ភ្នំពេញ ៖ បុរសវ័យចំណាស់ម្នាក់ ជាកសិករនៅខេត្តព្រៃវែង បានដាំក្រូច ពោធិ៍សាត់ចំនួន ១២០ដើម នៅលើផ្ទៃដីទំហំ តែ ២៧អា អាចរកប្រាក់ បានរហូតដល់ ៣០លានរៀលក្នុងមួយឆ្នាំ ។

កសិករ អ៊ូ អួន រស់នៅភូមិភ្នង់ ឃុំស្ដៅកោង ស្រុកបាភ្នំ ខេត្តព្រៃវែង បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នៅក្នុង ចំការក្រូច កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៥ថា ដីភូមិរបស់លោកមានទំហំ៣០អា ប៉ុន្តែលោកបានធ្វើផ្ទះមួយខ្នង និងស្រះមួយអស់ដី៣អា។ ដូច្នេះទំហំដីដែលនៅសល់ចំនួន ២៧អា លោកបានដាំដើមក្រូចពោធិ៍សាត់ចំនួន១២០ដើម ព្រមទាំងមានដំណាំ បន្ទាប់បន្សំទៀត ដូចជា ចេក ត្របែក ក្រូចឆ្មា និងបន្លែដទៃទៀត ។

កសិកររូបនេះបានបន្តថា « ក្នុងមួយឆ្នាំ ខ្ញុំប្រមូលផលក្រូចពោធិ៍សាត់ ២ដង ដើមដៃ និងចុងដៃសរុបបាន២តោនកន្លះ ហើយលក់មែកក្រូចផ្សាំបានជាមធ្យម ១.៥០០មែកក្នុងមួយឆ្នាំ។ ក្រូចពោធិ៍សាត់ ១គីឡូក្រាមតម្លៃ ៦.០០០រៀល ហើយមែកផ្សាំ ១មែកតម្លៃ ១០.០០០រៀល ដែលខ្ញុំផ្សាំលក់ឲ្យគេមិនទាន់ផង គឺមានអ្នកមករកទិញច្រើនណាស់ មាន ទាំងខេត្តផ្សេងៗផង» ។

ដូច្នេះ ផ្លែក្រូច ២តោនកន្លះ ស្មើនឹង ២.៥០០Kg x ៦.០០០រៀល = ១៥លានរៀល ។ មែកក្រូចផ្សាំ ១.៥០០មែក x ១០.០០០រៀល = ១៥លានរៀល។ សរុបទាំងពីរស្មើ ៣០លានរៀល=៧.៥០០ដុល្លារក្នុងមួយឆ្នាំ ដោយមិនទាន់គិត ចំណូលពីចំការក្រូច និងបន្លែបង្កាផ្សេងទៀតរបស់គាត់ឡើយ ។

សូមបញ្ជាក់ថា ផ្លែក្រូចពោធិ៍សាត់ ប្រើជីធម្មជាតិសុទ្ធសាធនេះ មានរសជាតិផ្អែមឆ្ងាញ់ ប៉ុន្តែ ក្រុមទៅមើលចំការរបស់ កសិករ អ៊ូ អួន មិនបានហូបស្គាល់រសជាតិទេ ដោយសារតែផ្លែក្រូចនៅខ្ចីសល់ពីចុងដៃបន្តិចបន្តួចប៉ុណ្ណោះ។ ប៉ុន្តែ ក្រុមនេះ ដែលមានអ្នកយកព័ត៌មាន របស់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលផង បានស្គាល់រសជាតិផ្លែក្រូចពោធិ៍សាត់ របស់កសិករនៅភូមិក្បែរនោះ គឺពិតជាមានរសជាតិផ្អែមឆ្ងាញ់មែន ។

គួររំលឹកថា កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៥ លោកបណ្ឌិត យ៉ង សាំងកុមារ ប្រធានអង្គការសេដាក បានទៅ ខេត្តស្វាយរៀង ជួបជាមួយក្រុមសន្សំប្រាក់និយាយ ពីការសន្សំប្រាក់ និងប្រព័ន្ធនយោបាយ រួចថ្ងៃទី២២ ខែឧសភា ឆ្នាំ ២០១៥ បន្តដំណើរមកខេត្តព្រៃវែង ដើម្បីមើលចំការក្រូចពោធិ៍សាត់របស់កសិករមួយចំនួនក្រោមការណែនាំ បង្ហាត់ បង្រៀនការដាំដុះពីអង្គការសេដាក ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល