គ្មានផ្ទះសម្បែងគឺជាស្ថានភាពដែលមនុស្សទាំងអស់ក្នុងលោក មិនប្រាថ្នាចង់បាននោះទេ ប៉ុន្ដែ ថ្មីៗនេះ សេវាកម្មមួយនៅក្រុង Seattle អាមេរិក បែរជាអនុញ្ញាតឱ្យអ្នករាល់គ្នា ទទួលបានបទពិសោធស្ដីអំពីអារម្មណ៍នៃមនុស្សគ្មានផ្ទះសម្បែង ដោយត្រូវចំណាយ ២,០០០ដុល្លារ។

អ្នកមាននឹងមិនអាចដឹងបាននូវអារម្មណ៍ និងការលំបាករបស់មនុស្សគ្មានផ្ទះសម្បែងនោះទេ នៅពេលពួកគេមិនបានឆ្លងកាត់ស្ថានភាពបែបនេះ។ ដូច្នេះដើម្បីអ្នករាល់គ្នា បានយល់ និងមានការអាធ្យាស្រ័យដល់អ្នកគ្មានផ្ទះសម្បែង សេវាកម្មចម្លែកមួយ ក៏ត្រូវបានគេបង្កើតឡើង នៅក្នុងក្រុង Seattle សហរដ្ឋអាមេរិក សម្រាប់អ្នកដែលចង់ដឹងអំពីរសជាតិជាមនុស្សអនាថា។

Mike Momany ដែលជាអ្នកអភិវឌ្ឍកម្មវិធីកុំព្យូទ័រម្នាក់ ធ្វើការបែបសេរី គឺជាអ្នកនឹកឃើញគំនិតចម្លែកមួយនេះ។

ឈ្មោះជាជនអនាថា ពុំមានអ្នកណាម្នាក់ ប្រាថ្នាចង់បាននោះឡើយ

មានស្រុកកំណើត និងធំឡើងនៅក្នុងក្រុង Seattle កម្លោះ Momany យល់ឃើញថា ជីវភាពនៅក្នុងទីក្រុង កាន់តែរីកចម្រើន ហើយគំលាតរវាងអ្នកមាននិងអ្នកក្រ ក៏កាន់តែឆ្ងាយពីគ្នា។ Momanyក៏បានសម្រេច ចំណាយពេល ២ខែ ក្នុងរដូវក្ដៅកន្លងទៅ ដើម្បីរស់នៅដូចជាមនុស្សអនាថា នៅក្រុង Seattle គោលបំណងគឺចង់យល់អំពីថា តើជីវិតនៃជនគ្មានផ្ទះសម្បែង គឺយ៉ាងណា។

បន្ទាប់ពីបានឆ្លងកាត់បទពិសោធជាអ្នកគ្មានផ្ទះសម្បែង Momany ក៏បានសម្រេចចិត្ត ចែករំលែកបទពិសោធនេះ ទៅឱ្យអ្នកដទៃ ដោយអនុញ្ញាតឱ្យអ្នកទាំងនោះ ចូលរួមស្វែងយល់រយៈពេល ៣ថ្ងៃ ដោយ Momany ហៅថា “វគ្គសិក្សាក្នុងស្ថានភាពអនាថា” ។

អ្នកដែលចង់ឆ្លងកាត់បទពិសោធនេះ ជាមួយ Momany នឹងត្រូវបង់ប្រាក់សេវាកម្មចំនួន ២,០០០ដុល្លារអាមេរិក ព្រមទាំងត្រូវសម្ភាសទ្រួសៗ ដើម្បីវាយតម្លៃនូវសមត្ថភាពសម្របខ្លួនទៅនឹងជីវភាពរបស់ជនអនាថា និងដើម្បីធានាឱ្យបានថា ពួកគេបានយល់នូវអ្វីដែលត្រូវប្រឈម។

ថ្ងៃដំបូង អ្នកទទួលសេវាកម្មនេះ នឹងត្រូវបានផ្ដល់សម្លៀកបំពាក់មួយឈុត ដែលដូចទៅនឹងជនអនាថាពិត។ ពួកគេនឹងដើរត្រាច់ចរជុំវិញក្រុង ទៅកាន់តំបន់ដែលអនាថជន តែងជ្រើសរើស ហើយពេលរាត្រី នឹងត្រូវគេងនៅទីកន្លែងដែលអ្នកគ្មានផ្ទះសម្បែងចូលចិត្ត។

ថ្ងៃទីពីរ អ្នកចូលរួមនឹងត្រូវឆ្លងកាត់អារម្មណ៍នៃភាពជាអ្នកសុំទាន ឬដេកនៅលើកៅអីថ្ម នៅតាមសួន ដើម្បីទទួលបានអារម្មណ៍ពិតនៃជនអនាថា។ កម្មវិធីនេះ ត្រូវបញ្ចប់ក្នុងថ្ងៃទីបី ដោយមានកិច្ចពិភាក្សារវាងអ្នកទាំងឡាយដែលបានចូលរួម “ទិញ” សេវាកម្ម អំពីអ្វី ដែលពួកគេទើបបានឆ្លងកាត់។

Momany ថ្លែងអំពីសេវាកម្មចម្លែករបស់ខ្លួន ៖ “ប្រការនេះនឹងនាំមកនូវបទពិសោធថ្មី និងប្លែក ដែលមនុស្សភាគច្រើន មិនទាន់បានដឹង” ។

ប៉ុន្ដែ សេវាកម្មនេះរបស់ Mike Momany ក៏កំពុងត្រូវរងការរិះគន់ច្រើន ដោយមានមនុស្សខ្លះចោទថា Mike Momany កំពុងប្រើប្រាស់ឈ្មោះជនអនាថា ដើម្បីរកប្រាក់សម្រាប់ផ្ទាល់ខ្លួន។ យ៉ាងនេះក្ដី Mike Momany អះអាងថា គំនិតនេះមិនមែនដើម្បីប្រាក់នោះទេ ទន្ទឹមនឹងនេះ ទឹកប្រាក់ដែលទទួលបាន នឹងត្រូវប្រើប្រាស់ដើម្បីជួយដល់ជនគ្មានផ្ទះសម្បែង នៅក្នុងតំបន់ដែលពួកគេធ្លាប់ប្រមូលផ្ដុំគ្នា។

បើទោះជាមានតម្លៃ ២,០០០ ដុល្លារ សម្រាប់ការធ្វើជាអ្នកសុំទានម្ដង តែសេវាកម្មនេះ បានទាក់ទាញមនុស្សជាច្រើនចូលរួម។ ពួកគេយល់ថា សេវាកម្មនេះ គឺជាឱកាសពិសេស ដើម្បីជួយឱ្យពួកគេយល់កាន់តែច្បាស់អំពីអារម្មណ៍ និងការលំបាកនៃជនអនាថា។

បច្ចុប្បន្ន សេវាកម្មរបស់ Mike Momany ទទួលតែបុរសប៉ុណ្ណោះ ដោយសារបារម្ភពីសុវត្ថិភាព ប៉ុន្ដែ Mike Momany ថ្លែងថា នឹងពិចារណាឡើងវិញ ដើម្បីប្ដូរផ្លាស់វិធីធ្វើសកម្មភាព។

ដោយ ៖ តារា
ប្រភព ៖ opposingviews