(ភ្នំពេញ)៖ Valentine’s Day ឬ ទិវាបុណ្យនៃសេចក្តីស្រឡាញ់ នឹងមកដល់ហើយ នៅថ្ងៃទី១៤ ខែកុម្ភៈស្អែកនេះ ជារៀងរាល់ឆ្នាំមនុស្សជាច្រើន តែងយកថ្ងៃនេះ បង្ហាញពីទឹកចិត្តរបស់ខ្លួន ចំពោះអ្នកដែលគេស្រឡាញ់ តាមរយៈការទិញកាដូ, បាច់ផ្កា ឬចំណាយពេលទៅក្រៅញ៉ាំអាហារ ជាមួយគ្នាយ៉ាងរ៉ូមែនទិក។

Valentine’s Day ជាពិធីបុណ្យមួយ របស់ជនជាតិនៅប៉ែកអឺរ៉ុប ប៉ុន្តែបច្ចុប្បន្ន ប្រជាជនស្ទើរតែទូទាំងពិភពលោក ក៏តែងប្រារព្ធដូចគ្នា។ យ៉ាងណាមិញ នៅក្នុងប្រទេសកម្ពុជា ក៏មានយុវវ័យជាច្រើន កំពុងតែយល់ច្រឡំថា ថ្ងៃ Valentine’s Day គឺជាថ្ងៃដែលត្រូវលះបង់ខ្លួនប្រាណ ជូនដល់មនុស្សជាទីស្រឡាញ់របស់ខ្លួនទៅវិញ។

ដូច្នេះយើងចង់ដឹងថា ថ្ងៃដ៏វិសេសនេះ មានប្រវត្តិយ៉ាងណា ឬ Valentine’s Day កើតចេញពីណា សូមស្វែងយល់ទាំងអស់គ្នា៖

Valentine’s Day ឬទិវានៃក្តីស្រឡាញ់ ត្រូវបានគេនិយាយថា មានប្រភពចេញពីលោក Saint Valentine ដែលជាបុរសម្នាក់ហ៊ានបង្ហាញ ក្តីស្រឡាញ់ចំពោះគូស្នេហ៍ រហូតលោកត្រូវគេយកទៅសម្លាប់។

តើលោក Saint Valentine ជាអ្នកណា?

ព្រះវិហារកាតូលិក ទទួលស្គាល់ Valentine ឬ Valentinus ជាអ្នកដែលបូជាជីវិត ដើម្បីសាសនា។ រឿងរ៉ាវមួយលើកឡើងថា Valentine ជាបព្វជិតដែលបម្រើសាសនានៅសតវត្សទី៣ សម័យរ៉ូម។ នៅពេលដែលព្រះចៅចក្រពត្តិ Claudius II សម្រេចថា បុរសនៅលីវទាំងអស់ អាចធ្វើជាទាហាន ល្អជាងបុរសដែលមានប្រពន្ធនោះ លោកក៏បានដាក់ពិធីរៀបការទាំងឡាយ ឲ្យនៅក្រៅច្បាប់សម្រាប់យុវវ័យទាំងអស់។ Valentine គិតថា វាអយុត្តិធម៌ណាស់ ហើយក៏ប្រឆាំងនឹងច្បាប់នេះ និងបន្តធ្វើការរៀបការឲ្យគូសេ្នហ៍ក្មេងៗជាសម្ងាត់។ នៅពេលសកម្មភាព របស់លោកត្រូវបានគេដឹង ព្រះចៅ Claudius ក៏បានបញ្ជាឲ្យសេនា ចាប់លោកដាក់គុកអស់មួយជីវិត តែប្រភពខ្លះលើកឡើងថា Valentine ត្រូវបានគេសម្លាប់។

ប្រភពខ្លះទៀត ឲ្យដឹងថា Valentine ជាប់គុក បន្ទាប់ពីពាក់ព័ន្ធដោយ «ក្ដីស្រឡាញ់» ផ្ទាល់ខ្លួន បន្ទាប់ពីលោកបាក់ចិត្តស្រឡាញ់ នារីវ័យក្មេងម្នាក់ ដែលជាកូនស្រីឆ្មាំគុកមួយរូប ដែលបានទៅសួរសុខទុក្ខលោក នៅពេលជាប់ក្នុងពន្ធនាគារ។ មុនពេលស្លាប់ គេបានចោទថា លោកសរសេរលិខិតមួយផ្ញើទៅនាងថា «ពីបង Valentine របស់អូន» ជាភស្តុតាងបង្ហាញមួយដែលមនុស្សជាច្រើន យកទៅប្រើមកដល់សព្វថ្ងៃនេះ។ ទោះបីការពិតនៅពីក្រោយរឿងរ៉ាវ របស់ Valentine មានភាពស្រពេចស្រពិលក្តី ប៉ុន្តែសុទ្ធតែបានបញ្ជាក់ថា លោកជាវីរបុរស ដែលមានមនោសញ្ចេតនាស្នេហា ដ៏ជ្រាលជ្រៅបំផុត និងដោយសារកេរ្តិ៍ឈ្មោះនេះហើយ ទើប Valentine ក្លាយជាបុគ្គលមួយរូប ដ៏មានប្រជាប្រិយនៅប្រទេសបារាំង និងអង់គ្លេស។

កាលដែលទិវានៃក្ដីស្រឡាញ់ ប្រារព្ធក្នុងខែកុម្ភៈ អ្នកខ្លះជឿថា ដើម្បីរំឭកខួបនៃមរណភាពភាព របស់ Valentine ក្នុងបំណងធ្វើឲ្យការប្រារព្ធ ពិធីសាសនា Lupercalia ក្លាយជាគ្រិស្តសាសនាផងដែរ។

ទន្ទឹមនឹងនេះដែរ មនុស្សជាច្រើនប្រារព្ធថ្ងៃ ១៤ កុម្ភៈ ជាមួយអ្នកជាទីស្រឡាញ់ អាចជាក្រុមគ្រួសារ គូស្នេហ៍ ឬមិត្តភក្តិ ព្រមទាំងជូនវត្ថុផ្សេងៗ តំណាងទឹកចិត្តរបស់ខ្លួន ចំពោះពួកគេ ដូចជា ការជូនពរ វត្ថុអំណោយបាច់ផ្កា ដែលមានលក្ខណៈជារូបរាង បេះដូង ឬនាំទៅបរិភោគអាហារ នៅទីកន្លែងណាមួយ ដ៏រ៉ូមែនទិក។

ទោះបីយ៉ាងណា Valentine’s Day មិនមែនជាពិធីបុណ្យផ្លូវការរបស់រដ្ឋទេ ប៉ុន្តែជាទម្លាប់មិនថា តែប្រជាជននៅប៉ែកអឺរ៉ុបទេ ទូទាំងអាស៊ី និងមនុស្សនៅជុំវិញពិភពលោក តែងប្រារព្ធថ្ងៃ ១៤ កុម្ភៈ ជារៀងរាល់ឆ្នាំ ហើយវាក៏អាចជាថ្ងៃដ៏វិសេសសម្រាប់គូស្នេហ៍ ជ្រើសយកធ្វើជាថ្ងៃរៀបការទៀតផង។

ទោះបីជាយ៉ាងណា នៅក្នុងប្រទេសកម្ពុជា មានយុវវ័យជាច្រើន កំពុងតែភ្លើតភ្លើន យល់ច្រឡំ នឹងបុណ្យវប្បធម៌បែបបច្ចឹមប្រទេសមួយនេះ ដោយអ្នកខ្លះថែមទាំងបានប្រព្រឹត្តិទង្វើខុសឆ្គងប្រពៃណីខ្មែរ ដោយសំអាងទៅលើបុណ្យនៃក្ដីស្រឡាញ់ ឬ Valentine’s Day ។ អ្វីដែលគួរតែត្រូវធ្វើ សម្រាប់យុវវ័យ ក៏ដូចជាមនុស្សទូទៅ ក្នុងថ្ងៃបុណ្យនៃក្ដីស្រឡាញ់នេះ លោកអ្នកគួរតែបង្ហាញ ក្ដីស្រឡាញ់ដល់គ្នាទៅវិញទៅមក រវាងកូន និងឪពុកម្ដាយ រវាងបងប្អូន រវាងគូសង្សារ រវាងមិត្តភក្តិ រវាងមិត្តរួមការងារ និងរវាងជាតិសាសនាជា ដោយក្នុងអត្ថន័យនៃក្ដីស្រឡាញ់ដ៏បរិសុទ្ធ ចំពោះគ្នា និងគ្នា ខណៈក្ដីស្រឡាញ់ ពុំមានតែមួយថ្ងៃនេះទេ៕

ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី