(ភ្នំពេញ)៖ នេះជាលើកទី១ហើយ ដែលតារាសម្ដែងវ័យក្មេង សាច់សរខ្ចី កំពុងតែមានរឿងក្ដីក្ដាំលែងលះ ជាមួយស្វាមីហេងស៊យ អ្នកនាង ភិន សុដាលីស បានបញ្ចេញប្រាប់ ពីអារម្មណ៍ឈឺចាប់ ឲ្យមហាជនបានដឹង បន្ទាប់ពីរឿងនេះ បានបែកធ្លាយជាង១ខែមកហើយ ។ ការបញ្ចេញសារគួរឲ្យភ្ញាក់ផ្អើលនេះ គឺស្របពេលដែលអ្នកទាំងពីរ កំពុងតែត្រៀមខ្លួន នឹងចូលតុលាការ នៅថ្ងៃទី ១២ ខែឧសភា ឆ្នាំ ២០១៦ ស្អែកនេះ ។ ជាមួយគ្នានឹងការបញ្ចេញ អារម្មណ៍ឈឺចាប់គួរឲ្យអាណិតនេះ ភិន សុដាលីស ក៏បានសារភាពថា នាងកំពុងមានកូនក្នុងផ្ទៃ ហើយរំពឹងថា ភាពឈឺចាប់នេះ នឹងរសាត់អណ្ដែតចេញពីនាង តាមពេលវេលា ក្នុងពេលឆាប់ៗនេះ។

ក្នុងសារដែល ភិន សុដាលីស បង្ហាញឲ្យមហាជនដឹង ជាលើកដំបូង នៅពេលនេះ នាងបានសរសេរថា «សុំទោសចំពោះការបាត់មុខ តែយ៉ាងណាក៏ដោយ ក៏អរគុណចំពោះការតេ និងផ្ញើរសារលើកទឹកចិត្ត ក៏ដូចជារាល់ comments ទាំងអស់ ។ ខ្ញុំពិតជាសុំទោសណាស់ ដែលខ្ញុំមិនអាចធ្វើការឆ្លើយតប ឬចូលអានភ្លាមៗនៅពេលនោះ ។ អ្នកខ្លះក៏បានធ្វើការតបត ទៅលើ comments និង share អាក្រក់ៗមកលើរូបខ្ញុំ ខ្ញុំពិតជាអរគុណណាស់ អរគុណដែលបានប្រាប់ឲ្យខ្ញុំរឹងមាំ និងអរគុណចំពោះការស្រឡាញ់ មកលើកូនរបស់ខ្ញុំ។ ខ្ញុំពិតជាមានសំណាងណាស់ ដែលមានអ្នកទាំងអស់គ្នា នៅក្បែរមិនធ្វើឲ្យខ្ញុំមានអារម្មណ៍ថា ឯកា!» ។

ស្រីស្រស់ ភិន សុដាលីស បានសសេរបន្តទៀតថា «វាពិតជាគ្រប់គ្រាន់ណាស់ហើយ សម្រាប់ខ្ញុំ ដែលខ្ញុំ និង កូនខ្ញុំត្រូវបានគេស្រឡាញ់បែបនេះ ហើយពួកយើងសង្ឃឹមថា អាចតបស្នងអ្នកទាំងអស់គ្នាវិញ ចំពោះក្តីស្រឡាញ់មួយនេះ ។ អរគុណណាស់ មានតែពេលវេលាទេ ដែលអាចធ្វើឲ្យការឈឺចាប់មួយនេះ ជាសះស្បើយ » ។

សូមបញ្ជាក់ថា បណ្ដឹងរបស់តារាសម្ដែង ប៉ែន ចំរ៉ុង ប្ដឹងលែងលះ ភរិយាឥតខាន់ស្លា នាង ភិន សុដាលីស ទាំងនាងកំពុងតែមានកូននៅក្នុងផ្ទៃ ប្រមាណជិត៤ខែផងនោះ តុលាការនឹងត្រូវកោះហៅ អ្នកទាំងពីរឲ្យចូលបំភ្លឺ និងសម្របសម្រួល នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៦ ស្អែកនេះ នៅសាលាដំបូងរាធានីភ្នំពេញ។ ប៉ុន្តែតាមការឲ្យដឹង ពីអ្នកសិល្បៈដូចគ្នា បានបង្ហើបថា ទោះបីជាអ្នកទាំងពីរត្រូវទទួលបាន ការសម្របសម្រួលពីមន្រ្តីតុលាការក្ដី ក៏ចំណងស្នេហ៍នេះ មិនអាចត្រូវរ៉ូវគ្នា ឬជួបជុំគ្នាវិញបានឡើយ ព្រោះពួកគេទាំងពីរ សុទ្ធតែមានជំហររៀងៗខ្លួនហើយថា ត្រូវតែចែកផ្លូវគ្នា ពោលមិនអាចរស់នៅចុះសម្រុងគ្នា បានតទៅទៀតនោះទេ ៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង