(ភ្នំពេញ)៖ បុរសម្នាក់ដែលគេស្គាល់ថា ជាថៅកែនាំចូលរថយន្តប្រភេទទំនើបៗមកកម្ពុជា នៅថ្ងៃទី០៨ ខែកម្ភៈ ឆ្នាំ២០១៧នេះ ត្រូវបានកម្លាំង នគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់រាជធានីភ្នំពេញ សម្រេចដាក់ឱ្យអនុវត្តទោសក្នុងពន្ធនាគារ ២ឆ្នាំ តាមដីការបស់សាលាដំបូងរាជធានីភ្នំពេញ ក្រោយជននេះ បានបោកយកលុយពីអ្នកទិញរថយន្តម្នាក់ទៀត ចំនួន ១០ម៉ឺនដុល្លារ។

ជនជាប់ចោទរូបនោះ មានឈ្មោះ ឈាង សុផល អាយុ៣៩ឆ្នាំ មានទីលំនៅផ្ទះលេខ២០៧ ផ្លូវលេខ៥៩៨ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ជាម្ចាស់ក្រុម Asia Business Solution (Cambodia) co,ltd ដែលនាំចូល និងចែកចាយរថយន្តទំនើបៗមកពីអាមេរិក។

មន្រ្តីនគរបាលបានឲ្យដឹងថា ការចាប់ខ្លួនជនជាប់ចោទឈ្មោះ ឈាង សុផល ខាងលើ ធ្វើឡើងតាមដីការបស់ លោក ឃី ឆៃ ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ ដែលក្នុងដីកាចាប់ខ្លួននោះ បានបញ្ជាក់ថា ឲ្យឃុំខ្លួនដាក់ពន្ធនាគារ កំណត់រយៈពេល ២ឆ្នាំ ពីបទមិនបំពេញកាតព្វកិច្ច ចំពោះឧបករណ៍ដែលអាចជួញដូរបាន ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី៣១ កក្កដា ២០១៣ ជាបទល្មើសព្រហ្មទណ្ឌ ដែលមានចែងឲ្យផ្តន្ទទោសតាមមាត្រា២៣១ នៃច្បាប់ស្តីពីឧបករណ៍អាចជួញដូរបាន និងប្រព្រឹត្តការទូទាត់ប្រាក់។

កន្លងទៅ ជនជាប់ចោទឈ្មោះ ឈាង សុផល ត្រូវបានកម្លាំងសមត្ថកិច្ច កងរាជអាវុធហត្ថរាជធានីភ្នំពេញ ចាប់ខ្លួនម្តងហើយ ពាក់ព័ន្ធទៅលើបណ្តឹងរបស់ជនរងគ្រោះ ឈ្មោះ ថៃ ឈុនគ្រី អាយុ៤៨ឆ្នាំ ពីបទឆបោកទឹកប្រាក់ចំនួន ១០ម៉ឺនដុល្លាអាមេរិកនេះ។ ក្រោយមកជនជាប់ត្រូវបានរួចខ្លួននៅក្រៅឃុំ ប៉ុន្តែមិនបានសងប្រាក់ទៅដើមបណ្តឹង តាមអំណាចសាលក្រមកំណត់ទេ ទើបមានដីការបស់តុលាការបង្គាប់ឲ្យចាប់ខ្លួន និងឃុំខ្លួននៅពន្ធនាគារព្រៃស ឡើងវិញ។

នៅក្នុងពាក្យបណ្តឹងរបស់ជនរងគ្រោះ បានបញ្ជាក់ថា ឈ្មោះ ថៃ ឈុនគ្រី បានបញ្ជាទិញរថយន្តមួយ្រឿង ម៉ាក Land Rover Vogue សេរី២០១៤ ពីឈ្មោះ ឈាង សុផល ដោយបានធ្វើកិច្ចសន្យាទិញលក់ នៅថ្ងៃទី២៤ មេសា ២០១៥ ក្នុងតម្លៃ ១២៨,០០០ដុល្លារអាមេរិក។ ពេលនោះជនជាប់ចោទ ឈ្មោះ ឈាង សុផល បានឲ្យឈ្មោះ ថៃ ឈុនគ្រី កក់ប្រាក់មុនចំនួន ៥០ភាគរយ និងស្មើនឹង ៦៤,០០០ដុល្លារ ដោយប្រាប់ថារថយន្តនោះ កំពុងនៅលើកប៉ាល់ ហើយនៅខែមិថុនា ២០១៥ នឹងមកដល់កំពង់ផែ ក្រុងព្រះសីហនុហើយ តែអ្នកទិញកក់ប្រាក់តែ៣០ភាគរយសិន។

ក្រោយពីទទួលប្រាក់កក់ហើយ ជនជាប់ចោទបានប្រគល់លិខិតមួយច្បាប់ B/L លេខ៦០៣៩២៩០៧០ ចុះថ្ងៃទី១៨ មិថុនា ២០១៥ ជាភាសារអង់គ្លេស តាមរយៈសារអេឡិចត្រូនិច ថ្ងៃទី២០ មិថុនា ឆ្នាំ២០១៦ ដោយបញ្ជាក់ថាកុងទីន័រ លេខ MRKU ០០៣៤៥៦០ មានរថយន្តម៉ាក Land Rover Vogue សេរី២០១៤ និងភ្ជាប់រូបថតរថយន្តច្រើនសន្លឹកផង ទើបដើមបណ្តឹងប្រគល់ប្រាក់ ២០ភាគរយទៀត។

លុះដល់ថ្ងៃប្រគល់រថយន្ត ស្រាប់តែឈ្មោះ ឈាង សុផល ប្រាប់ជនរងគ្រោះថា រថយន្តដឹកតាមកុងទីន័រដូចរៀបរាប់ខាងលើនេះ ត្រូវសមត្ថកិច្ចគយចាប់ និងយកទៅ កម្ទេចចោលអស់ហើយ ពេលនោះដើមបណ្តឹងបានទាមទារប្រាក់ពី ឈ្មោះ ឈាង សុផល វិញ តែឈ្មោះ ឈាង សុផល មិនព្រមឲ្យ ថែមទាំងគេចវេសមិនចូលខ្លួន ដោះស្រាយទៀតផង។ ដើមបណ្តឹងក៏ពឹងពាក់មេធាវីឲ្យដើររឿងក្តីនេះ រហូតប្តឹងសមត្ថកិច្ចឲ្យចាប់ខ្លួន ឈ្មោះ ឈាង សុផល ដាក់ពន្ធនាគារ ពីបទឆបោកលើទឹកប្រាក់ចំនួន ១០ម៉ឺនដុល្លារអាមេរិក និងបទក្លែងឯកសារសាធារណៈ និងបានផ្តន្ទាទោសដាក់ពន្ធនាគារកំណត់ ២ឆ្នាំ និងតម្រូវឲ្យសងប្រាក់ទៅដើមបណ្តឹងវិញ៕

ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី