ជានិច្ចកាលចូរធ្វើឲ្យថ្នាក់លើមានអារម្មណ៍ថា គាត់នៅតែជាមេ។ ប្រសិនបើអ្នកចង់ឲ្យគាត់ចាប់អារម្មណ៍ចូរកុំព្យាយាមបង្ហាញថា ខ្លួនឆ្លាតខ្លាំងពេក។ ចូរធ្វើឲ្យចៅហ្វាយនាយទទួលអារម្មណ៍ថា គាត់ឆ្លាតជាងអ្នកជានិច្ច បើធ្វើដូច្នេះបានអ្នកនឹងរក្សាអំណាចបានខ្ពស់។

រឿងពិតក្នុងប្រវត្តិសាស្ត្រ

នីកូ ឡាស ហ្វូកេត ជារដ្ឋមន្ត្រីហិរញ្ញវត្ថុរបស់ស្តេច ល្វីស ទី១៤ ជាមនុស្សចូលចិត្តជប់លៀង ស្រីស្អាត និងកំណាព្យ។ គាត់ជាមនុស្សស្រឡាញប្រាក់ ដែលនាំឲ្យជីវិតរបស់គាត់ហ៊ឺហា។ ហ្វូកេត ជាមនុស្សឆ្លាត និងជាបុគ្គលចាំបាច់ដែលស្តេចខ្វះមិនបាន។ ហ្វូកេត គិតថាខ្លួនសក្តិសមនឹងទទួលតំណែងជានាយករដ្ឋមន្ត្រី ក្រោយពីមរណភាពរបស់អតីតនាយករដ្ឋមន្ត្រី ជូលេ ម៉ាហ្សារីន ក្នុងឆ្នាំ ១៦៦១ ។ ផ្ទុយទៅវិញស្តេច ល្វីស បែរជាមិនតែងតាំង។ នេះជាសញ្ញាមួយប្រាប់ទៅហ្វូកេតថា ស្តេចហាក់លែងសូវពេញចិត្តនឹង ខ្លួនទៀតហើយ។ ដោយហេតុនេះ ហ្វូកេតព្យាយាមរកមធ្យោបាយបំពេញចិត្តស្តេច ដោយរៀបចំជាពិធីជប់លៀង ដ៏ធំមួយដែលស្តេចមិនធ្លាប់ជួបប្រទះពីមុនមក។ ពិធីជប់លៀងមួយនេះ ធ្វើឡើងក្នុងឱកាសឡើងគេហដ្ឋានថ្មីដ៏ធំស្គឹមស្កៃរបស់ ហ្វូកេត ប៉ុន្តែក្នុងគោលបំណងសំដែងនូវការគោរពចំពោះស្តេច និងភ្ញៀវកិត្តិយស។

ពិធីលៀងសាយភោជននេះ ចូលរួមដោយភ្ញៀវកត្តិយសល្បីៗ នៅអឺរ៉ុប និងបណ្តុំអ្នកប្រាជ្ញខ្លាំងៗផងដែរ។ ទាំងម្ហូបអាហារ និងបទភ្លេងពិតជាល្អប្រណីតគ្មានអ្វីផ្ទឹម។ ហ្វូកេត ថែមទាំងបានឡើងថ្លែងអំណរគុណចំពោះស្តេចទៀតផង។ បន្ទាប់ពីទទួលទានរួច ហ្វូកេតបាននាំភ្លៀវ និងយាងដំណើរស្តេចកំសាន្តសួន និងវិមាន ជាទីសោមនស្សក្រៃលែង។ ស្របពេលជាមួយគ្នា គេឃើញមានបាញ់កាំជ្រួចអបអរសាទរផងដែរ។ រាត្រីកាលដ៏មនោរម្យនេះ ភ្ញៀវទាំងអស់សុទ្ធតែទទួលស្គាល់ថា ជាពិធីជប់លៀងដ៏ល្អប្រណីតជាងពិធីណាៗទាំងអស់។

មួយថ្ងៃក្រោយមក ហ្វូកេត ត្រូវបានទាហានរាជវាំងចាប់ខ្លួន។ បីខែក្រោយមក គាត់ត្រូវបានកាត់ទោសពីបទលួចទ្រព្យសម្បត្តិជាតិ។ (តាមពិតទ្រព្យសម្បត្តិភាគច្រើនដែលគាត់លួច សុទ្ធសឹងតែធ្វើក្នុងនាមស្តេច និងដោយមានព្រះរាជានុញ្ញាតពីស្តេច។) ហ្វូកេត ត្រូវបានគេរកឃើញថា មានទោស និងបញ្ជូនទៅគុកដាច់ស្រាលបំផុតក្នុងប្រទេសបារាំង និងចំណាយពេលម្ភៃឆ្នាំចុងក្រោយ នៃជីវិតរបស់គាត់នៅក្នុងគុក។

បំណកស្រាយ

ស្តេច ល្វីសទី១៤ គឺជាមនុស្សពេញដោយអំណួតនិងមោទនភាព ដែលតែងតែចង់បានចំណាប់អារម្មណ៍មកលើខ្លួនតែម្នាក់គត់គ្រប់ពេល គាត់មិនអាចអត់ទ្រាំនឹងឲ្យនរណាម្នាក់ហ៊ឺហាជាងខ្លួនឡើង ពិសេសរដ្ឋមន្ត្រីហិរញ្ញវត្ថុ។ ស្តេចល្វីសបានតែងតាំងរដ្ឋមន្ត្រីហិរញ្ញវត្ថុថ្មីឈ្មោះ ជៀន បាបទិស្ត៍ កូលប៊ែរ ដែលជាមនុស្សម្នាក់ល្បីខាងកំណាញ់និងមិនចេះរៀបចំពិធីជប់លៀង។ កូលប៊ែរ មានភារកិច្ចធានាឲ្យបានថាប្រាក់គ្រប់កាក់គ្រប់សេនដែលចេញពី រតនាគារជាតិត្រូវធ្លាក់ក្នុងដៃស្តេចល្វីសទាំងអស់។ ស្តេចល្វីសយកប្រាក់នេះទៅសង់វិមានធំស្កឹមស្កៃល្អជាងវិមានរបស់ហ្វូកេត និងជាកន្លែងដ៏មនោរម្យបំផុតនៅវ៉ែសៃយ៍។ ព្រះអង្គប្រើ ស្ថាបត្យករ អ្នកតុបតែងវិមាន និងអ្នកតុបតែងសួន ដដែលរបស់ហ្វូកេត។ រួចហើយព្រះអង្គរៀបចំពិធីជប់លៀងដ៏ប្រពៃបំផុត ជាងពិធីជប់លៀងដែលធ្វើឲ្យហ្វូកេតជាប់គុកទៅទៀត។

បើវិភាគតាមស្ថានការណ៍ខាងលើ យើងឃើញថាពិធីលៀងសាយភោជន ដែលហ្វូកេតរៀបចំឡើង គឺក្នុងគោលបំណងសំដែងនូវភក្តីភាព និងចិត្តស្មោះឥតងាករេចំពោះស្តេច។ គាត់មិនបានគិតថាពិធីនេះបែរជាធ្វើឲ្យស្តេចលែងពេញចិត្តចំពោះ ខ្លួនទេ គាត់បានគិតថាគាត់បានបង្ហាញស្តេចអំពីទំនាក់ទំនងល្អជាមួយមនុស្ស ខ្លាំងៗ និងប្រជាប្រិយភាពរបស់ខ្លួន ដែលធ្វើឲ្យខ្លួនក្លាយជាបុគ្គលដែលស្តេចអត់មិនបាន និងបង្ហាញឲ្យឃើញថាគាត់គឺជាបុគ្គលម្នាក់ដែលសក្តិសមធ្វើជានាយក រដ្ឋមន្រ្តី។ ផ្ទុយទៅវិញស្នាមញញឹមរបស់ភ្ញៀវ បានធ្វើឲ្យស្តេចទទួលអារម្មណ៍ថា មិត្តភក្តិ និងមន្ត្រីក្រោមឱវាទ ពេញចិត្តហ្វូកេតជាងស្តេចទៅទៀត និងគិតថាហ្វូកេតសម្ញែង ទ្រព្យនិងអំណាច។ ស្តេចល្វីសមិនព្រមទទួលយកឡើង ថែមទាំងរកលេសសមរម្យកម្ចាត់ហ្វូកេតចោលទៀត។

នៅពេលពិធីជប់លៀងចាប់ផ្តើម ហ្វូកេត ឡើងដល់កំពូល

នៅពេលពិធីជប់លៀងបញ្ចប់ ហ្វូកេត ធ្លាក់ដល់បាត។

(វ៉ុលទែរ ១៦៩៤-១៧៧៨)

ប្រភព៖ salarean.com

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង