(កាលីហ្វរញ៉ា)៖ ភ្លើងឆេះព្រៃដ៏អាក្រក់ នៅតំបន់ជ្រលងភ្នំ Cajon ភាគខាងត្បូងរដ្ឋកាលីហ្វរញ៉ាសហរដ្ឋអាមេរិក បានបណ្តាលឲ្យមនុស្ស ៨២,០០០នាក់ហើយ ភៀសខ្លួនចេញពីលំនៅឋាន និងកន្លែងកម្សាន្តរបស់ពួកគេ ខណៈភ្លើង បានលេបត្របាក់ព្រៃឈើអស់ជាង ១០គីឡូម៉ែត្រក្រឡាទៅហើយនោះ។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិច ដោយសារព័ត៌មាន Metro របស់កាណាដា នាព្រឹកថ្ងៃពុធ ទី១៧ ខែសីហា ឆ្នាំ២០១៦។

ភ្លើងឆេះព្រៃដ៏អាក្រក់បន្ថែមទៀតនៅក្នុងឆ្នាំ ២០១៦នេះ បានកើតឡើងនៅចម្ងាយ ៩០ គីឡូម៉ែត្រនៃភាគខាងកើត ទីក្រុង ឡូស អាន់ជែឡេស ដែលនាំឲ្យផ្លូវថ្នល់ដែលផ្សាភ្ជាប់ទៅកាន់ទីក្រុង ឡាស វេហ្គាស នោះត្រូវបានផ្អាកជាបណ្តោះ អាសន្នផងដែរ។ មិនត្រឹមតែព្រៃឈើនោះទេដែលត្រូវឆេះខ្ទេច ដោយឡែកអគារសាធារណ និងផ្ទះប្រជាជនមួយចំនួនទៀត ក៏ត្រូវបានភ្លើងព្រៃនោះលេបត្របាក់ផងដែរ ស្ថិតនៅជុំវិញទីក្រុង Lytle Creek។

គួរបញ្ជាក់ថា នាប៉ុន្មានម៉ោងមុននេះ ប្រជាជនទាំងអស់ដែលរស់នៅលើតំបន់ភ្នំទេសចរណ៍ចំនួន ៤,៥០០នាក់ ត្រូវបាន អាជ្ញាធរក្នុងតំបន់ប្រាប់ឲ្យចាកចេញពីទីនោះជាបន្ទាន់ ពីព្រោះតែភ្លើងឆេះព្រៃ កំពុងតែមានមុខព្រួញសំដៅទៅកាន់ ទីកន្លែងដែលពួកគេរស់នៅនោះហើយ។ សម្រាប់មូលហេតុនៃភ្លើងឆេះព្រៃនោះ នៅមិនទាន់មានការបញ្ជាក់នោះទេ ប៉ុន្តែវាទំនងជាអាចបណ្តាលមកពី អាកាសធាតុក្តៅហួតហែង៕

ផ្តល់សិទ្ធិដោយ ៖ ខ្មែរថកឃីង