(ភ្នំពេញ)៖ គណៈសង្ឃនាយកនៃកម្ពុជា បានសម្រេចដកតំណែង ព្រះមេគណខេត្តកំពង់ស្ពឺ ព្រះនាម ឌូ វណ្ណឌឿន តាមរយៈបង្ខំឲ្យលាលែង ក្រោយពីព្រះសង្ឃអង្គនេះ បានប្រព្រឹត្តខុសធម៌វិន័យរបស់ព្រះពុទ្ធ ដោយសារព្រះអង្គឡើងច្រៀងរាំ នៅលើឆាកតន្ត្រីឲ្យពុទ្ធបរិស័ទ រាំក្នុងអំឡុងពេលចូលឆ្នាំថ្មីៗនេះ ហើយត្រូវបានគេថតជាវីដេអូបង្ហោះ ពេញ Facebook កាលពីម្សិលមិញ (ថ្ងៃទី២០ ខែមេសា ខែ២០១៦) រួចមក។

ការសម្រេចនេះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំគណៈសង្ឃនាយក និងមន្ត្រីក្រសួងធម្មការ កាលពីយប់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៦ម្សិលមិញ នេះនៅក្នុងវត្តបុទុមវតី បន្ទាប់ពីឃ្លីបវីដេអូសកម្មភាព រាំច្រៀងខាងលើត្រូវបានបែកធ្លាយ ជាសាធារណៈរួចមក នេះបើតាមការអះអាងប្រាប់ភ្នាក់ងារ Fresh news ពីលោក សេង សុមុនី អ្នកនាំពាក្យក្រសួងធម្មការ និងសាសនា នៅព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៦នេះ តែលោកបានអះអាងថា តំណែងជាព្រះចៅអធិការ គឺមិនបានដកហូតនោះទេ។

តាមព័ត៌មានគណៈសង្ឃនាយក បានកោះប្រជុំទាំងយប់ ក្រោយពីវីដេអូនៃការច្រៀងរាំ នៅលើឆាកតន្ត្រីសម័យប្រមាណ៥ទៅ៦បទ ដូចជាបទពង្សាវតាខ្មែរ បទ «ស្រអែមផល្លា» បទ «ដើរលែងក្នុងសួន» ជាដើម... របស់មេគណខេត្តកំពង់ស្ពឺ ដែលត្រូវបានគេបង្ហោះ នៅលើបណ្តាញសង្គម Facebook ហើយធ្វើឲ្យមានការរិះគន់យ៉ាងខ្លាំង ពីអ្នកប្រើប្រាស់បណ្តាញសង្គមមួយនេះ។

កិច្ចប្រជុំគណៈសង្ឃនាយក កាលពីយប់មិញនេះ ដឹកនាំដោយសម្តេចសង្ឃនាយក នន្ទ ង៉ែត តែម្តង ហើយក៏មានវត្តមានសាម៉ីខ្លួន ដែលជាអ្នកប្រព្រឹត្តប្រាសចាកធម៌វិន័យ គឺមេគណខេត្តកំពង់ស្ពឺ ព្រះអង្គ ឌូ វណ្ឌឌឿន ផងដែរ ។

នៅចំពោះមុខគណៈសង្ឃនាយក ព្រះអង្គ ឌូ វណ្ឌឌឿន បានទទួលស្គាល់កំហុសរបស់ខ្លួន ហើយគណៈសង្ឃនាយក ក៏សម្រេចបង្ខំព្រះអង្គជាមេគណខេត្តកំពង់ស្ពឺ ឲ្យលាលែងពីតំណែងតែម្តង ដើម្បីប្រគល់ឲ្យព្រះសង្ឃដែលគង់ នៅវត្តផ្សេងទៀត នៅខេត្តកំពង់ស្ពឺ កាន់តំណែងជំនួសវិញម្ដង ។

គណៈសង្ឃនាយក ចាត់ទុកការច្រៀងរាំនៅលើឆាក ជាសាធារណៈរបស់ព្រះតេជគណ ឌូ វណ្ណឌឿន ថាជាសកម្មភាពផ្ទុយធម៌វិន័យព្រះពុទ្ធជាម្ចាស់ ហើយនឹងធ្វើឲ្យប៉ះពាល់ ដល់កិត្តិយសព្រះពុទ្ធសាសនាជាពិសេស គឺកិត្តិយសព្រះសង្ឃ ដែលជាស្រែបុណ្យរបស់ពុទ្ធបរិស័ទ។

សូមបញ្ជាក់ថា ព្រះសង្ឃឌូ វណ្ឌឌឿន ខាងលើនេះក្រៅពីមានតំណែងជា មេគណខេត្ត ព្រះអង្គក៏ជាព្រះចៅ អធិការវត្តរលាំងកំពូល ស្ថិតនៅក្នុងឃុំព្រៃផ្ដៅ ស្រុកសំរោងទងផងដែរ។ ក្នុងនោះលោកសង្ឃអង្គនេះ ទើបតែឡើងតំណែងជា មេគណខេត្តបានតែប៉ុន្មានខែប៉ុណ្ណោះ គឺឡើងជំនួសព្រះសង្ឃព្រះនាមខៀវ សន ដែលជាមេគណចាស់ ទទួលអនិជ្ជធម្មទៅ។ ពុទ្ធបរិស័ទ មន្ត្រីរាជការនៅក្នុងខេត្តកំពង់ស្ពឺ បានអះអាងថា តាមពិតក្រោយព្រះសង្ឃ ខៀវ សន ដែលជាមេគណចាស់សុគត ទៅអ្នកស្រុកមានបំណងស្នើតែងតាំង ព្រះសង្ឃផ្សេងដែលពុទ្ធបរិស័ទ គោរពស្រឡាញ់ដូចព្រះសង្ឃ ខៀវ សន ដែរ តែដោយសារមានការអន្តរាគមន៏ ពីអ្នកធំៗមួយចំនួន ទើបថ្នាក់លើសម្រេចតែងតាំង ព្រះសង្ឃ ឌូ វណ្ឌឌឿន នេះឡើងជាមេគណខេត្ត តែម្ដងទៅទាំងពុទ្ធបរិស័តមិនពេញចិត្ត ព្រោះធ្លាប់មានរឿងអាស្រូវច្រើន។ ឥឡូវបើបានជាបែករឿងហើយ អ្នកស្រុកសូមឲ្យខាងគណៈសង្ឃ ក៏ដូចខាងក្រសួងធម្មការបន្ត ធ្វើការស្រាវជ្រាវលើព្រះសង្ឃអង្គនេះបន្តទៀត ព្រោះឮថាមានរឿងអាស្រូវក្បែរៗ វត្តច្រើនណាស់៕

-ចុចទីនេះ ដើម្បីទស្សនាវីដេអូនេះ

ផ្តល់សិទ្ធដោយ ៖ ហ្រ្វេសញូវអាសុី