(មូស្គូ)៖ ប្រទេសរុស្ស៊ីនាពេលថ្មីនេះ បានបង្វែរការយកចិត្តទុកដាក់របស់ខ្លួន ទៅកាន់តំបន់អាស៊ីខាងកើតដែលរួមមានប្រទេស ចិន ម៉ុងហ្គោលី តៃវ៉ាន់ កូរ៉េខាងត្បូង កូរ៉េខាងជើង និងជប៉ុន គឺមិនមែនដោយសារតែរដ្ឋាភិបាលទីក្រុងមូស្គូ បច្ចុប្បន្នកំពុងតែពាក់មុខយក្ស ដាក់សហភាពអឺរ៉ុបនោះឡើយ ក៏ប៉ុន្តែគឺដោយសារតែផលប្រយោជន៍ជាតិ។ នេះបើតាមសម្តីរបស់មេដឹកនាំកំពូលនៃប្រទេសរុស្ស៊ី ដែលដកស្រង់ដោយទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នៅមុននេះបន្តិចនា រសៀលថ្ងៃសុក្រ ទី០២ ខែធ្នូ ឆ្នាំ២០១៦។

នៅក្នុងការថ្លែងសារ ប្រចាំឆ្នាំលោក វ៉្លាឌីមៀ ពូទីន បានបដិសេធចោលនូវមូលហេតុផ្សេងៗ ដែលមិនសមនៅក្រោយការសម្រេចចិត្តផ្លាស់ប្តូរនេះ ហើយលោកប្រធានាធិបតីរុស្ស៊ី បានលើកឡើងថា គោលនយោបាយសព្វថ្ងៃ ត្រូវបានកំណត់លើផលប្រយោជន៍ នៃប្រទេសជាតិ និងទំនោររបស់ពិភពលោក។

គួរបញ្ជាក់ថា លោក វ៉ា្លឌីមៀ ពូទីន ធ្វើការកោតសរសើរ មិនដាច់ពីមាត់ចំពោះភាពជាដៃគូទំនាក់ទំនង រវាងរុស្ស៊ី និងចិន ជាកត្តាដ៏សំខាន់មួយ ដើម្បីធានាឲ្យបាននូវស្ថិរភាព នៅក្នុងតំបន់ក៏ដូចជាទូទាំងសកលលោក ដែលកំពុងស្ថិតក្រោយស្ថានការណ៍ លំបាកហើយលោក ពូទីន បានចាត់ទុកថា ទំនាក់ទំនងដ៏ប្រសើររវាងប្រទេសទាំងពីរ គឺជាគំរូដ៏ល្អមួយ ដែលបង្ហាញពីការទទួលបានផល ប្រយោជន៍ទាំងសងខាង។

បន្ថែមពីនេះ រដ្ឋាភិបាលទីក្រុងមូស្គូ ក៏មានគោលបំណងចង់បង្កើនកិច្ចសហការ ជាមួយនឹងប្រទេសឥណ្ឌា ហើយនិងសង្ឃឹមថាអាច ពង្រឹងចំណងទាក់ទង ជាមួយប្រទេសជប៉ុនបានផងដែរ។ ដោយឡែកនៅពេលដែលធ្វើការអត្ថាធិប្បាយ ទៅលើអនាគតនៃទំនាក់ទំនង ជាមួយនឹងរដ្ឋាភិបាលថ្មី នៃសហរដ្ឋអាមេរិក លោកប្រធានាធិបតីរុស្ស៊ី បានបញ្ជាក់ជាថ្មីម្តងទៀត ពីការត្រៀមខ្លួនជាស្រេច របស់ទីក្រុងមូស្គូក្នុងការស្តារចំណងមិត្តភាព ជាមួយនឹងទីក្រុងវ៉ាស៊ីនតោន ត្បិតប្រទេសមហាអំណាច ទាំងពីរមានភារៈកិច្ចដូចគ្នា ដើម្បីធានាពីសន្តិសុខរួម និងស្ថិរភាពអន្តរជាតិ៕

ប្រភព ៖ ស៊ិនហួរ

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង