា លោក សុះ ម៉ាច បានចេញមុខប្រកាស ដោយស្នើឲ្យបញ្ឈប់នូវរាល់សកម្មភាពទាំងនេះ ជាបន្ទាន់ ខណៈកន្លងមក ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក៏ធ្លាប់ចេញសេចក្តីប្រកាស ព្រមានលើករណីនេះផងដែរ។

លោក សុះ ម៉ាច ជាប្រធានសមាគមសិល្បករកម្ពុជា បានលើកឡើងថា «ឈប់បានគួរតែបញ្ឈប់ទៅ។ នេះជាពាក្យដែលខ្ញុំបាទសូមសំណូមពរ ទៅដល់ក្រសួង ផលិតករ សិល្បករសិល្បការិនីល្បីៗ ចាស់ថ្មីមួយចំនួន ដែលកន្លងមក ក៏ដូចជាសព្វថ្ងៃ បាននិងកំពុងតែយកបទចម្រៀងមរតកដើម របស់វីរៈសិល្បករ-វិរៈសិល្បការិនី ជំនាន់មុន មកកាឡៃប្តូរទំនុកច្រៀង ពីប្រុសទៅស្រី ពីស្រីមកប្រុស យ៉ាងអាណាធិបតេយ្យ!»។

លោក សុះ ម៉ាច បានបញ្ជាក់ថា «គួរតែបញ្ឈប់ហើយងាកមកនាំគ្នា រួបរួមជួយអភិរក្ស និងផលិតនូវបទភ្លេង ទំនុកច្រៀងថ្មីឲ្យបានច្រើនវិញ នោះវាប្រសើរជាជាង។ ម៉្យាងវិញទៀត វាជួយជំរុញឲ្យវិស័យសិល្បៈចម្រៀងរបស់យើង មានការអភិវឌ្ឍន៍ និងមានភាពរីកចម្រើនតទៅថ្ងៃមុខ។ ខ្ញុំនៅចាំបានថា កាលពីដើមឆ្នាំ២០១៦ ក្រសួងវប្បធម៌បានចេញសេចក្តី ប្រកាសរាល់បទចម្រៀងមរតកដើម ត្រូវអភិរក្សថែរក្សា ដោយហាមយកទៅចម្លង និងកាឡៃធ្វើអាជីវកម្ម។ ប៉ុន្តែរហូតមកដល់ពេលនេះ ហាក់ពុំមានការយកចិត្តទុកដាក់ គោរពនិងអនុវត្តន៍ តាមការណែនាំរបស់ក្រសួង ពីសំណាក់ផលិតកម្ម កវី និងតារាចម្រៀងល្បីៗមួយចំនួនសោះឡើយ ហើយបែរជាបន្តបន្ថែមយកបទមរតកដើម ទាំងនោះមកកាឡៃប្តូរទំនុក ព្រោងព្រាតទៀតផង!»។

ប្រធានសមាគមសិល្បករកម្ពុជា លោក សុះ ម៉ាច បាននិយាយទៀតថា «បើទោះបីជាបទចម្រៀងទាំងនោះ រួមទាំងបទចម្រៀងទាំង១៣០បទ របស់លោក ស៊ីន ស៊ីសាមុត និង១បទរបស់អ្នកស្រី រស់ សេរីសុទ្ធា កំពុងតែស្ថិតនៅក្រោម ការគ្រប់គ្រងអភិរក្សកម្មសិទ្ធិបញ្ញា របស់ក្រសួងវប្បធម៌ រយៈពេល១៤ ឬ ១៥ឆ្នាំទៀត មុននឹងក្លាយជាសម្បត្តិសាធារណៈក៏ដោយ ខ្ញុំជឿជាក់ថា អ្វីៗទាំងអស់ វាផ្តើមចេញពីឆន្ទៈ និងមនសិការរបស់យើងទាំងអស់គ្នា ដែលត្រូវរួមចំណែកគិតគូ ដល់ស្នាដៃរបស់ម្ចាស់ដើម!»។

ជាមួយគ្នានេះ លោក សុះ ម៉ាច បានបន្ថែមថា «ខ្ញុំក៏សូមគោរពសរសើរ ដោយស្មោះអស់ពីដួងចិត្តដល់ផលិតករ កវី តារាចម្រៀងប្រុសស្រីល្បីៗ មួយចំនួន ដែលយកចំណេះដឹង គំនិតប្រាជ្ញានិងពេលវេលា ខំបង្កើតនូវបទចម្រៀងថ្មី រហូតដល់ទទួលបាននូវការគាំទ្រ និងល្បាញល្បីទៀតផង។ ជាចុងក្រោយខ្ញុំបាទ សង្ឃឹមនិងជឿជាក់យ៉ាងមុតមាំថា លោកអ្នកក៏ដូចជាមិត្តសិល្បៈទាំងអស់គ្នា នឹងមានឆន្ទៈ មនសិការ រួមចំណែកអភិរក្ស លើកស្ទួយវិស័យសិល្បៈចម្រៀងឲ្យគង់វង្ស ស្ថិតស្ថេរ និងរីកចម្រើនមិនខាន!»។

សូមបញ្ជាក់ថា បច្ចុប្បន្ននេះ មានផលិតកម្មធំៗ របស់ខ្មែរជាច្រើន បាននឹងកំពុងសប្បាយរីករាយ នៅក្នុងការយកបទភ្លេង ឬទំនុកច្រៀង ពីសម័យដើម ដើម្បីយកមកច្រៀងជាថ្មី ដោយបាននិពន្ធអត្ថន័យ នៃបទចម្រៀងផ្សេងពីអត្ថន័យដើម រួចហើយឲ្យតារាចម្រៀងថ្មី ល្បីក្នុងផលិតកម្មរបស់ខ្លួនច្រៀងឡើងវិញ។ ចំណុចនេះត្រូវបានមហាជនមើលឃើញ ថា មិនយូរមិនឆាប់អ្នកចម្រៀងជំនាន់ដើម ដែលបានបន្សល់ទុកបទភ្លេងជាយូរលង់មកហើយនោះ នឹងត្រូវបានបង់បន្តិចម្ដងៗ តាមសម័យកាល តាមរយៈតារាចម្រៀងថ្មីៗ ដែលយកបទរបស់តារាចម្រៀងដើមនោះ មកច្រៀង ហើយពេលនោះ កូនខ្មែរជំនាន់ក្រោយ នឹងលែងស្គាល់ម្ចាស់បទដើម ជាបន្តបន្ទាប់ ក៏ថាបាន៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង