ភ្នំពេញ៖ ពិធីដាក់បិណ្ឌនៅ ឆ្នាំ២០១៣នេះ បានចាប់ផ្តើមឡើងនៅ ថ្ងៃសុក្រ ទី២០ ខែកញ្ញា
ត្រូវនឹងថ្ងៃ១រោច ខែភទ្របទ ដែលជាថ្ងៃកំណត់ បិណ្ឌមួយ រហូតដល់ថ្ងៃទី៤ ខែតុលា ត្រូវនឹង
ថ្ងៃ១៥រោច ខែភទ្របទ ដាច់ខែមាន រយៈពេល១៥ថ្ងៃ ដែលប្រជាពលរដ្ឋខ្មែរ គ្រប់រូបតែងនាំ
គ្នាធ្វើម្ហូបអាហារ ទៅប្រគេនព្រះសង្ឃ នៅវត្តអារាម ក្នុងគោលបំណងដើម្បី ឧទ្ទិសកុសល
ផលបុណ្យ ជូនដល់ព្រលឹង ដូនតា ឪពុកម្តាយ និងញាតិការទាំងប្រាំពីរ សណ្តាន ដែលបាន
ចែកស្ថានទៅ ហើយបុណ្យនេះ ជាពិធីបុណ្យមួយដែលប្រជាពលរដ្ឋ ខែ្មរឲ្យតម្លៃ និងគោរព
ប្រណិប័តន៍ មិនដែលខកខានឡើយ ។

ព្រលឹងខ្មោច ដែលអត់ឃ្លាន គឺជាអាត្ម័នដែលមានស្ថិតនៅលើលោកយ៉ាងពិតប្រាកដនៅក្នុង
(កង់ជីវិត) ខ្មោចឃ្លាន រឺហៅថា (ប្រេត) ន័យជាភាសាសំស្ក្រិត គឺជាសត្វកើតក្នុង ឧបាយភូមិពួក
មួយ ដែលមានពោះទទេ និងមានមាត់ ស្រួចដូចម្ជុល កវែង មិនអាចលេបបាន ។ដូច្នេះធ្វើឲ្យ
ប្រេតទាំងឡាយ នៅតែស្រែកឃ្លានដដែល ហើយមូលហេតុ ដែលនាំឲ្យ មានប្រេតដូច្នេះ គឺមក
ពីមនុស្សទាំងនេះកាល ពីនៅរស់ប្រកបដោយការ ច្រណែនឈ្នានីសចំពោះ អ្នកដទៃ។ដូច្នេះ
ហើយ ទើបប្រជាជននាំគ្នា បោះបាយបិណ្ឌនៅតាម របងព្រះវិហារវត្ត ដើម្បីឲ្យ ពួកប្រេតទាំង
នេះ អាចមកទទួលចំណីបាន។

អត្ថន័យនៃការដាក់បិណ្ឌ។ បិណ្ឌមានន័យថា ជាការប្រមូល ឬពូតឲ្យទៅជាដុំ ដូចជាបិណ្ឌបាត្រ
គឺអាហារដែល ប្រមូល ផ្តុំដាក់ក្នុង បាត្រ។ ឯពាក្យភ្ជុំ គឺធ្វើឲ្យប្រជុំគ្នា ឬធ្វើឱ្យជួបជុំគ្នា ។ ប្រជាជន
ខ្មែរបានឲ្យតំលៃ និងសារៈសំខាន់ ទៅលើបុណ្យធំៗពីរ គឺបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ និងពិធី បុណ្យ
ចូលឆ្នាំថ្មី ។ គេតែងតែនាំគ្នា ទៅធ្វើ បុណ្យកាន់ បិណ្ឌ-ភ្ជុំបិណ្ឌក្នុង ទីវត្តអារាម ដែលត្រូវប្រព្រឹត្តទៅ
ចាប់ពីថ្ងៃ១ រោចរហូតដល់ថ្ងៃ១៥ រោច ខែភទ្របទ។ ក្នុងអំឡុង ១៥ថ្ងៃនេះ គេតាំងចិត្តដាច់ខាត
ត្រូវតែ ទៅវត្តឲ្យបានម្តងយ៉ាងតិច ក្នុងថ្ងៃណាមួយមិនអាច ខកខានបានឡើយ ទោះជាមានការ
មមាញឹក ឬក្រីក្រ លំបាកយ៉ាងណាក៏ដោយ។ ពិសេសថ្ងៃ១៥ រោច ជាថ្ងៃបង្ហើយគេហៅថា
“ភ្ជុំបិណ្ឌ” ។ រឿងហេតុទាំងអស់ នោះក៏ដោយសារគេមានជំនឿ យ៉ាងមុតមាំតាមសណ្តាប់ចាស់ៗ
ដែលពោល ណែនាំ និងអនុវត្តជារៀងរាល់ ឆ្នាំតៗគ្នាមក។ផ្នត់ជំនឿនោះ គឺគេមានមនោសញ្ចោត
នា នឹកគិតនិងអាណិតចំពោះ ញាតិមិត្តដែលបានចែក ឋានទៅ ហើយ មានមាតាបិតា ជីដូន ជីតា
បងប្អូនកូនចៅ ដែលដល់រដូវអាចបានមក ទទួលយកភោគផល ។ ព្រោះអ្នកដែលចែកឋានទៅនោះ ខ្លះមានបាបកម្មត្រូវទៅសោយទុក្ខទោស នៅឋាននរក ប្រេត កើត ក្នុង អបាយភូមិវេទនា ណាស់ ។ ឋាននោះស្ថិតនៅជ្រៅឆ្ងាយពីឋានមនុស្ស មិនអាចងើបមកបានឃើញ ពន្លឺព្រះអាទិត្យទេ គ្មាន
សំលៀកបំពាក់ គ្មានអាហារ បរិភោគឡើយ ។ លុះដល់រដូវបុណ្យនេះគេបាន ដោះ លែង ឱ្យមក
ទទួលយកផល្លានិសង្ឃ ដែលញាតិ សាច់សាលោហិតធ្វើបុណ្យ ឧទ្ទិសឲ្យ ។ ម៉្យាងទៀតគេខ្លាច
អ្នកទាំង អស់នោះ ដាក់ប្រទេចបណ្តាសាឲ្យ គេហិនហោច ប្រសិនបើដើរស្វែងរកគ្រប់៧ វត្តហើយ
មិនឃើញសាច់ញាតិ ធ្វើបុណ្យបញ្ជូនឲ្យទេ ។ ជាមួយគ្នានេះដែរ ដែលគេមានក្តីសង្ឃឹមមួយ ទៀតថា
អំពើកុសល ដែលគេមាន សទ្ធាបានបរិច្ចាគ ឧទ្ទិសនោះ នឹងងាកបែរមក ឱ្យសព្វសាធុការពរ ហើយ
គេនឹងត្រូវបានទទួល វិញដែរនូវ សេចក្តីសុខ និងសេចក្តីចំរើន ។

ចំពោះដើមកំណើតបុណ្យភ្ជុំបិណ្ឌនេះមិនមានឯកសារណាមួយ បានបរិយាយថា ចាប់ធ្វើពីសម័យ
ណាទេ ។ ប៉ុន្ដែ ក្នុងគម្ពីរ តិរោកុឌ្ឌសូត្រ បានបរិយាយថា ព្រះបាទពិម្ពិសារ មានពួកញាតិមួយក្រុម
បានបំពេញទានមិនបរិសុទ្ធ គឺស៊ីបាយមុន លោក លុះចាកលោកទៅកាន់ លោកខាងមុខ ក៏កើត
ទៅជាប្រេត ។ លុះដល់ព្រះសម្ពុទ្ធព្រះនាម កុក្កសន្ធោបាន ត្រាស់ដឹងឡើងក្នុងលោក ពួកប្រេតទាំង
នោះទៅសួរព្រះអង្គថា “ចុះយើងខ្ញុំកាលណា បាន អាហារបរិភោគ ?” ព្រះពុទ្ធត្រាស់ថា “ចាំសួរ
ព្រះពុទ្ធជាន់ ក្រោយចុះ ក្នុងសាសនាតថាគតអ្នកទាំង ឡាយមិន ត្រូវបានអាហារ បរិភោគ ទេ”។
លុះដល់ព្រះពុទ្ធព្រះនាមនាគមនោ បានត្រាស់ដឹង ពួកប្រេតទាំង នោះនាំគ្នាទៅ សួរទៀត ។
ព្រះពុទ្ធព្រះនាម នាគមនោក៏ត្រាស់ប្រាប់ ដូចព្រះពុទ្ធមុនទៀត ។ ពេលព្រះពុទ្ធ ព្រះនាមកស្សបោ
បានត្រាស់ ដឹងក៏មានហេតុដូចគ្នា។ ទើបមកដល់ព្រះសម្ពុទ្ធព្រះនាម សមណគោត្ដម យើងនេះ
ព្រះអង្គទ្រង់ ត្រាស់ថា “ចាំមើលព្រះបាទពិម្ពិសារជា ញាតិ របស់អ្នកទាំងឡាយទ្រង់ ឲ្យទានដល់
តថាគត នោះនឹងញាំងអាហារ ឲ្យសំរេច ដល់អ្នកទាំងឡាយ”។ លុះព្រះ បាទពិម្ពិសារបាន ថ្វាយ
ទានជាដំបូង ហើយមិនផ្សាយទៅឲ្យពួកញាតិ ក៏ស្រាប់តែពួកប្រេតជាញាតិ ទាំងឡាយនោះ យំ
ស្រែកទ្រហឹងក្នុងពេលរាត្រីនោះ។ ព្រះបាទពិម្ពិសារស្ដេច យាង ទៅកាន់វត្ដវេឡុវ័ន ហើយទូល
សួរព្រះពុទ្ធ ព្រះអង្គត្រាស់ថា “ពួកប្រេតជាញាតិ របស់ព្រះអង្គនាំគ្នាយំ ទារអាហារ ព្រោះពួក
ប្រេតទាំងនោះត្រូវបានអាហារ បរិភោគក្នុងសាសនាតថាគត”។ ប៉ុន្ដែព្រះអង្គបានធ្វើបុណ្យហើយ
មិន បានផ្សាយផលទៅឱ្យ។ ពេលព្រះអង្គបាន ជ្រាបហើយ ក៏ចាត់ចែងធ្វើបុណ្យបញ្ជូនទៅឱ្យ ។
ពួកប្រេតទាំង នោះក៏ បានទទួលផលក្នុងពេលនោះហើយ ។

កម្មវិធីបុណ្យនេះ គឺពេលរសៀលថ្ងៃ១៥ កើត ខែភទ្របទ ពុទ្ធបរិស័ទបានមកជួបជុំគ្នា នៅសាលា
ឆាន់ ។ អ្នក ដែលបានព្រម ទទួលបន្ទុកចំណាយប្រាក់ កាសក្នុងការទិញម្ហូបអាហារ ភេសជ្ជៈ
ឬរណ្ដាប់រៀបចំពិធីសំរាប់ ថ្ងៃទី១ គឺថ្ងៃ១ រោច ខែភទ្របទ ដែលគេនិយមហៅថា កាន់បិណ្ឌ
ហើយថាបិណ្ឌ១គេត្រូវ មកកាន់ទីវត្ដ ដើម្បីដំណើរការ ពិធីដូចគេទៅៈ ១-អ្នកកាន់វេន និងពុទ្ធ
បរិស័ទទាំងអស់ នាំគ្នារៀបចំបាយបិណ្ឌ ។ បាយបិណ្ឌគឺជាបាយដែលគេដាំ ពីអង្ករដំណើប
ហើយពួតលាយជាមួយគ្នានេះដែរ គេត្រូវរៀបចំពានបិណ្ឌ ឬ ហៅជើងបិណ្ឌនោះ ជាពីរចំណែក
ទុកប្រគេនព្រះ សង្ឃមួយចំណែក សំរាប់ឧទ្ធិសដល់អ្នក ដែលចែកឋានទៅ និងជូនអាចារ្យមួយ
ចំណែកនៅ ថ្ងៃកាន់ បិណ្ឌរបស់គេ ដើម្បីជាការដឹងគុណដែលលោក ហត់នឿយជួយចាត់ចែងពិធី ។
ការរៀបជើងបិណ្ឌ មាន ដាក់ផ្លែឈើគ្រប់មុខ នំ អង្ករ ប្រាក់កាសខ្លះតាមសទ្ធា និង ចំណូលចិត្ដ
របស់អ្នក កាន់បិណ្ឌ ឬអ្នកដទៃ ផ្សេងទៀត ដែលគេបានយកមកដាក់ ចូលរួមជាមួយដែរ ។ គេ
ពួតបាយធ្វើជាផ្កាបិណ្ឌទៀត កំណត់រាប់តាម ចំនួនវេនបិណ្ឌ ។ ឧបមា ថ្ងៃបិណ្ឌ៥ គេធ្វើ៥ ថ្ងៃបិណ្ឌ
១០ គេធ្វើ១០ដែរ ។ ផ្កាបិណ្ឌនេះគេធ្វើដោយ សន្លឹកចេកកេវជាកន្ទោងរួច កាត់ ចេកទុំ មួយចំណិត
ញាត់ ត្រង់កំពូលស្រួច ហើយញាត់បាយ ដំណើបរហូត ដល់ពេញរួចបានផ្កាប់បញ្ឈរ ចេញជា រាង
សាជី គេដោតទង់តូចៗ និងផ្កាចំរុះគ្រប់ពណ៌ពី លើជាលំអ សំរាប់ ឧទ្ធិសថ្វាយដល់ ព្រះចូឡាមណី
ចេតិយ ។ ២-នៅពេលព្រលប់លោក អាចារ្យ អ្នកកាន់វេន និងពុទ្ធបរិស័ទទាំងអស់ ប្រារឰធ្វើពិធី
ថ្វាយបង្គំព្រះ និង ឧទ្ទិសហៅ ដួងព្រលឹង អ្នកដែលចែក ឋានទៅអញ្ជើញ មកទទួលកុសល និង
សូត្រប្រតិស្ថានបាយបិណ្ឌ ។ ៣-ព្រះសង្ឃនិមន្ដ ចូលក្នុង សាលាឆាន់ ដើម្បី សូត្រធម៌ចំរើនព្រះបរិត្ដ
និងឧទ្ទិស កុសលបាចទឹកមន្ដ គឺពិធីក្រុងពាលី បាយបិណ្ឌ ។ ៤-ព្រះសង្ឃទេសនា ច្រើនទេសពីអា
និសង្ស នៃកុសល ដែលបានឧទ្ទិសដល់អ្នក ចែកឋាន ឬពីកុសលផ្សេងៗ ដែល ពាក់ព័ន្ធដល់ពិធីកាន់
បិណ្ឌ-ភ្ជុំបិណ្ឌ ។ ៥-ព្រះសង្ឃ (ប្រធានសង្ឃ) ប្រទានឲ្យវាទខ្លះៗសំរាប់ កម្មវិធីបុណ្យ នាវេលាទៀបភ្លឺ ។
ថ្ងៃស្អែកពេលជិតភ្លឺវេលាប្រហែល ម៉ោង៤ព្រះសង្ឃទូងស្គរ ជាសញ្ញាដាស់ឲ្យ ភ្ញាក់ពីដំណេក ដើម្បី
ដំណើរការ ពិធីបន្ដដូចតទៅ ៖ -ព្រះសង្ឃចូលក្នុងព្រះវិហារសូត្រធម៌ ថ្វាយបង្គំព្រះ ។ រីឯពុទ្ធបរិស័ទ
និង អ្នក កាន់វេនបិណ្ឌ នាំគ្នាចូលទៅសាលាឆាន់ អុជទៀន ធូបរៀបចំបាយបិណ្ឌ និងថ្វាយបង្គំព្រះ ។
-ព្រះសង្ឃ និមន្ដ ពីព្រះវិហារចូល មកកាន់សាលាឆាន់ដើម្បី សូត្របរាភវសូត្រ ដែលគេនិយមហៅ
កាត់ថា “សូត្របរា” ។ បរាភវសូត្រ នេះ គឺជាធម៌ ដែលចែងពីរឿងវិនាស ១២ប្រការ មានអំពើផិតក្បត់
ការលេង ល្បែង៣ប្រការ ស្រី ស្រា ល្បែង ការ មិនត្រេក អរក្នុងធម៌ អ្នកមានទ្រព្យសម្បត្ដិ មិនចិញ្ចឹម
មាតា បិតា ការសេពគប់បុគ្គលពាល ។ -សូត្របរាចប់ ព្រះសង្ឃ បង្សុកូល និងឧទ្ទិសបាយបិណ្ឌដល់
ប្រេតនរក ។ ក្រោយពេលព្រះសង្ឃសូត្រចប់ អាចារ្យវាយគង ហើយភ្លេង ពិណពាទ្យចាប់កំដរពិធី ។
-ភ្លេងប្រគុំកំដរជាហូរហែ ព្រមគ្នាជាមួយព្រះសង្ឃសូត្រធម៌ ឧទ្ធិសជាបន្ដ បន្ទាប់នោះ ពួកពុទ្ធបរិស័ទ ទាំងអស់កាន់ចានបាយបិណ្ឌរៀងៗខ្លួន ដើរដំរង់ទៅព្រះវិហារ ដើម្បីប្រទក្សិណ៣ជុំ ព្រះវិហារ ដែល
គេហៅថា “បោះបាយបិណ្ឌ” ។ ពេលដើរជុំវិញព្រះវិហារនោះគេត្រូវដុតធូបប្រាំសរសៃ នៅលើ ចាន
បាយបិណ្ឌ ។ ឱកាសដើរព័ទ្ធបានមួយជុំអាចារ្យ ប្រកាសថា អនុមោទនាលោកអើយ! ទាំងអស់គ្នាស្រែក
ទទួលថា សាធុ ! រួចគេចាប់យកបាយមួយ ដុំដាក់ទៅលើដី ឬបោះគ្រវែងទៅកាន់ទីឆ្ងាយហើយ ដោត
ធូបមួយ សរសៃ ដោត ផ្កាឈូក ឬផ្កាផ្សេងៗមួយទង នៅលើដីដែរ ។ គេធ្វើបែបនេះគំរប់៣ដង។ រីឯ
បាយបិណ្ឌ និងធូបនៅ សល់ គេនាំយកតាម អាចារ្យដែលអញ្ជើញ ចេញទៅក្រៅវត្ដទៅកាន់ទី ដែល
នៅជិតខ្ទមអ្នកតា ឬក្រោមដើម ឈើធំៗ ហើយអុជធូប និងចាក់បាយបិណ្ឌ ទាំងអស់នោះទៅលើដី
ដើម្បីឲ្យខ្មោច ដែលគ្មានបងប្អូន ធ្វើបុណ្យ បញ្ជូនឱ្យ ។ អាចារ្យបានហាម មិនឲ្យលាងចាន និងលាង
ដៃនៅទីនោះឡើយ ព្រោះហាក់ដូចជាអសីលធម៌ ដល់ខ្មោចដែលកំពុងទទួល។ បន្ទាប់ពី ចាក់បាយ
បិណ្ឌទៅលើដី អស់គ្រប់គ្នាហើយ អាចារ្យធ្វើពិធីបង្សុកូល ច្រូចទឹក លើនំចំណី និងបាយបិណ្ឌឲ្យ
ប្រេតទាំង នោះ ដែលមកចាំទទួលដែរ តែគ្មានញាតិសន្ដានឧទ្ទិសឲ្យ ។ ឯកិច្ចឆ្លងកុសលនេះគេ រៀប
ចំដូចវេននីមួយៗដែរ គ្រាន់តែថ្ងៃទី១៥ អ្នកកាន់វេនមក ចូលរួមគ្រប់គ្នា ចំណែក ពុទ្ធបរិស័ទ ក៏បានមក
ចូលរួមច្រើនកុះករលើសថ្ងៃមុនៗ ។ ចំណែកតាមគេហដ្ឋាន នៅពេលក្របីចូលក្រោល ប្រជារាស្ដ្រ
ខ្មែរបានរៀបចំ សែនដូនតា ដោយមានរៀបកំរាលស ពីលើខ្នើយប្រវែងប្រហែល ពីរម៉ែត្រ ដាក់
សំលៀក បំពាក់ឆ្វេងស្ដាំ ។ រណ្ដាប់ហូបចុកមាន ម្លូស្លាបារី បង្អែម ចំអាប ផ្លែឈើ ភេសជ្ជៈ និងទឹក
មួយផ្ដិលបង់ផ្កាម្លិះផង ។នៅលើចានម្ហូបអាហារ ផ្លែឈើសុទ្ធតែបានអុជធូប មួយសរសៃ ដើម្បីឲ្យបាន
ជ្រោប ហើយអុជទៀនបំភ្លឺព្រោង ព្រាតផង។ នៅពេលល្ងាចនោះដែរ គេបានយកស្រទបចេក ឬដើម
ចេកមករចនា ធ្វើជាទូក ឬ សំពៅទុកសំរាប់ ព្រឹកស្អែក ពេលព្រះអាទិត្យជិតរះច្បាស់ ដើម្បីជូនដូនតា
ជិះត្រឡប់វិលទៅ ទីស្នាក់អាស្រ័យវិញ ។ នៅលើទូក ឬ សំពៅនោះដែរ គេដាក់ថង់តូចៗដែលមាន
ដាក់ស្រូវ អង្ករ អំបិល ពោត សណ្ដែកល្ងឆៅ...សំរាប់ទុកជូនដូនតាហូប ចុកបន្ដទៀត ៕

ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល