ក្រុមហ៊ុនលក់គ្រឿងទេសអនឡាញចិន Dada-JD Daojia បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួនបានលើកសំណើប្រាក់វិនិយោគបន្ថែមប្រមាណ ៥០០ លានដុល្លារពីក្រុមហ៊ុនលក់រាយ Walmart និង JD.com នៅក្នុងការប្រកាសផលចំណេញនៃការផ្ដល់ហិរញ្ញប្បទានវិនិយោគលើកចុងក្រោយរបស់ខ្លួន។

ក្រុមហ៊ុន Dada-JD ត្រូវបានស្ថាបនាចេញពីក្រុមហ៊ុនទុនរួម JD Daojia ដែលជាអាជីវកម្មលក់អនឡាញលើគេហទំព័រ JD.com និងក្រុមហ៊ុន Dada Nexus ដែលជាវេទិកាអាជីកម្មធ្វើការពីចម្ងាយ(Crowd-sourcing) ដ៏ធំមួយ នៅក្នុងប្រទេសចិន ដែលប្រតិបត្ដិការ នៅក្នុងទីក្រុងធំៗ ជាង ៤០០។

ក្រុមហ៊ុន JD Daojia ដឹកទំនិញពីផ្សារទំនើបក្នុងមូលដ្ឋាន និងទំនិញពីដៃគូផ្សេងទៀត តាមរយៈកម្មវិធីស្មាតហ្វូនកំណត់ទីតាំងមួយ ព្រមទាំងមានអ្នកប្រើប្រាស់សកម្មប្រហែល ២០ លាននាក់ជាប្រចាំខែ។

លោក Wern-Yuen Tan ប្រធាន និងជានាប្រតិបត្ដិនៃក្រុមហ៊ុន Walmart China បាននិយាយ នៅក្នុងសេចក្ដីថ្លែងការមួយថា៖ “តាមរយៈប្រតិបត្ដិការរួមជាមួយដៃគូអាជីវកម្មសក្ដានុពល និងវិនិយោគតាមមធ្យោបាយបច្ចេកវិទ្យាទំនើប យើងនឹងផ្ដល់ជូនបទពិសោធន៍ទិញទំនិញកាន់តែប្រសើរ និងងាយស្រួលជាងមុនដល់អតិថិជន”។

ក្រុមហ៊ុន Walmart បានសហការដៃគូអាជីវកម្មដំបូងជាមួយក្រុមហ៊ុន Dada-JD Daojia ក្នុងឆ្នាំ ២០១៦ នេះបើយោងតាមការឱ្យដឹងរបស់ក្រុមហ៊ុនចិនមួយនេះ។

កាលពីដើមឆ្នាំនេះ ក្រុមហ៊ុនលក់រាយអាមេរិក បានបើកផ្សារទំនើបភ្ជាប់បច្ចេកវិទ្យាទំនើបដំបូងមួយរបស់ខ្លួន នៅក្នុងប្រទេសចិន ជាប្រទេសដែលអតិថិជនភាគច្រើនប្រើស្មាតហ្វូនដើម្បីបង់ថ្លៃទំនិញ ដែលមានលក់ជាក់ស្ដែងនៅផ្សារទំនើប Walmart លើគេហទំព័ររបស់ក្រុមហ៊ុន JD Daojia។

គេហទំព័រ JD.com ដែលប្រកួតប្រជែងអាជីវកម្មដ៏ស្វិតស្វាញ ជាមួយក្រុមហ៊ុនលក់ទំនិញអនឡានដ៏ធំបំផុតគឺ Alibaba ក៏មានការគាំទ្រផ្នែកហិរញ្ញវត្ថុពីក្រុមហ៊ុនសកលលោក ដែលល្បីឈ្មោះបោះសម្លេងខាងបច្ចេកវិទ្យាដូចជា ក្រុមហ៊ុន Google និងក្រុមហ៊ុន Tencent ផងដែរ។

កាលពីខែមិថុនា ក្រុមហ៊ុន Google បាននិយាយថា ខ្លួននឹងវិនិយោគសាច់ប្រាក់ ៥៥០ លានដុល្លារចូលទៅក្នុងគេហទំព័រ JD.com ដែលជាផ្នែកមួយនៃការវិនិយោគបែបយុទ្ធសាស្រ្ដ។

គេហទំព័រ JD.com និយាយថា ខ្លួនគ្រោងនឹងសម្រាំងផលិតផល ដែលអាចលក់ដាច់ នៅកន្លែមួយចំនួនដូចជាសហរដ្ឋអាមេរិក និងអឺរ៉ុបតាមរយៈ Google Shopping ជាសេវាមួយ ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ អាចស្វែងរកផលិតផលនៅលើគេហទំព័រពាណិជ្ជកម្មអនឡាញនានា និងប្រៀបធៀបតម្លៃទំនិញរវាងអ្នកលក់ផ្សេងគ្នា។ ការសហការដៃគូគ្នានេះ នឹងបើកឆាណែលឱ្យគេហទំព័រ JD.com ដើម្បីលក់ផលិតផលជូនអ្នកប្រើប្រាស់ក្រៅប្រទេសចិន ជាពិសេសនៅចំពេល ដែលភាពតានតឹងផ្នែកពាណិជ្ជកម្មរវាងក្រុងប៉េកាំង និងក្រុងវ៉ាស៊ីនតោន កំពុងកើនឡើងខ្ពស់ ៕

ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ ស៊ីអិនប៊ីស៊ី