ភ្នំពេញ៖ ក្រសួងឧស្សាហកម្ម និងសិប្បកម្ម និងធនាគារពិភពលោក បានពិភាក្សាគ្នាផ្តោតលើដំណើរការអនុវត្តគម្រោងលើកកម្ពស់ការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យនៅខេត្តចំនួន៦ ក្រោមគម្រោងហិរញ្ញប្បទានឥណទានសម្បទានរបស់ធនាគារពិភពលោក ដែលមានទឹកប្រាក់ជាង ៥៧លានដុល្លារ រយៈពេល៥ឆ្នាំ។

ជំនួបនោះ បានធ្វើឡើងរវាងរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម លោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ និងនាយកប្រតិបត្តិធនាគារពិភពលោកទទួលបន្ទុកវិស័យទឹកសកលប្រចាំតំបន់អាស៊ី លោក Takuya Kamata កាលពីថ្ងៃសុក្រ នៅទីស្តីការក្រសួង។

អ្នកនាំពាក្យក្រសួងឧស្សាហកម្ម និងសិប្បកម្ម លោក អ៊ុំ សុថា បានមានប្រសាសន៍នៅថ្ងៃចន្ទនេះថា គម្រោងលើកកម្ពស់ការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ ដែលមានទឹកប្រាក់ចំនួន ៥៧,៥លានដុល្លាររបស់ធនាគារពិភពលោក ក្នុងនោះមានថវិកាបដិភាគរបស់រាជរដ្ឋាភិបាលចំនួន២,៥លានដុល្លារ សម្រាប់រយៈពេល៥ឆ្នាំ ចាប់ពីឆ្នាំ ២០១៩ ដល់ឆ្នាំ២០២៤ នឹងផ្តោតទៅលើការអនុវត្តលើវិស័យទឹកស្អាតក្នុងទឹកប្រាក់ចំនួន ៣២លានដុល្លារ និងវិស័យអនាម័យចំនួន ២៥,៥លានដុល្លារ។

លោកបន្តថា ការអនុវត្តគម្រោងនេះ បានកំណត់ទៅលើការពង្រីកបណ្តាញ និងផលិតកម្មនៅស្រុកស្ទោង ខេត្តកំពង់ធំ និងក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី, ការអភិវឌ្ឍការផ្គត់ផ្គង់ទឹកស្អាតខ្នាតតូចនៅស្រុកភ្នំព្រឹក ខេត្តបាត់ដំបង និងឃុំមួយចំនួននៅខេត្តព្រៃវែង សៀមរាប និងកំពង់ឆ្នាំង។

លោកថា៖ «កន្លងមក នៅតាមទីប្រជុំជនខេត្តមួយចំនួន គឺយើងមានរដ្ឋាករផ្គត់ផ្គង់ទឹកស្អាតរបស់រដ្ឋយើងហើយ ក៏ប៉ុន្តែលទ្ធភាពយើងនៅមិនទាន់ឆ្លើយតបនឹងតម្រូវការប្រើប្រាស់ដែលកើនឡើងជារៀងរាល់ថ្ងៃ អីចឹងគម្រោងនេះនឹងជួយពង្រីកបណ្តាញចែកចាយទឹកស្អាតទៅតាមផ្ទះប្រជាពលរដ្ឋនៅតាមខេត្តគោលដៅ»។

អ្នកស្រី ប៉េង ណេ អាយុ ៦៧ឆ្នាំ រស់់នៅស្រុកព្រះស្តេច ខេត្តព្រៃវែង បាននិយាយនៅថ្ងៃចន្ទនេះថា ក្នុងតំបន់អ្នកស្រីរស់នៅ នៅពុំទាន់មានបណ្តាញទឹកស្អាតប្រើប្រាស់នៅឡើយ ប៉ុន្តែអ្នកស្រីរំពឹងថា តាមរយៈគម្រោងអភិវឌ្ឍន៍នានារបស់រាជរដ្ឋាភិបាល និងដៃគូរអភិវឌ្ឍន៍ នឹងអាចធ្វើឲ្យប្រជាពលរដ្ឋនៅតាមទីជនបទមានទឹកស្អាតប្រើប្រាស់ក្នុងពេលឆាប់ៗនេះ។ អ្នកស្រីថា៖ «បច្ចុប្បន្ន ខ្ញុំប្រើប្រាស់ទឹកភ្លៀងដែលបានត្រងទុកក្នុងពាង ហើយនិងទឹកស្រះ អីចឹងបើសិនមានការជួយលើវិស័យនេះ គឺជារឿងល្អ ប្រជាពលរដ្ឋនៅជនបទអាចមានទឹកស្អាតប្រើប្រាស់ដូចអ្នកនៅទីក្រុងដែរ»។

រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម លោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បានថ្លែងក្នុងជំនួបពិភាក្សានោះថា គម្រោងនេះ មានសារសំខាន់ក្នុងការរួមចំណែកគោលដៅអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាល និងក្រសួងលើវិស័យទឹកស្អាតសម្រាប់គោលដៅឆ្នាំ២០២៥។ លោកបានបញ្ជាក់ថា៖ «ក្រសួងកំពុងផ្តោតលើការផ្គត់ផ្គង់ទឹកស្អាត មិនតែក្នុងតំបន់ទីក្រុង និងទីប្រជុំជនទេ តែត្រូវយកចិត្តទុកដាក់ដល់ទីជនបទតាមលទ្ធភាពជាក់ស្តែង»។

លោកចម ប្រសិទ្ធ បានបន្ថែមទៀតថា ថ្មីៗនេះ រាជរដ្ឋាភិបាល បានសម្រេចមិនយកពន្ធចំពោះការនាំចូលឧបករណ៍សម្ភារៈមួយចំនួនធំ បម្រើឲ្យរោងចក្រផលិតទឹកស្អាតផងដែរ ដែលកិច្ចការនេះ ជាការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលក្នុងការកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់សុខមាលភាពប្រជាពលរដ្ឋតាមរយៈការប្រើប្រាស់ទឹកស្អាតនេះ។

នាយកប្រតិបត្តិធនាគារពិភពលោកទទួលបន្ទុកវិស័យទឹកសកលប្រចាំតំបន់អាស៊ី លោក Takuya Kamata បានមានប្រសាសន៍ថា គម្រោងទឹកស្អាត និងអនាម័យនេះ ជាចំណុចចាប់ផ្តើមជាថ្មីលើការគាំទ្រក្នុងវិស័យទឹកស្អាតរបស់ធនាគារពិភពលោកដល់កម្ពុជា តាមរយៈការរៀបចំផែនការលម្អិត និងការធ្វើសកម្មភាពអនុវត្តគម្រោងរួមគ្នាជាមួយក្រសួងប្រកបដោយតម្លាភាព។ លោកថា ៖ «ធនាគារពិភពលោកសង្ឃឹមថា កិច្ចសហការរួមគ្នាលើការអនុវត្តគម្រោងនេះ នឹងទទួលបានផ្លែផ្កាស្របតាមគោលដៅដែលបានដាក់ចេញ»។

នៅក្នុងទិវាទឹកពិភពលោកលើកទី២៦ នៅរាជធានីភ្នំពេញ កាលពីខែមីនា លោក នួន ដាញ៉ិល រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បានឲ្យដឹងថា បច្ចុប្បន្ន មានប្រជាពលរដ្ឋនៅសហគមន៍ជនបទជាង ៣០ភាគរយ ដែលនៅមិនទាន់ទទួលបានសេវាទឹកស្អាតប្រើប្រាស់ ដែលករណីនេះទាមទារឲ្យភាគីពាក់ព័ន្ធទាំងអស់ ចូលរួមសហការគ្នាបន្ថែមទៀតក្នុងការដោះស្រាយបញ្ហានេះ ខណៈដែលរាជរដ្ឋាភិបាល ក៏បានដាក់ចេញនូវគោលនយោបាយជាតិ ស្តីពីការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ដោយថា នៅឆ្នាំ២០២៥ ប្រជាពលរដ្ឋគ្រប់រូបនៅសហគមន៍ជនបទ ត្រូវទទួលបានសេវាផ្គត់ផ្គត់ទឹកស្អាត និងអនាម័យគ្រប់គ្រាន់ ព្រមទាំងរស់នៅក្នុងបរិស្ថានដែលមានអនាម័យប្រកបដោយនិរន្តភាព ៕

ប្រភព ៖ khmertimes