(ប៉េកាំង)៖ ស្របពេលប្រធានាធិបតីមហាអំណាចចិន ស៊ី ជិនពីង នឹងបំពេញទស្សនកិច្ចផ្លូវការរយៈពេល២ថ្ងៃនៅកម្ពុជា នាថ្ងៃទី១៣-១៤ ខែតុលា ឆ្នាំ២០១៦ប៉ុន្មានថ្ងៃខាងមុខនេះ។ នៅក្នុងដំណើរបំពេញទស្សនកិច្ចនេះ រាជរដ្ឋាភិបាលកម្ពុជា-ចិន នឹងចុះកិច្ចព្រមព្រៀង និងពិធីសារសំខាន់ៗយ៉ាងតិចចំនួន២៨។ នេះគឺជាគម្រោងទស្សនកិច្ចជាផ្លូវការលើកដំបូងសម្រាប់ លោក ស៊ី ជិនពីង ក្នុងនាមលោកជាប្រធានាធិបតីចិន។

ខាងក្រោមនេះជាប្រវត្តិខ្លះៗស្វែងយល់បន្ថែមពីប្រធានាធីបតីដ៏មានឥទ្ធិពលរូបនេះ៖

លោក Xi Jinping បច្ចុប្បន្នជាអគ្គលេខាធិការបក្សកុម្មុយនីស និងជាប្រធានាធិបតីរបស់សាធារណៈរដ្ឋប្រជាមានិតចិន ព្រមទាំងជាប្រធាននៃកម្មាធិការយោធាមជ្ឈឹមរបស់ប្រទេស ចិនផងដែរ។ ក្នុងនាមជាប្រធានាធិបតី លោកធ្លាប់ទទួលបានងារក្រៅផ្លូវការមួយថាជា «មេដឹកនាំដ៏ខ្ពង់ខ្ពស់» ម្នាក់។

លោក Xi កើតនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៥៣ នៅទីក្រុង ប៉េកាំង។ លោកជាកូនទីពីរក្នុងគ្រួសារ ដោយឪពុករបស់លោកមានឈ្មោះថា Xi Zhongxun អតីតជាអ្នកធ្វើបដិវត្តន៍កុម្មុយនីសដ៏សំខាន់ម្នាក់ ដោយឡែកម្តាយមានឈ្មោះថា Qi Xin។ កាលពីអាយុ១០ឆ្នាំ ឪពុករបស់លោកត្រូវបានគេបណ្តេញចេញពីស្ថាប័ន ហើយបញ្ជូនទៅធ្វើការនៅរោងចក្រ Luoyang ក្នុងខេត្ត Henan។ ក្រោយមកលោក Xi Zhongxum ត្រូវបានគេចាប់ដាក់ពន្ធធនាគារក្នុងឆ្នាំ១៩៦៨ ជាពេលដែលប្រទេសចិន កំពុងស្ថិតនៅក្នុងដំណាក់កាលនៃបដិវត្តន៍វប្បធម៌។ ក្នុងនាមជាយុវជនដែលរស់នៅដោយ មិនមានការមើលថែទាំខុសត្រូវពីសំណាក់ឪពុក ជម្រុញឲ្យលោក Xi ត្រូវធ្វើការនៅក្រុង Yanchuan ។

ភរិយាទីមួយ របស់លោកមានឈ្មោះថា Ke Lingling ជាកូនស្រីរបស់លោក Ke Hua មន្ត្រីអគ្គរដ្ឋទូតចិន ប្រចាំចក្រភពអង់គ្លេស នៅដើមទសវត្សន៍ឆ្នាំ១៩៨០។ អ្នកទាំងពីរបានលែងលះគ្នា ក្នុងរយៈពេលប៉ុន្មានឆ្នាំក្រោយមកបន្ទាប់ពីការរៀបការ។ ក្រោយមកប្រធានាធិបតីរូបនេះ បានរៀបការជាមួយតារាចម្រៀងដ៏ល្បីឈ្មោះម្នាក់ ដែលមានឈ្មោះថា Peng Liyuan ក្នុងឆ្នាំ១៩៨៧។ ក្នុងពេលនោះលោកស្រីមានឈ្មោះបោះសម្លេង ជាងលោក Xi ទៅទៀត។ អ្នកទាំងពីរមានកូនស្រីម្នាក់មានឈ្មោះថា Xi Mingze។ ដោយសារតែសម្ពាធការងារ ត្រូវបង្ខំឲ្យអ្នកទាំងពីររស់នៅដាច់ឆ្ងាយពីគ្នាជាញឹកញាប់។ យ៉ាងនេះក្តីលោកស្រី Peng នៅតែលើកសរសើរស្វាមីរបស់ខ្លួនថា ជាមនុស្សដែលអំណត់ព្យាយាមក្នុងការងារ និងជាមនុស្សដាក់ខ្លួនម្នាក់។ លោកស្រីមិនដែលមានអារម្មណ៍ថា ក្នុងផ្ទះលោកស្រីមានអ្នកដឹកនាំកំពូលម្នាក់ឡើយ ផ្ទុយទៅវិញលោកស្រីគ្រាន់តែមានអារម្មណ៍ថា លោក Xi ជាស្វាមីដ៏សាមញ្ញម្នាក់តែប៉ុណ្ណោះ។
ក្នុងនាមជាភរិយារបស់មេដឹកនាំប្រទេសមហាអំណាច លោកស្រី បានដើរតួនាទីសំខាន់ៗក្នុងនាមជា «First Lady» ច្រើនជាងអតិតភរិយារបស់មេដឹកនាំមុនៗ ។

អ្វីដែលជាចំណុចលេចធ្លោរបស់ប្រធានាធិបតីចិនរូបនេះ គឺលោកត្រូវបានគេចាត់ទុកថា ជាមនុស្សដែលមានជំនាញក្នុងការដោះស្រាយបញ្ហា មិនចូលចិត្តក្រាញននាលនឹងមុខដំណែងខ្ពស់ៗ។ លោកក៏ជាមនុស្សស្រឡាញ់ចូលចិត្តខ្សែភាពយន្តហោះហូលីវ៉ូដម្នាក់ផងដែរ។ ប្រភពព័ត៌មានមួយបានឲ្យដឹងថា ប្រធានាធិបតីរូបនេះ ជាអ្នកគាំទ្រចំពោះភាពយន្តមួយដែលមានឈ្មោះថា The Godfather។

ចាប់ពីឆ្នាំ១៩៧៥ ដល់១៩៧៩ លោក Xi សិក្សាទៅលើផ្នែក វិស្វកម្មគីមីវិទ្យា (Chemical Engineering) នៅសកលវិទ្យាល័យ Tsinghua ក្នុងនាមជានិស្សិតផង និងជាកម្មករផងព្រោះថា ថ្នាក់សិក្សានេះមានលក្ខណៈនយោបាយ និងការអនុវត្តន៍ច្រើនជាងការសិក្សា ដោយនិស្សិតត្រូវចំណាយពេលប្រហែល៨០ភាគរយក្នុងការអនុវត្តន៍ និងធ្វើការ ដោយមានពេលត្រឹមតែ១៥ភាគរយប៉ុណ្ណោះសម្រាប់ការសិក្សា។
ពីឆ្នាំ១៩៩៨ ដល់ឆ្នាំ ២០០២ លោកចាប់ផ្តើមសិក្សាអំពីទស្សនៈ វិទ្យាម៉ាកស៊ីសនិយម (Marxist philosophy) និងមនោគមន៍វិជ្ជាវិញម្តង។ បន្ទាប់ពីបញ្ចប់ការសិក្សា ចាប់ពីឆ្នាំ១៩៩៩ ដល់ឆ្នាំ២០០២ លោកជាប់ឈ្មោះជាចៅហ្វាយខេត្ត Fujian ។

ក្រោយមកក្នុងឆ្នាំ២០០២ ដល់២០០៧ លោកបានក្លាយជាចៅហ្វាយខេត្ត Zhejiang វិញម្តង ។ បន្ទាប់ពីលោក Chen Liangyu ត្រូវបានគេដកហូតដំណែងក្នុងឆ្នាំ២០០៧ លោក Xi ត្រូវបានគេបញ្ជូនទៅទីក្រុង សៀងហៃ ធ្វើជាលេខាបក្សក្នុងរយៈពេលខ្លីមួយ។ ពីឆ្នាំ២០០៨ ដល់ ២០១៣ លោកបានជាប់ឈ្មោះជាអនុប្រធានាធិបតីរបស់ប្រទេស ចិន បន្តពីលោក Jiang Zemin ដោយមានលោក Hu Jintao ជាប្រធានាធិបតី។ នៅទីបំផុតថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៤ លោកបានជាប់ឆ្នោតធ្វើជាប្រធានាធិបតី នៃសាធារណៈរដ្ឋប្រជាមានិតចិន រហូតមកទល់បច្ចុប្បន្ន។ ក្នុងនាមជាប្រធានាធិបតីម្នាក់ លោក បានជម្រុញឲ្យប្រទេសយក្សនៅអាស៊ីមួយនេះ ក្លាយជាមហាអំណាចសេដ្ឋកិច្ចទីមួយលើពិភពលោក៕

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី