ភ្នំពេញ ៖ បុរសវ័យ ៧០ឆ្នាំម្នាក់ បានស្លាប់បាត់បង់ជីវិតភ្លាមៗ កាលពីម្សិលមិញ ខណៈមានការទាស់ សំដីគ្នា ជាមួយអ្នកជិតខាងរឿងវាស់វែងព្រំដីធ្វើរបង នៅភូមិព្រែកតាកែវ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។

សាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ យិន សេង អាយុ ៧៤ ឆ្នាំ ជាកសិករ រស់ នៅភូមិព្រែកតាកែវ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល បានឈ្លោះប្រកែក រឿងព្រំដីជាមួយ អ្នកជិតខាងឈ្មោះ ពឺង ទ្រី ភេទប្រុស អាយុ ៦៤ឆ្នាំ ជាករសិករដែលរស់នៅក្បែរខាងគ្នា ។

សាក្សីបានបន្តទៀតថា លោក យិន សេង បានស្លាប់នៅម៉ោងប្រមាណ ១២ ថ្ងៃត្រង់ ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៤ ។ សាក្សីក៏បានបញ្ជាក់ អំពីមូលហេតុនោះថា នៅមុនពេលកើតហេតុ លោក យិន សេង និង លោក ពឺង ទ្រី បាននាំគ្នាវាស់វែងព្រំដីធ្វើរបង ខណៈកំពុងវាស់នោះ ក៏ស្រាប់តែកើតជាជម្លោះ និងគ្នា ហើយភ្លាមៗនោះ លោក យិន សេង ក៏បានគាំងបេះដូងស្លាប់តែម្តងទៅ ។

សាក្សីបានបញ្ជាក់បន្ថែមទៀតថា ករណីនេះប្រពន្ធរបស់ជនរងគ្រោះ បានមកដាក់ពាក្យបណ្តឹង នៅនគរ បាលប៉ុស្តិ៍សំរោងធំ នៅម៉ោងប្រមាណ ៥និង៣០នាទីល្ងាច ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៤ នេះ ដើម្បី ជួយដោះស្រាយឲ្យ ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល