យោងតាមការសិក្សាថ្មីមួយដែលធ្វើឡើងដោយទីភ្នាក់ងារម៉ាកទំនិញសកលលោក Millward Brown បានឲ្យដឹងថា ក្រុមហ៊ុន Apple បានយកឈ្នះក្រុមហ៊ុន Google ក្នុងនាមជាផលិតផលម៉ាកដែលមានតម្លៃខ្ពស់ជាងគេបំផុតរបស់ពិភពលោក ដោយបញ្ចប់អាណត្តិរយៈពេល ៤ឆ្នាំជាអ្នកនាំមុខផ្នែកម៉ាស៊ីនស្វែងរកនៅលើអ៊ីនធឺណិត។
តាមការសិក្សា BrandZ ប្រចាំឆ្នាំនៃម៉ាកផលិតផលនាំមុខចំនួន ១០០ របស់ពិភពលោក បង្ហាញថា បច្ចុប្បន្នម៉ាករបស់ក្រុមហ៊ុនផលិតទូរស័ព្ទ iPhone និងកុំព្យូរទ័រខ្នាតតូច iPad មានតម្លៃ ១៥៣ពាន់លានដុល្លារ ពោលគឺជិតស្មើនឹងពាក់កណ្តាលនៃដើមទុនជាភាគហ៊ុនរបស់ក្រុមហ៊ុន Apple។
ទំហំវិនិយោគរបស់ក្រុមហ៊ុន Apple លើផលិតផលប្រើប្រាស់ដែលមានតម្រូវការខ្ពស់នេះ បានជំរុញឲ្យក្រុមហ៊ុនយកឈ្នះក្រុមហ៊ុន Microsoft ក្លាយជាក្រុមហ៊ុនបច្ចេកវិទ្យាដែលមានតម្លៃខ្ពស់បំផុតរបស់ពិភពលោកកាលពីឆ្នាំមុន។
លោក Peter Walshe អគ្គនាយកខាងម៉ាកផលិតផលពិភពលោករបស់ក្រុមហ៊ុន Millward Brown បានឲ្យដឹងថា ការយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះព័ត៌មានលម្អិតរបស់ក្រុមហ៊ុន Apple ជាមួយនឹងកំណើនវត្តមានផលិតផលរបស់ក្រុមហ៊ុននេះក្នុងបរិយាកាសរួមនោះ បានធ្វើឲ្យក្រុមហ៊ុននេះ អនុវត្តខុសប្លែកពីក្រុមហ៊ុនផលិតគ្រឿងប្រើប្រាស់អេឡិចត្រូនិចផ្សេងទៀត។
(ប្រភព៖ PPP)