ភ្នំពេញ៖ ម្ដាយឯណាមិនស្រឡាញ់កូន ? ម្ដាយឯណាមិនគិតដល់កូន ? នៅលើលោកនេះ គ្មាន អ្នកម្ដាយណាម្នាក់ ដែលមិនចេះស្រឡាញ់កូន ឬមិនគិតគូពី កូនខ្លួនឯងនោះទេ ។ តាំងពីចាប់ផ្ដើម ចាប់បដិសណ្ឋិក្នុងផ្ទៃ ម្ដាយតែតែងភ័យ តែងតែព្រួយ ខ្លាចកូនប្រសូត មកមិនស្អាត មិនល្អ មិនរឹង មាំដូចគេ ម្ដាយត្រូវតែ ថែរក្សាសុខភាព ហូបនំចំណីក៏គិតដល់កូន យប់ថ្ងៃម្ដាយដេក មិនលក់ បក់ មិនល្ហើយ ក៏ព្រោះតែកូន..! ។ សួរថា ពេលកូនប្រសូតមក ឃើញពន្លឺថ្ងៃ រហូតធំដឹងក្ដី តើកូនបាន ធ្វើអ្វីខ្លះ ដើម្បីជាការតបស្នង នូវមហាទិគុណ ដ៏ធំធេងនេះ ចំពោះអ្នកម្ដាយ?

ជាការពិត បើទោះបីជាកូន មិនបានធ្វើអ្វី ដើម្បីជាការតបស្នង សងគុណ អ្នកម្ដាយ ក៏អ្នកម្ដាយ នៅតែមានក្ដីសណ្ដោស ប្រោសប្រណី ដល់កូនគ្រប់វិនាទី គ្រប់ដង្ហើមចេញចូល ប៉ុន្តែសុំតែម្យ៉ាង កុំធ្វើឲ្យអ្នកម្ដាយពិបាកចិត្ត គឺជាប្រការល្អណាស់ ។ តែអ្វីដែលធ្វើឲ្យ អ្នកម្ដាយទួញសោក គ្មាន ស្រាកស្រាន គឺការបាត់បង់នូវ កូនរបស់ខ្លួន គ្មានថ្ងៃត្រឡប់វិញ និងនៅតែនឹកឃើញ នូវស្នាម ញញឹម របស់កូនជានិច្ច ទោះជាជីវិតកូនបាន ផុតរលត់ ពីលោកានេះ ទៅហើយក្ដី ។

ប្រិយមិត្តអ្នកអាន ជាទីមេត្រី..! សូមបង្វែអារម្មណ៍ប្រិយមិត្ត អ្នកអានទាំងអស់ ងាកមកចាប់ អារម្មណ៍លើ ខ្សែជីវិត របស់តារាកំប្លែងជើងចាស់ មួយរួប គឺលោកយាយ ណយ សំណាង ថាតើខ្សែជីវិតរបស់គាត់ នៅពេលនេះ កំពុងតែជួបប្រទះ នូវបញ្ហាអ្វីខ្លះ ? ពិតណាស់ហើយថា ពេលឮឈ្មោះ យាយ ណាង អ្នកណាៗក៏ស្គាល់ដែរថា រូបគាត់ជាតារាកំប្លែង តែងតែធ្វើឲ្យមហាជន គ្រប់ស្រទាប់វណ្ណៈ ផ្ទុះសំណើច សើចក្អាកក្អាយ រាល់ពេល លោកយាយ ឡើងឆាកសម្ដែង ចែកជូនបងប្អូនទស្សនាម្ដងៗ ។

ប៉ុន្តែខ្សែជីវិត របស់លោកយាយណាង នៅពេលនេះ កំពុងតែទូលទុក្ខប៉ុនភ្នំ នៅពេលដែល លោក យាយ បានបាត់បង់ នូវកូនប្រុស ជាទីស្រឡាញ់ ស្មើជីវិត ស្មើនឹងកែវភ្នែក ដោយសារតែគ្រោះ ថ្នាក់ចរាចណ៍ ក្នុងរថយន្ត របស់តារាចម្រៀង ខេមរៈ សិរីមន្ត កាលពីដើមខែ មីនា ឆ្នាំ ២០១៣ កន្លងទៅ។ ពេលរំឭកទៅដល់ ការស្លាប់ របស់កូនប្រុសពេលណា យាយណាង តែងតែយកដៃ ខ្ទប់មុខ ទឹកភ្នែកហូរ ជ្រាបចេញពីផែនថ្ពាល់ សំឡេងខ្សឹបខ្សួល រកអ្វីនឹងនិយាយមិនចេញ។

នៅក្នុងកម្មវិធីសន្និសីទ សារព័ត៌មានមួយ កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ ២០១៣ នៅឯស្នាក់ការ សមាគមសិល្បករខ្មែរ ដែលមានលោក សុះ ម៉ាច ជាប្រធាន អមដោយលោក ជួង ជី ហៅនាយ កុយ តារាចម្រៀង សិរីមន្ត និងឪពុកម្ដាយជនរងគ្រោះផ្សេងទៀត ពេលដល់នាទី លោក យាយ ណាង បញ្ចេញយោបល់ គឺអ្នកសារព័ត៌មានទាំងអស់ បានត្រឹមតែស្ដាប់សំឡេងខ្សឹបខ្សួល និយាយទាំងអួលដើមក ព្រោះស្ដាយស្រណោះ ជីវិតកូន ខណៈដែលនៅសល់តែ ប៉ុន្មានខែទៀត ប៉ុណ្ណោះ គឺគម្រប់ខួប១ឆ្នាំទៅហើយ ប៉ុន្តែលោក យាយ នៅតែមិនទាន់ទទួល បានសំណង ពី ក្រុមហ៊ុកបង្កហេតុ សូម្បីតែមួយរៀង លុយខ្មែរឡើយ។

យាយ ណាង បានលើកដៃប្រណម សូមឲ្យក្រុមហ៊ុន ទទួលខុសត្រូវ លើជីវិតរបស់កូន ប្រុសគាត់ ទោះបីជាសំណងនេះ មិនបានឲ្យកូនគាត់ មានជីវិតរស់ឡើង វិញក្ដី ក៏ជាទំនួលខុស ត្រូវមួយ ដើម្បីឲ្យ លោក យាយ ក៏ដូចជាគ្រួសារ ជនរងគ្រោះផ្សេងទៀត បានស្ងប់ចិត្ត ។ យាយ ណាង និយាយទាំងអួលដើមក ថា" ខាងតុលាការ បានកាត់ឲ្យ ឈ្នះហើយ ហេតុអីបានជា ស្ងាត់ឈឹង អ៊ីចឹង..! (យំ)គ្រាន់តែចង់ឲ្យ ខាងក្រុមហ៊ុន មេត្តាអាណិត ជួយដោះស្រាយឲ្យផង..! សូមជូនដំណឹង នេះ ដល់សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត មេត្តាជួយរកដំណោះស្រាយ (អន្តរាគមន៍) រឿងនេះ ឲ្យបានចេញឆាប់ (យំ) ជិតខួបទៀតហើយ មិនទាន់ដោះស្រាយចេញ...បានហើយ..និយាយអត់រួចទៀតទេ...! "។

តាមរយៈសម្ដីដ៏គួរឲ្យសង្វេគនេះ បានបញ្ជាក់ថា ម្ដាយពិតជាខ្លោចចិត្តណាស់ ចំពោះកូនដែល បានស្លាប់ ទៅហើយ តែនៅមិនទាន់បាន ទទួលយុត្តិធម៌ ដូចច្នេះព្រលឹងរបស់ កូនប្រុសគាត់ ពិតជាមិនស្ងប់ គឺនៅវិលវល់ រកភពមិនទាន់ឃើញ និងសូមឲ្យអ្នកពាក់ព័ន្ធ ទាំងអស់ ជាពិសេស ក្រុមហ៊ុន SK និងក្រុមហ៊ុន កាំមិនកូ មេត្តាចេញមក ដោះស្រាយ ឲ្យបានរួសរាន់បំផុត លើសំណង ដែលតុលាការសាដំបូង ខេត្តព្រះសីហនុ បានចេញសាលក្រម ឲ្យភាគីរងគ្រោះឈ្នះ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល