(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានថ្លែងថា រហូតមកដល់ពេលនេះ មិនទាន់មានបក្សនយោបាយក្រៅរដ្ឋាភិបាលណាមួយ ចេញធ្វើសកម្មភាពជួយដោះស្រាយបញ្ហាខ្វះខាតទឹក ជូនប្រជាពលរដ្ឋនោះឡើយ ក្រៅតែពីគណបក្សប្រជាជនកម្ពុជា។

ថ្លែងចេញពីស្រុកកងមាស ខេត្តកំពង់ចាម ក្នុងឱកាសអញ្ជើញជាអធិបតីកាត់ឬសសីម៉ាព្រះវិហារ ក្នុងវត្តកែវមុនី (ហៅវត្តអង្គរបាន) នៅឃុំអង្គរបាន ស្រុកកងមាស ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៦នេះ សម្តេចតេជោ បានថ្លែងថា សម្តេចលែងហ៊ានអំពាវនាវដល់បក្សនយោបាយដទៃទៀត ឲ្យចុះជួយប្រជាពលរដ្ឋជួបគ្រោះខ្វះខាតទឹក ប្រើប្រាស់ទៀតហើយ ព្រោះមកដល់ពេលនេះ មិនទាន់ឃើញមានបក្សនយោបាយណាមួយ ចូលរួមធ្វើសកម្មភាពចែកទឹកជូនប្រជាពលរដ្ឋនោះទេ សូម្បីការផ្តល់កម្លាំងចិត្តក៏គ្មានដែរ។

ទន្ទឹមនិងនេះសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានអំពាវនាវដល់សមាជិក សមាជិកបក្សប្រជាជនកម្ពុជាទាំងអស់ បន្តការងារជួយសង្គ្រោះប្រជាពលរដ្ឋពីគ្រោះខ្វះទឹកប្រើប្រាស់ រហូតដល់មានទឹកគ្រប់គ្រាន់។

សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកគ្រោះរាំងស្ងួតឆ្នាំនេះ គឺគ្រោះដ៏ធំមួយរបស់កម្ពុជា ដែលមិនធ្លាប់មានចាប់តាំងពីឆ្នាំ១៩៧៩មក។ កាលពីថ្ងៃទី២៦ ខែមេសា ក្នុងឱកាសអញ្ជើញជាអធិបតីសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវជាតិលេខ៥៦ ពីខេត្តបន្ទាយមានជ័យ ទៅឧត្តរមានជ័យ ក្រៅពីការអំពាវនាវឲ្យអាជ្ញាធរចាប់ពីថ្នាក់ជាតិ ដល់ក្រោមជាតិ កងកម្លាំងប្រដាប់អាវុធ រួមជាមួយកាកបាទក្រហម ក្រុមហ៊ុនឯកជន ឲ្យធ្វើយុទ្ធនាការព្រមគ្នាចុះចែកទឹកជូនប្រជាពលរដ្ឋហើយនោះ សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវដល់គណបក្សនយោបាយទាំងអស់ ឲ្យចេញធ្វើសកម្មភាពជួយដោះស្រាយបញ្ហាទឹក ជូនប្រជាពលរដ្ឋផងដែរ។

ឆ្លើយតបការអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន ត្រូវបានមន្រ្តីគណបក្សសង្រ្គោះជាតិ ថ្លែងប្រាប់ព័ត៌មានក្នុងស្រុកថា ការដោះស្រាយបញ្ហាទឹកនេះ គឺជាតួនាទី និងភារកិច្ចរបស់រាជរដ្ឋាភិបាល មិនមែនតួនាទីរបស់គណបក្សប្រឆាំងនោះទេ។ មន្រ្តីបក្សប្រឆាំងរូបនោះបន្តថា គណបក្សប្រឆាំងមានសិទ្ធិឃ្លំាមើលការអនុវត្តច្បាប់របស់រាជរដ្ឋាភិបាល និងទទួលពាក្យស្នើសុំអន្តរាគមន៍ ពីប្រជាពលរដ្ឋតែប៉ុណ្ណោះ។

ការឡើងរបស់មន្រ្តីគណបក្សប្រឆាំងត្រូវបានសម្តេចតេជោ ហ៊ុន សែន លើកឡើងថា ជាភាពកម្សោយមួយរបស់បក្សប្រឆាំង ដែលមិនចេះចាប់យកឱកាសក្នុងការបម្រើ ប្រជាពលរដ្ឋពេលជួបបញ្ហា។

ថ្លែងក្នុងពិធីសំណេះសំណាលជាមួយកម្មករ និយោជិតកំពង់ផែស្វយ័តខេត្តព្រះសីហនុ នៅថ្ងៃទី០១ ខែឧសភា សម្តេចតេជោ បានថ្លែងដូច្នេះ«អ្នកធ្វើនយោបាយនៅភ្លើណាស់ ខ្ចីណាស់ មិនមែនជាដៃគូប្រកួតរបស់ ហ៊ុន សែន ទេ។ វាភ្លើពេក! អារឿងប៉ុណ្ណឹងនៅចាំអីទៀត ហើយអ្នកទទួលទឹកមិនមែនសមាជិក គណបក្សប្រជាជនទាំងអស់ឯណា ព្រោះនេះជាប្រជាពលរដ្ឋរបស់យើង»។

សូមបញ្ជាក់ថា ប្រជាពលរដ្ឋតាមទីជនបទរាប់ម៉ឺននាក់ នៅបណ្តាខេត្តរបស់កម្ពុជា បានខ្វះទឹកប្រើប្រាស់ធ្ងន់ធ្ងរ ដោយសារគ្រោះរាំងស្ងួត សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញកម្លាំង និងផែនការសរុប ដើម្បីដោះស្រាយបញ្ហាមិនធ្លាប់មាននេះ។ សម្តេចតេជោ ក៏បានដាក់កំហិតដល់អភិបាលខេត្ត មិនឲ្យឡើងមកប្រជុំនៅរាជធានីភ្នំពេញផងដែរ ដើម្បីរង់ចាំដោះស្រាយបញ្ហារបស់ប្រជាពលរដ្ឋ។

ឆ្លើយតបការអំពាវនាវ និងការដាក់ចេញយុទ្ធនាការរបស់នាយករដ្ឋមន្រ្តីកម្ពុជា គេបានឃើញអាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ កាកបាទក្រហម រហូតដល់ក្រុមហ៊ុនឯកជនមួយចំនួន បានធ្វើការយ៉ាងសស្រាក់សស្រាំដឹកទឹកចែកជូនប្រជាពលរដ្ឋ។ មកដល់ពេលនេះ តាមបណ្តាខេត្តមួយចំនួនមានសភាពធូរស្រាលឡើងវិញហើយ បន្ទាប់ពីមានភ្លៀងធ្លាក់ តែទោះជាយ៉ាងណា យុទ្ធនាការដោះស្រាយគ្រោះរាំងស្ងួត មិនទាន់ដាក់ចុះនៅឡើយទេ សម្តេចតេជោ បញ្ជាឲ្យបន្តយុទ្ធនាការស្តារអណ្តូង និង ជីកស្រះបន្តទៀត ដើម្បីទាញយកទឹកជូនប្រជាពលរដ្ឋ៕

ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី