
អតិថិជនរបស់ក្រុមហ៊ុន Apple បានតម្រង់ជួរគ្នាកាលពីចុងសប្តាហ៍មុន ដោយអតិថិជនខ្លះថែមទាំងបានដេករង់ចាំក្នុងតង់មួយយប់ទៀតផង ដើម្បីទិញផលិតផល iPad 2 ថ្មី នៅពេលដែលផលិតផលនេះ បានដាក់លក់នៅក្រុមហ៊ុនលក់រាយដែលបានទទួលសិទ្ធិចែកចាយផលិតផលនេះ នៅទីក្រុងបាងកក។
តម្រូវការផលិតផល iPad 2 នេះ មានកម្រិតខ្ពស់ណាស់ ដែលបណ្តាហាងលក់ផលិតផលនេះ បានឲ្យដឹងថា ផលិតផលនាំចូលរបស់ខ្លួន ប្រហែលជាលក់អស់នៅថ្ងៃនេះ ប៉ុន្តែផលិតផលនេះជាច្រើនគ្រឿងទៀត កំពុងតែនាំចូលមក។
លោក Kriengsak Chamadol អាយុ៣៣ឆ្នាំ បានធ្វើដំណើរទៅកាន់ហាង iStudio នៅផ្សារ Siam Discovery នៅម៉ោង ៥ល្ងាចកាលពីថ្ងៃព្រហស្បតិ៍ ដើម្បីទិញផលិតផល iPad 2 នេះមុនគេ នៅពេលដែលហាងនេះចាប់បើកលក់នៅម៉ោង ១១ ព្រឹកកាលពីថ្ងៃសុក្រ។
លោក Kriengsak ដែលបើកហាងហ្គេមមួយនៅ Digital Gateway ទល់មុខផ្លូវទៅកាន់ផ្សារ Siam Discovery បានឲ្យដឹងថា៖ �ខ្ញុំពិតជាចូលចិត្តលេងហ្គេមណាស់ ហើយផលិតផល iPad នេះអាចបំពេញតម្រូវការខ្ញុំបាន ជាពិសេសចាប់តាំងពីហ្គេមកុំព្យូទ័រជាច្រើន អាចលេងបាន នៅក្នុង iPad។ មិនតែប៉ុណ្ណោះ ខ្ញុំអាចមើលគំនូរជីវចលដែលខ្ញុំចូលចិត្តនៅក្នុងសៀវភៅអេឡិចត្រូ និកទៀតផង�។
លោកគឺជាអតិថិជនម្នាក់ក្នុងចំណោម ១០ នាក់ដែលបានរង់ចាំមួយយប់ ដើម្បីទិញផលិតផល iPad 2 ខណៈដែលនៅពេលព្រឹកមានអតិថិជនតម្រង់ជួរដល់ ៤០ នាក់។
ទោះជាមានការនាំចូលផលិតផល iPad 2 ខុសច្បាប់រយៈពេល១ខែមុនការចាប់ផ្តើមដាក់លក់ជាស្របច្បាប់នេះ ក្តី ក៏ក្រុមហ៊ុន ដែលបានទទួលសិទិ្ធចែកចាយផលិតផលនេះ បានឲ្យដឹងថា តម្រូវការផលិតផល iPad 2 ថ្មីនេះ មានកម្រិតខ្លាំងជាងម៉ូដែលជំនាន់ទីមួយ។
តាមការអង្កេតរបស់ទីភ្នាក់ងារព័ត៌មាន Bangkok Post កាលពីថ្ងៃសុក្របានឲ្យដឹងថា អតិថិជនភាគច្រើន គឺជាអតិថិជនដែលញៀនទៅនឹងផលិតផលរបស់ក្រុមហ៊ុន Apple ហើយពួកគេភាគច្រើនមានផលិតផល iPad ចាស់រួចទៅហើយ។ ឥឡូវនេះ ពួកគេចង់បានផលិតផល iPad ដែលមានល្បឿនលឿន និងមានមុខងារបន្ថែម។
ផលិតផល iPad2 មានអេក្រង់ទំហំ ៩,៧ អ៊ីញ និងមានបន្ទះឈីបប្រភេទ dual-core ដែលអាចកាន់ថ្មបាន ១០ ម៉ោង និងម៉ាស៊ីនថតពីរ (ដែលផលិតផល iPad មុនមិនមានម៉ាស៊ីនថតទេ) ព្រមទាំងអាចថតរូបភាពបានច្បាស់ល្អទៀតផង។ ផលិតផល iPad2 នេះ មានកម្រាស់ស្តើងជាងផលិតផលជំនាន់ទីមួយចំនួន ៣៣ភាគរយ និងស្រាលជាង ១៥ ភាគរយ។
តម្លៃ iPad2 នេះមានតម្លៃចាប់ពី ១៥ ៩០០ បាត សម្រាប់ម៉ូដែល 16GB WiFi ដល់ទៅ ២៥ ៩០០បាតសម្រាប់ម៉ូដែល 64GB WiFi ដែលមាន 3G។
អគ្គនាយកក្រុមហ៊ុន Apple ប្រចាំប្រទេសថៃ បានឲ្យដឹងថា ការនាំចូលផលិតផល iPad2 មកប្រទេសថៃមានចំនួនសរុប ១ ម៉ឺនគ្រឿង ដែលនឹងត្រូវបែងចែកទៅតាមសាខាចែកចាយធំៗ ចាប់ពី ១០០ ទៅ ១២០គ្រឿងក្នុងមួយថ្ងៃ។ គេរំពឹងថា ផលិតផលម៉ូដែល ដែលដាក់លក់ដំបូងនេះ នឹងលក់អស់នៅថ្ងៃស្អែក ហើយផលិតផលនាំចូលថ្មីនឹងមកដល់នៅសប្តាហ៍ក្រោយ។
ផលិតផល iPad2 មានលក់នៅតាមហាង Apple iStudio ហាង PowerBuy ហាង IT City និងហាង Banana IT។
អគ្គនាយករូបនេះ បានបន្តឲ្យដឹងទៀតថា៖ �ដូចជាប្រទេសផ្សេងទៀតដែរ យើងឃើញថា មានប្រតិកម្មខ្លាំងឆ្លើយតបចំពោះការដាក់លក់ផលិតផល iPad2 នេះ បើធៀបនឹងផលិតផល iPad ជំនាន់ទី១�។
បន្ទាប់ពីក្រុមហ៊ុន Apple បានបញ្ចុះតម្លៃផលិតផល iPad ជំនាន់ទី ១នេះ ចំនួនពីរដង សន្និធិផលិតផលនេះ លក់ស្ទើរតែអស់រលីង ហើយក្រុមហ៊ុនក៏បានផ្អាកផលិតកម្មផងដែរ។
លោក Wasana Ruckwadipakorn អគ្គនាយករងផ្នែកប្រតិបត្តិប្រចាំហាង PowerBuy បានឲ្យដឹងថា ការលក់ផលិតផល iPad2 នៅថ្ងៃទីមួយ ច្រើនជាងការលក់ផលិតផល iPad ចាស់ពីរដង។
ក្រុមហ៊ុន Apple គ្រោងនឹងបើកហាង iStudio ឲ្យបាន ៤០កន្លែងពីចំនួន ២២ កន្លែងនាពេលបច្ចុប្បន្ននៅក្នុងអាគារ PowerBuy របស់ខ្លួននៅចុងឆ្នាំនេះ ដើម្បីឆ្លើយតបនឹងតម្រូវការខ្ពស់នូវផលិតផលកុំព្យូទ័រខ្នាតតូច នេះ និងផលិតផលផ្សេងទៀតរបស់ក្រុមហ៊ុន Apple។
ទន្ទឹមនឹងនោះដែរ នៅផ្សារ MBK ពុំមានការនាំចូលផលិតផល iPad ថ្មីទៀតទេ ដោយសារហាងទាំងនោះ បានលក់ស្តុករបស់ខ្លួនអស់ មុនពេលហាងដែលបានទទួលសិទ្ធិចែកចាយ បានដាក់លក់ផលិតផលថ្មីនេះ។ នេះបើតាមសម្តីរបស់អាជីវករម្នាក់ ដែលលក់ផលិតផលនេះ។
នៅពេល iPad2 បានមកដល់ផ្សារ MBK លើកដំបូង កាលពីពីរ-បីសប្តាហ៍មុន អតិថិជនដែលគាំទ្រផលិតផលរបស់ក្រុមហ៊ុន Apple បានចំណាយប្រាក់ពី ៣៥ ០០០ ទៅ ៣៦ ០០០បាត ដើម្បីទិញផលិតផលនេះមុនគេ។ ក្រោយមកតម្លៃ បានធ្លាក់ចុះដល់ ២៨ ០០០បាតសម្រាប់ផលិតផល iPad2 ម៉ូដែល 3G 64GB៕