(ឡាវ)៖ នាពេលថ្មីៗនេះ លោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានដឹកនាំគណៈប្រតិភូអញ្ជើញ ទៅចូលរួមក្នុងកិច្ចប្រជុំទ្វេភាគីជាមួយ ធនាគារកណ្តាលឡាវ នៅខេត្តហ្លួងប្រាបាង ប្រទេសឡាវ ក្រោមការទទួលស្វាគមន៍យ៉ាងកក់ក្តៅពី លោក Somphao Phaysith ទេសាភិបាល នៃធនាគារកណ្តាលឡាវ។

ទន្ទឹមនឹងដំណើរទស្សនកិច្ច របស់លោកទេសាភិបាល គណៈប្រតិភូនៃធនាគារកណ្តាលទាំងពីរ បានពិភាក្សាផ្លាស់ប្តូរយោបល់ទៅលើ ស្ថានភាពម៉ាក្រូសេដ្ឋកិច្ច និងវិស័យធនាគារក្នុងឆ្នាំ២០១៦នេះ ដែលបង្ហាញពីភាពល្អប្រសើរ នៃសេដ្ឋកិច្ចប្រទេសទាំងពីរ និងភាពរឹងមាំ នៃវិស័យធនាគារ ។

លោក Somphao Phaysith ទេសាភិបាលនៃធនាគារកណ្តាលឡាវ និងថ្នាក់ដឹកនាំបានទទួលបដិសណ្ឋារកិច្ច គណៈប្រតិភូធនាគារជាតិនៃកម្ពុជា ប្រកបដោយភាពកក់ក្តៅ ក្រោមស្មារតីមិត្តភាពភាតរភាព និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ។

ជាលទ្ធផលកិច្ចប្រជុំនេះ បានរួមចំណែកពង្រឹង និងកំណត់ទិសដៅកិច្ចសហប្រតិបត្តិការ កាន់តែល្អរវាងធនាគារកណ្តាលទាំងពីរ ដើម្បីបន្តផ្លាស់ប្តូរព័ត៌មាន និងបទពិសោធន៍ ក្នុងការអនុវត្តការងារប្រកបដោយប្រសិទ្ធភាព សម្រាប់ជាប្រយោជន៍ដល់ធនាគារកណ្តាល និងប្រទេសទាំងពីរ។

គួបផ្សំនឹងកម្រិតប្រហាក់ប្រហែលគ្នា នៃការអភិវឌ្ឍនៃប្រទេសកម្ពុជា និងសាធារណរដ្ឋប្រជាមានិតឡាវ ធនាគារកណ្តាលទាំងពីរ បានប្តេជ្ញាបន្តវប្បធម៌ នៃការចែករំលែកនេះ ដើម្បីចូលរួមពង្រឹងសមត្ថភាពជំនាញ និងអភិវឌ្ឍធនធានមនុស្ស សំដៅធានានូវការអភិវឌ្ឍសេដ្ឋកិច្ច និងវិស័យហិរញ្ញវត្ថុប្រកបដោយចីរភាព និងបរិយាប័ន្ន ព្រមទាំងបន្តលើកកម្ពស់ កិច្ចសហប្រតិបត្តិការរបស់ធនាគារកណ្តាលទាំងពីរ ឱ្យកាន់តែជិតស្និតនិងស៊ីជម្រៅ ជាពិសេសតាមរយៈសហគមន៍ សេដ្ឋកិច្ចអាស៊ាន ក្របខណ្ឌសមាហរណកម្ម វិស័យធនាគារអាស៊ាន (ABIF) គំនិតផ្តួចផ្តើម CLMV និងគំនិតផ្តួចផ្តើមដទៃទៀត ។

គួរបញ្ជាក់ថាក្នុងឆ្នាំ២០១៦នេះ ធនាគារជាតិនៃកម្ពុជា បានទទួលស្វាគមន៍មន្រ្តីធនាគារកណ្តាលឡាវ ក្នុងការធ្វើទស្សនកិច្ចផ្លាស់ប្តូរបទពិសោធន៍ លើប្រធានបទចំនួនបីរួមមាន ១-នីតិវិធីក្នុងការស្នើសុំអាជ្ញាប័ណ្ណ របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ, ២-ការអភិវឌ្ឍនិងការគ្រប់គ្រងធនធានមនុស្ស ៣-ការគ្រប់គ្រងនិងការត្រួតពិនិត្យការបោះពុម្ពក្រដាសប្រាក់ និងក្នុងខែធ្នូនេះនឹងមានមន្រ្តីពីធនាគារកណ្តាលឡាវ មកទស្សនកិច្ចនៅធនាគារជាតិនៃកម្ពុជា ដើម្បីស្វែងយល់ពីការរៀបចំទទួល ការវាយតម្លៃហានិភ័យថ្នាក់ជាតិ លើការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេវរកម្ម ។

ទន្ទឹមនេះ មន្រ្តីធនាគារជាតិនៃកម្ពុជា ក៏បានទៅធ្វើទស្សនកិច្ចនៅធនាគារកណ្តាលឡាវ និងបានចែករំលែកនូវបទពិសោធន៍មួយចំនួន លើប្រធានបទចំនួនប្រាំដូចជា៖ ១-ការត្រួតពិនិត្យលើធនាគារខ្សោយ ២-ការរៀបចំគោលនយោបាយ លើកទឹកចិត្តនិងការគ្រប់គ្រងធនធានមនុស្ស ៣-កិច្ចបញ្ជីការគណនេយ្យ និងហិរញ្ញវត្ថុរបស់ធនាគារកណ្តាល ៤-ការផ្តល់សេវាធនាគារណ្តាល និង៥-គោលនយោបាយបដិដុល្លារូបនីយកម្ម៕

ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី