(ភ្នំពេញ)៖ យុវវ័យកម្ពុជាមួយចំនួន តែងតែយល់ច្រឡំថា ទិវានៃក្ដីស្រឡាញ់ គឺជា «បុណ្យសង្សារ» ដែលតម្រូវឲ្យពួកគេ ត្រូវលះបង់ពេលវេលាជាមួយនឹងដៃគូស្នេហារបស់ខ្លួន ឬហៅថា «សង្សារ» លើសពីនេះ យុវវ័យមួយចំនួនតូច ហ៊ានដល់បរិច្ចាគខ្លួនប្រាណ ដើម្បីបង្ហាញស្នេហាស្មោះស្ម័គ្រ ជូនទៅដល់គូសង្សារ នៅក្នុងថ្ងៃទិវាក្ដីស្រឡាញ់នេះផងដែរ។

ផ្ទុយនឹងទស្សនៈនេះ យុវវ័យមួយចំនួនបានផ្ដល់មតិថា ការពិតទៅទិវានៃក្ដីស្រឡាញ់ គឺគ្រាន់តែជាការបង្ហាញក្ដីស្រឡាញ់ដល់មនុស្សគ្រប់គ្នា រួមមានឪពុកម្ដាយ បងប្អូន មិត្តភក្ដិ ឬដៃគូស្នេហា តែមិនមែនមានន័យថា «ត្រូវតែលះបង់ខ្លួនប្រាណ ឲ្យទៅសង្សារនោះឡើយ» គឺគ្រាន់តែបង្ហាញ ពីភាពយកចិត្តទុកដាក់ ការបារម្ភ ឬមានកាដូបន្តិចបន្តួច ជូនទៅដល់មនុស្សជាទីស្រឡាញ់ ជាការសេ្រច។

មានទស្សនៈមួយចំនួនធំ បានបញ្ចេញមតិស្រដៀងៗគ្នានេះថា ថ្ងៃបុណ្យនៃក្ដីស្រឡាញ់ គឺជាថ្ងៃគ្រោះថ្នាក់បំផុតសម្រាប់នារី ដោយម្ដាយឪពុកខ្លះ មិនហ៊ានបណ្ដោយកូនស្រី ឲ្យដើរលេងជាមួយមិត្តភក្ដិ ឬសង្សារក្នុងថ្ងៃនេះទេ ដោយពួកគាត់គិតថា កូនស្រី ឬប្អូនស្រីរបស់ខ្លួន អាចក្លាយទៅជាចំណីតណ្ហារបស់បុរសជាសង្សារ ដោយការលួងលោម ការបោកបញ្ឆោតនានា ក្នុងន័យចង់បានខ្លួនប្រាណរបស់នារី។

ពាក់ព័ន្ធនឹងទិវានេះ កញ្ញា តាំង គីស្រង់ និស្សិតពេទ្យឆ្នាំទី៨ នៃសាកលវិទ្យាល័យអន្តរជាតិ បានឲ្យដឹងថា «ក្នុងថ្ងៃទី១៤កុម្ភៈ ខ្ញុំមានគម្រោងថា ចំណាយពេលវេលាដើរកំសាន្ដជាមួយម៉ាកប៉ា ហើយជារៀងរាល់ឆ្នាំ ខ្ញុំតែងតែចំណាយពេល នៅជាមួយពួកគាត់។ សម្រាប់បុណ្យ១៤កុម្ភៈនេះ ខ្ញុំយល់ថាគ្រាន់តែទិវាមួយ ដើម្បីឲ្យយើងគ្រប់គ្នា បង្ហាញក្ដីស្រឡាញ់ដល់ក្រុមគ្រួសារ មិត្តភក្ដិ បងប្អូនដៃគូតែប៉ុណ្ណោះ»។

កញ្ញាថា ការផ្ដល់ក្ដីស្រឡាញ់ឲ្យទៅដៃគូស្នេហា មិនមែនមានន័យថា គាត់ត្រូវតែដោះដូរខ្លួនប្រាណរបស់គាត់ ទៅឲ្យសង្សារនោះទេ គាត់គ្រាន់តែចំណាយពេលនៅជាមួយ មនុស្សជាទីស្រឡាញ់ ការផ្ដល់កាដូបន្តិចបន្តួច ឬការដើរកំសាន្ដនានា ក្នុងថ្ងៃបុណ្យនេះ ក៏សបញ្ជាក់ថា ជាការផ្ដល់ក្ដីស្រឡាញ់ ឲ្យទៅដល់មនុស្សជាទីស្រលាញ់បានហើយ។

អ្នកនាង ព្រំ ចន្ដ្រា និស្សិតក្នុងសាកលវិទ្យាល័យអន្ដរជាតិ បានឲ្យថា «ទិវាបុណ្យនៃក្ដីស្រឡាញ់ គ្រាន់តែជាទិវាមួយ ដើម្បីបង្ហាញក្ដីស្រឡាញ់ ទៅដល់មនុស្សជាទីស្រឡាញ់ហើយមនុស្សជាទីស្រឡាញ់នោះ គឺមិនសំដៅទៅលើសង្សារប៉ុណ្ណោះទេ គឺមានដូចជាក្រុមគ្រួសារ មិត្តភក្ដិ ឬបងប្អូនជាដើម។ យុវវ័យមួយចំនួនតូចតែងតែគិតថា បុណ្យនៃក្ដីស្រឡាញ់នេះ គឺជាបុណ្យសង្សារ ដូច្នេះពួកគេត្រូវចំណាយពេល នៅជាមួយនឹងដៃគូស្នេហា ហើយយុវវ័យមួយចំនួនទៀត បានយកបុណ្យនៃក្ដីស្រឡាញ់នេះ ធ្វើជាទិវា សម្ពោធព្រហ្មចារីរបស់ខ្លួន ប្រគល់ឲ្យទៅសង្សារ ដើម្បីបញ្ជាក់ពីក្ដីស្នេហា ស្មោះស្ម័គ្ររវាងពួកគេទាំងពីរ»។

អ្នកនាងថា ការគិតបែបនេះ របស់យុវវ័យមួយចំនួនតូចគឺខុស ព្រោះអីបុណ្យនៃក្ដីស្រឡាញ់នេះ មិនមែនទាល់តែយុវតី ត្រូវប្រគល់ខ្លួនឲ្យទៅសង្សារទើបអាចបញ្ជាក់ថា ពីក្ដីស្រឡាញ់នោះទេ។ មួយវិញទៀត ទិវាបុណ្យនៃក្ដីស្រឡាញ់នោះ គ្រាន់តែជាទិវាសាមញ្ញាមួយប៉ុណ្ណោះ ហើយក៏មិនមែនជាទិវាបុណ្យជាតិនោះដែរ តែយើងគ្រប់គ្នាអាចធ្វើបាន ដោយផ្ដល់ជាអំណោយ ដល់មនុស្សជាទីស្រឡាញ់ កាដើរកំសាន្ដជាមួយក្រុមគ្រួសារ មិត្តភក្ដិ នេះក៏បញ្ជាក់ពីការបញ្ចេញក្ដីស្រឡាញ់ ដល់មនុស្សគ្រប់គ្នាដែរ។

ក្នុងនោះដែរ អ្នកនាងបានផ្ដាំផ្ញើរទៅ យុវតីមួយថា កុំឲ្យចាញ់បោកពាក្យលួងលោមរបស់បុរស កុំបំផ្លាញអនាគតខ្លួនឯង ក្នុងថ្ងៃនោះឲ្យសោះ ព្រោះថាប្រសិនបើបុរសនោះស្រឡាញ់យើងពិតមែន គេច្បាស់ជាមិនហ៊ានបំពានលើខ្លួនប្រាណយើង មុនថ្ងៃរៀបការនោះឡើយ។

លោក ឈាង បញ្ញា និស្សិតក្នុងសាកលវិទ្យាល័យអន្ដរជាតិបានឲ្យដឹងថា «បុណ្យនៃក្ដីស្រឡាញ់ ចំពោះខ្ញុំគ្រាន់តែជាថ្ងៃធម្មតាតែប៉ុណ្ណោះ តែខ្ញុំមានគម្រោងទៅញាំអីជាមួយក្រុមគ្រួសារ ហើយនឹងទិញផ្កាកុលាប ជូនទៅដល់ប៉ាម៉ាក់របស់ខ្ញុំ ដើម្បីបញ្ជាក់ពីក្ដីស្រឡាញ់ និងការយកចិត្តទុកដាក់ ទៅដល់ពួកគាត់ប៉ុណ្ណឹង គឺគ្រប់គ្រាន់ សម្រាប់ថ្ងៃបុណ្យនៃក្ដីស្រឡាញ់របស់ខ្ញុំ»។

ក្នុងថ្ងៃបុណ្យនៃក្ដីស្រឡាញ់នេះ មានបុរសមួយចំនួនតែងតែយកលេសថា ថ្ងៃនេះគឺជាថ្ងៃដែលត្រូវបញ្ជាក់ពីភក្ដីភាព ស្នេហាស្មោះស្ម័គ្ររវាងខ្លួនជាមួយសង្សារ ដែលបានខំកសាងមកអស់ពេលជាច្រើនឆ្នាំ ដោយតម្រូវឲ្យមានយល់ព្រមគេងជាមួយគ្នា (រួមភេទ) ប៉ុន្ដែប្រសិនបើនារីមិនយល់ព្រមនោះ នឹងបញ្ជាក់ថា គាត់មិនស្មោះត្រង់ចំពោះខ្លួន។ ក្នុងទស្សនៈនេះលោក បញ្ញា ក៏បានបង្ហាញថា៖ «មានបុរសមួយចំនួនគិតថា បុណ្យនៃក្ដីស្រឡាញ់ វាមានន័យធំធេងណាស់ សម្រាប់ស្នេហារបស់ពួកគេ ដូច្នេះពួកគេត្រូវ ចំណាយពេលវេលាដើរលេង
ជាមួយនឹងដៃគូស្នេហា មិនតែប៉ុណ្ណោះពួកគាត់មួយចំនួនទៀត បែរជាយកថ្ងៃបុណ្យនៃក្ដីស្រឡាញ់នេះ ជាលេសដើម្បីបំពានលើខ្លួនប្រាណនារី ជាសង្សាររបស់ខ្លួន ប្រសិនជាខ្ញុំ ក្នុងនាមយើងជាបុរស យើងមិនគួរយកថ្ងៃ១៤កុម្ភៈនេះទៅ បំពានលើអ្នកណាម្នាក់ឡើង។ ស្រឡាញ់គេត្រូវគោរពសិទ្ធិគេ ហើយថ្ងៃ១៤កុម្ភៈនេះមិនមែនជាថ្ងៃបុណ្យសង្សារ ដូចការយល់ឃើញរបស់យុវវ័យ មួយចំនួនតូចនោះឡើយ ថ្ងៃនេះគ្រាន់តែជាទិវា របស់បរទេសមួយ ដែលតម្រូវឲ្យយើងគ្រប់គ្នា បង្ហាញក្ដីស្រឡាញ់ឲ្យទៅមនុស្ស ជាទីស្រឡាញ់តែប៉ុណ្ណោះ ហើយក្នុងនាមយើងជាបុរស យើងមិនត្រូវឆ្លៀតឱកាស ទៅបោកបញ្ឆោតបំផ្លាញអនាគ របស់នារីណាម្នាក់ឡើយ។ យើងត្រូវគិតថា បងស្រីគេ បងស្រីយើង ប្អូនស្រីគេ ប្អូនស្រីយើង ប្រសិនបើគេធ្វើបែបនេះ ដាក់បងប្អូនយើង គឺយើងមានអារម្មណ៍ខឹងដូចគ្នា»។

លោក សាន សូនី ដែលជាយុវជនមួយរូបផងដែរ បានឲ្យដឹងថា «ខ្ញុំគិតថា ការគិតរបស់បុរសមួយចំនួនតូចនេះ គឺខុសខ្លាំងណាស់ ព្រោះបុណ្យនៃក្ដីស្រឡាញ់នេះ គ្រាន់តែចង់បញ្ជាក់ពីក្ដីស្នេហា ការយកចិត្តទុកដាក់តែប៉ុណ្ណោះ មិនមែនជាការដោះដូរខ្លួនប្រាណនោះឡើយ»។

លោកក៏បានផ្ដាំផ្ញើ ទៅបុរសមួយចំនួន កុំយកឱកាសនេះ ទៅធ្វើបាបនារីដ៏ស្មោះស និងបំផ្លាញអនាគតនាងឲ្យសោះ ប្រសិនបើអ្នកស្រឡាញ់នាងពិតប្រាកដ គួរតែឲ្យតម្លៃនាង ប្រសិនជាអ្នកជាបុរសពិតគួរ ហ៊ានទទួលខុសត្រូវ នៅទង្វើរបស់ខ្លួនឯង។

ដោយឡែកសម្រាប់ លោក តុង សុប្រាជ្ញ ដែលត្រូវបានគេទទួលស្គាល់ថាជា អ្នកស្រាវជ្រាវស៊ីជម្រៅ ទៅលើឥរិយាបទផ្លូវភេទ របស់យុវវ័យនៅថ្ងៃទិវានៃក្តីស្រឡាញ់១៤កុម្ភៈ និងមានរហ័សនាមថា ថៅកែវ៉ាឡិនថាញ បានបង្ហើបថា «Valentine’s Day ហាក់បីដូចជាជំងឺមួយ ដែលអាចនឹងផ្ទុះឡើងចម្លង ដល់យុវវ័យសារជាថ្មីនៅថ្ងៃ១៤ ខែកុម្ភៈខាងមុខនេះ។ ខ្ញុំថា ជំងឺនេះនឹងផ្ទុះខ្លាំងឡើងវិញ ឡើងកក្រើកដូចកាលពីឆ្នាំ២០១៦កន្លងទៅនេះ បើតាមការអង្កេត និងស្រាវជ្រាវរបស់ខ្ញុំ»។

រដ្ឋមន្ត្រីក្រសួងអប់រំ លោក ហង់ ជួនណារ៉ុន នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧ បានបញ្ជាក់ឲ្យដឹងថា ទាក់ទងនឹងទិវានៃក្តីស្រឡាញ់ ឆ្នាំ២០១៧នេះ ក្រសួងក៏បានផ្សព្វផ្សាយយ៉ាងទូលំទូលាយទៅដល់ សិស្សានុសិស្ស នៅតាមសាលារៀនឲ្យយល់ពីខ្លឹមសារ នៃទិវានៃក្តីស្រឡាញ់ ហើយក៏បានបង្កើនការពង្រឹងចុះអវត្តមាន នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៧ ដើម្បីកុំឲ្យសិស្សានុសិស្សាគេចវេស ពីការសិក្សាទៅធ្វើរឿងមួយចំនួន ដែលខុសនឹង ប្រពៃណីទំនៀមទំលាប់ខ្មែរ។

លោក ហង់ ជួនណារ៉ុន បញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំស្នើឲ្យយុវជនបន្តគោរពនូវប្រពៃណីទំនៀមទំលាប់ ខ្មែរទិវានៃសេចក្តីស្រឡាញ់ មិនមែន ជាទិវាដែលយុវជន យើងត្រូវតែមានដៃគូខាងផ្នែកស្នេហានោះទេ តែវាជាទិវាបង្ហាញក្តីស្រឡាញ់ជារួម ជាទូទៅចំពោះ ឪពុក ម្តាយ មិត្តភក្តិ។ នេះជាសេចក្តីស្រឡាញ់ដែលមានលក្ខណៈទូលំទូលាយ មិនមែនមានន័យថា ជាសេចក្តីស្រឡាញ់ ជាគូស្នេហ៍នោះទេ។ខ្ញុំសុំស្នើឲ្យយុវជនយល់ច្បាស់ពី ខ្លឹមសារពិតពីទីវានេះ ហើយផ្តោតទៅលើការខិតខំប្រឹងប្រែងដើម្បីពង្រឹង សមត្ថភាព វិញហើយ ស្នើឲ្យ យុវវ័យរក្សាឲ្យបានប្រពៃណីទំនៀមទំលាប់វប្បធម៌របស់ខ្មែរ»៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង