កំពង់ចាម ៖ បុរសពោះម៉ាយម្នាក់ ត្រូវបានប្រជាពលរដ្ឋ នៅជិតផ្ទះ ប្រទះឃើញស្លាប់ នៅក្នុងបន្ទប់ទឹក នារសៀលថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៤នេះ ស្ថិតនៅ ភូមិគៀនជ្រៃក្រៅ ឃុំគៀនជ្រៃ ស្រុកកំពង់សៀម ខេត្តកំពង់ចាម ដោយមន្រ្តីនគរបាល មូលដ្ឋាន និងមន្រ្តីនគរបាល ជំនាញ សន្និដ្ឋានថា ជាករណី ខ្យល់គ ក្រោយផឹកស៊ីស្រវឹង ហើយចូលទៅក្នុងបន្ទប់ទឹក។

មន្រ្តីនគរបាល ស្រុកកំពង់សៀម បានថ្លែងឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ចាន់ រិទ្ធី អាយុ៤៥ឆ្នាំ និងរស់នៅតែម្នាក់ឯង ក្រោយលែងលះជាមួយ ប្រពន្ធ កូនយូហើយ។

មន្រ្តីនគរបាល បានបន្តទៀតថា សពជនរងគ្រោះ ត្រូវបានប្រជាពលរដ្ឋ ប្រទះឃើញ នៅក្នុងបន្ទប់ទឹក ដោយសារតែ ធំក្លិចស្អុយ ហើយស្លាប់ប្រហែល កាលពី២ថ្ងៃមុនមកម្ល៉េះ ។

បើតាមមន្រ្តីនគរបាល ជនរងគ្រោះ កាលពីប៉ុន្មានថ្ងៃមុននេះ បានរត់ទៅ ចង់ចង ក ម្តងហើយ ប៉ុន្តែត្រូវគេជួយទាន់ ទំនងមានវិបត្តិផ្លូវចិត្ត ខណៈប្រពន្ធ និងកូនបានចុះចេញពីផ្ទះ ហើយរស់នៅតែម្នាក់ឯង ។

ជុំវិញការប្រទះឃើញ សពជនរងគ្រោះរូបនេះ ស្នងការនគរបាល ខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ត្រី បែន រ័ត្ន បានបញ្ជាក់ថា ក្រោយការពិនិត្យសព ពីមន្រ្តីនគរបាលជំនាញ របស់លោករួចមក បានបង្ហាញថា ជនរងគ្រោះមិនមែន ស្លាប់ដោយសារ អំពើឃាតកម្មនោះទេ ពោលអាចបណ្តាលមកពី ខ្យល់គ ហើយដួលស្លាប់តែម្តង ។

បើតាមលោកស្នងការ មុនពេលកើតហេតុ ជនរងគ្រោះមានសភាពស្រវឹង រួចចូលទៅ ក្នុងបន្ទប់ទឹក ស្រាប់តែនៅរសៀលថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៤នេះ ក៏មានប្រជាពលរដ្ឋ រាយការណ៍ ជូនសមត្ថកិច្ច បានប្រទះឃើញសពជនរងគ្រោះ ដោយមានធំក្លិន ស្អុយទៀតផង។

ក្រោយពិនិត្យ និងធ្វើកោសល្យវិច័យរួចមក សពជនរងគ្រោះ ត្រូវបានសមត្ថកិច្ច ប្រគល់ជូនសាច់ញាតិ និងប្រជាពលរដ្ឋ នៅក្នុងភូមិយកទៅធ្វើបុណ្យ តាមប្រពៃណី ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល