ភ្នំពេញ៖ នៅពេលនេះរឿងរ៉ាវ អតីតបេក្ខជនក្នុងកម្មវិធី «Cambodian Idol» លោក ម៉ៅ ហាជី ចុះកិច្ចសន្យាច្រៀងឲ្យផលិតកម្មថោន រយៈពេល៥ឆ្នាំ កំពុងតែឡើងកម្តៅ ក្រោយពីខាងផលិតកម្ម ហង្សមាស បានប្រកាសថា នឹងដាក់ពាក្យប្តឹង បេក្ខជនរូបនេះ ទៅតុលាការ ខណៈដែលលោកបានលួចទៅចុះកុងត្រា ជាមួយផលិតកម្មថោន ក្នុងពេលដែលលោកជាប់កំពុងជាប់កិច្ចសន្យា ជាមួយហង្សមាស មិនទាន់ផុតផងនោះ ។ ពាក់ព័ន្ធទៅនឹងការប្រកាសព័ត៌មាន របស់ទូរទស្សន៍ហង្សមាសថា នឹងត្រៀមចាត់វិធានការ ទៅលើ លោក ម៉ៅ ហាជី នោះលោក មាស សុខរតនៈ អ្នកគ្រប់គ្រងទូទៅក្នុងផលិតកម្ម ថោន បានអះអាងថា លោកមិនទាន់ហ៊ាននិយាយអ្វីឲ្យច្រើន ពាក់ព័ន្ធរឿងនេះទេ ព្រោះថារឿងនេះកំពុងតែ ស្ថិតនៅក្នុងការពិភាក្សា ជាមួយខាងក្រុមហ៊ុន និងរង់ចាំជួបម្ចាស់សាម៉ីខ្លួន លោក ម៉ៅ ហាជី ជាមុនសិន ។

បន្ទាប់ពីខាងផលិតកម្ម ថោន បានចេញមុខប្រកាស តាមរយៈ Facebook ផ្លូវការរបស់ខ្លួនថា អតីតបេក្ខជន «Cambodian Idol» លោក ម៉ៅ ហាជី បានក្លាយខ្លួន ជាតារាចម្រៀងពេញសិទ្ធិ និងផ្លូវការក្នុងផលិតកម្មថោន ក្រោយពីបានចុះកិច្ចសន្យា ជាមួយផលិតកម្មរយៈពេល៥ឆ្នាំរួច កាលពីពេលថ្មីៗនេះ មិនទាន់បានប៉ុន្មានផង ស្រាប់តែផលិតកម្មហង្សមាស បានបង្ហាញពីចំណាត់ការ រៀបចំមេធាវីដាក់ពាក្យប្តឹង អតីតបេក្ខជន លោក ម៉ៅ ហាជី ដោយធ្វើការចោទប្រកាន់ថា លោកបានលួចទៅចុះកិច្ចសន្យា ជាមួយផលិតកម្មផ្សេង ខណៈដែលលោកកំពុង តែជាប់កិច្ចសន្យា ជាមួយខ្លួនមិនទាន់ចប់ផង។

ពាក់ព័ន្ធនឹងរឿង ចម្រូងចម្រាស រវាងផលិតកម្មហង្សមាស និងលោក ម៉ៅ ហាជី នោះ លោក មាស សុខរតនៈ បានថ្លែងប្រាប់ គេហទំព័រ LookingTODAY តាមទូរស័ព្ទ ឲ្យដឹងថា រឿងដែលខាងហង្សមាស ចង់ដាក់ពាក្យប្តឹង តារាចម្រៀង លោក ម៉ៅ ហាជី គឺលោកទើបតែបានទទួលព័ត៌មាននេះដែរ ប៉ុន្តែទោះជាមានរឿងរ៉ាងដល់ថ្នាក់នេះ ក្ដី ក៏រហូតមកដល់ពេលនេះ លោកនៅមិនទាន់បានជួប ជាមួយម្ចាស់សាម៉ីខ្លួន លោក ម៉ៅ ហាជី នៅឡើយទេ ហើយខាងផលិតកម្ម ក៏កំពុងតែពិភាក្សាគ្នា ពាក់ព័ន្ធរឿងនេះដែរ។

អ្នកគ្រប់គ្រងនៅផលិតកម្មថោន លោក មាស សុខរតនៈបានប្រាប់ឲ្យដឹងថា «ខ្ញុំមិនសូវបានដឹងពីរឿងនេះទេ ព្រោះថាអ្វីៗទាក់ទងនឹងកិច្ចសន្យា គឺសាម៉ីខ្លួន ម៉ៅ ហាជី ហើយ បានធ្វើឡើងជាមួយម្ចាស់ក្រុមហ៊ុន ថោន (ចាងហ្វាងផលិតកម្ម) ហើយបើនិយាយពីបញ្ហា ដាក់ពាក្យប្តឹងរបស់ហង្សមាស និងការលុបចោល ឬបន្តកិច្ចសន្យាជាមួយ ម៉ៅ ហាជី នោះ ខ្ញុំក៏មិនទាន់ដឹងទេ ព្រោះថាស្ថិតនៅក្នុងការពិភាក្សាគ្នាបន្ថែមទៀត»។

លោក មាស សុខរតនៈ បានប្រាប់បន្ថែមទៀតថា សម្រាប់រឿង(ប្តឹង)នេះ លោកមិនទាន់ហ៊ាននិយាយអ្វីឲ្យ ច្រើនជាងនេះដែរ ព្រោះរឿងគ្រប់យ៉ាង គឺត្រូវឆ្លងកាត់ការពិភាក្សាគ្នា។ តែសម្រាប់លោក គឺលោកមិននឹកស្មានថា មានរឿងបែបនេះកើតឡើងឡើយ ។
ទាក់ទងទៅនឹងការលើកឡើងនេះ គេហទំព័រ LookingTODAY ក៏បានព្យាយាមទាក់ទងទៅ លោក ម៉ៅ ហាជី ដើម្បីសាកសួរទាក់ទងទៅនឹងបញ្ហាខាងលើនេះដែរ ប៉ុន្តែលេខទូរស័ព្ទរបស់លោកមិនទាន់ទាក់ទងបាន ។ ចំណែកលោក អ៊ិន ទីតូ អ្នកគ្រប់គ្រងតារាចម្រៀង នៅក្នុងផលិតកម្ម ហង្សមាស ក៏មិនអាចទាក់ទងបានដូចគ្នា។

ទោះបីជាយ៉ាងណា បើតាមការឲ្យដឹងពី លោក មាស រិទ្ធី អគ្គនាយករងស្ថានីយ៍ទូរទស្សន៍ហង្សមាស និងជាអ្នកអត្ថាធិប្បាយព័ត៌មានដ៏ល្បីមួយរូប បានថ្លែងប្រាប់ឲ្យដឹងកាលពីយប់ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៥ថា លោក ម៉ៅ ហាជី អាចប្រឈមនឹងផ្លូវច្បាប់ ចំពោះការលួចចូលផលិតកម្មផ្សេង ព្រោះថាលោក ហាជី នៅជាប់កុងត្រាជាមួយក្រុមហ៊ុនហង្សមាសនៅឡើយ មិនអាចទៅចុះកុងត្រា ជាមួយផលិតកម្មណាផ្សេងបានឡើយ។

លោក មាស រិទ្ធី បានអះអាងថា លោក ម៉ៅ ហាជី គឺជាបេក្ខជនជាប់ក្នុងចំណោមបេក្ខជនទាំង១២ចុងក្រោយ ដូច្នេះជាស្វ័យប្រវត្តិតែម្តង គឺជាប់កុងត្រាជាមួយក្រុមហ៊ុនហង្សមាស រយៈពេល១ឆ្នាំ ពោលគឺជាប់កុងត្រាពីពេលជាប់ជាបេក្ខជនចុងក្រោយ១២រូប ក្នុងវគ្គ Live Show របស់កម្មវិធី Cambodian Idol ដែលបង្កើតឡើងដោយផលិតកម្មហង្សមាស ។ លោក រិទ្ធី បានបញ្ជាក់ថា លោក ម៉ៅ ហាជី ជាប់កុងត្រារហូតដល់ចុងឆ្នាំ២០១៦ឯណោះ ទើបចប់ ហើយពេលនោះលោក ហាជី អាចទៅចុះកុងត្រា ជាមួយផលិតកម្មណាមួយក៏បាន។

អ្នកអត្ថាធិប្បាយព័ត៌មានដ៏ល្បីរូបនេះបានបន្តលើកឡើងថា សូមឲ្យលោក ហាជី ចូលមកដោះស្រាយជាមួយក្រុមហ៊ុនតាមសម្រួល ព្រោះក្រុមហ៊ុនមិនបានគៀបសង្កត់ ចំពោះបេក្ខជននោះទេ, ហើយសូមឲ្យលោក ហាជី បើកទូរស័ព្ទផង កុំបិទអី ព្រោះមានរឿងត្រូវទាក់ទងគ្នា ដើម្បីដោះស្រាយ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល