(តេហេរ៉ង់)៖ ប្រធានាធិបតីអ៊ីរ៉ង់ លោក ហាសាន់ រ៉ូហានី (Hassan Rohani) បានរិះគន់ ក៏ដូចជាច្រានចោលនូវអ្វីដែលលោកហៅថា ជានយោបាយថ្មីថ្មោងរបស់ លោក ដូណាល់ ត្រាំ ជុំវិញការហាមឃាត់ជាបណ្ដោះអាសន្ននូវការធ្វើដំណើររបស់ប្រជាជនអ៊ីរ៉ង់ និងប្រជាជនមកពីបណ្ដាប្រទេសមូស្លីមភាគច្រើនចំនួន០៦ ផ្សេងទៀតចូលក្នុងសហរដ្ឋអាមេរិក ហើយបើតាមលោក ប្រធានាធិបតីអាមេរិកថ្មីរូបនេះ ត្រូវការពេលវេលាយូរដើម្បីរៀនសូត្រពីអ្វីដែលកំពុងកើតឡើងនៅលើពិភពលោក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅរសៀលថ្ងៃពុធ ទី០១ ខែកុម្ភៈ ឆ្នាំ២០១៧។

ការលើកឡើងបែបនេះរបស់លោក រ៉ូហានី ធ្វើឡើងនៅក្នុងសុន្ទរកថាមួយតាមកញ្ចក់ទូរទស្សន៍រដ្ឋអ៊ីរ៉ង់ នៅថ្ងៃពុធនេះ។ លោកប្រធានាធិបតីអ៊ីរ៉ង់ បានលើកឡើងដូច្នេះថា «សព្វថ្ងៃនេះមិនមែនជាពេលវេលាបំបែកបំបាក់មនុស្សនោះទេ។ គាត់ (លោកត្រាំ) ជាអ្នកនយោបាយថ្មីសន្លាង ដែលហាក់ដូចជារស់នៅក្នុងពិភពមួយផ្សេងទៀត ពោលគឺគាត់កំពុងស្ថិតនៅក្នុងបរិយាកាសថ្មីទំាងស្រុង ដូច្នេះវាអាចនឹងត្រូវចំណាយពេលវេលាយូរ និងតម្លៃដ៏ច្រើនសន្ធឹកសន្ធាប់សម្រាប់សហរដ្ឋអាមេរិក ដើម្បីឱ្យគាត់អាចរៀនសូត្រស្វែងយល់ពីអ្វី ដែលកំពុងកើតឡើងនៅលើពិភពលោក»។

គួររំលឹកថាកាលពីថ្ងៃសុក្រសប្ដាហ៍មុន លោក ដូណាល់ ត្រាំ បានចុះហត្ថលេខាលើបទបញ្ជាប្រធានាធិបតី ស្ដីពីជនភៀសខ្លួន ដោយបានសម្រេចហាមឃាត់ជាបណ្ដោះអាសន្ននូវការធ្វើដំណើររបស់ប្រជាជនមកពីប្រទេសម៉ូសី្លមចំនួន០៧ ដូចជា អ៊ីរ៉ង់, អ៊ីរ៉ាក់, លីប៊ី, សូម៉ាលី, ស៊ូដង់, ស៊ីរី, និងយ៉េមែន ចូលក្នុងសហរដ្ឋអាមេរិក រយៈពេល៩០ថ្ងៃ រីឯជនភៀសខ្លួនមកពីបណ្តាប្រទេសជាច្រើន ត្រូវបានហាមឃាត់ រយៈពេល១២០ថ្ងៃ និងសម្រាប់ជនភៀសខ្លួនស៊ីរីវិញ ត្រូវបានហាមឃាត់ដោយ គ្មានពេលកំណត់៕

ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី