ត្បូងឃ្មុំៈ បុរសចំណាស់ម្នាក់ ដែលមានអាយុ៨១ឆ្នាំ ទៅហើយនោះ ត្រូវបានសមត្ថកិច្ចនគរបាល នៃអធិការដ្ឋាន ស្រុកត្បូងឃ្មុំ ធ្វើការឃាត់ខ្លួន ពីបទលួងលោមរំលោភ សេពសន្ថវៈបានសម្រេច លើនារីមានសតិមិនគ្រប់ កាលពីវេលាម៉ោង ៩ ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៤ នៅភូមិជីរោទ៍កណ្តាល ឃុំជីរោទី១ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

តាមមន្ត្រីនគរបាលស្រុកត្បូងឃ្មុំ បានប្រាប់ឲ្យដឹងថា ជនសង្ស័យឈ្មោះ ម៉ី ឡុង ភេទប្រុស អាយុ៨១ឆ្នាំ មានទីលំនៅក្នុងភូមិកើតហេតុ ។ ដោយឡែក នារីរងគ្រោះ មានឈ្មោះ ធ.រ មានអាយុ១៩ឆ្នាំ ជានារីមាន សតិមិនគ្រប់ ។ មន្ត្រីនគរបាលបានឲ្យដឹងទៀតថា លោកតា ម៉ី ឡុង ត្រូវបានសាច់ញាតិនារីរងគ្រោះ ឃើញធ្វើសកម្មភាព លួងលោមរំលោភសេពសន្ថវៈ លើនារីឈ្មោះ ធ.រ បានសម្រេច នៅផ្ទះបាយឈ្មោះ អឿ ម៉ាប់ ស្ថិតក្នុងភូមិកើតហេតុ។

ក្រោយហេតុការណ៍ ១ម៉ោង ខាងសាច់ញាតិនារីរងគ្រោះ បានដាក់ពាក្យប្តឹងមកសមត្ថកិច្ចនគរបាល ប៉ុស្តិ៍ជីរោទី១ទើបសមត្ថកិច្ច បានចុះដល់កន្លែងកើតហេតុ និងបានឃាត់ខ្លួនជនសង្ស័យ នាំយកមក អធិការដ្ឋាននគរបាល ស្រុកត្បូងឃ្មុំ ដើម្បីកសាងសំណុំរឿងបញ្ជូន ទៅស្នងការដ្ឋាននគរបាល ខេត្តត្បូងឃ្មុំចាត់ការបន្ត៕

ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល