កោះកុង៖ លោក ញ៉ែម សំអឿន ប្រធានមណ្ឌលអនុវិទ្យាល័យជាស៊ីមស្មាច់មានជ័យ ខេត្តកោះកុង បានថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នៅមុននេះបន្តិចថា សិស្សស្រី (សិស្សបំពេញវិជ្ជា) ដែលឈឺពោះឆ្លងទន្លេសម្រាលកូន ដែលមិនបានចូលប្រឡងវិញ្ញាសារចុងក្រោយ នៃការប្រឡងបាក់ឌុប ត្រូវបានប្រធានមណ្ឌលរូបនោះបញ្ជាក់ថា ការមិនបានប្រឡងមុខវិជ្ជានេះ នឹងបានពិន្ទុស្មើសូន្យ ។

លោក ញ៉ែម សំអឿន បានបញ្ជាក់ថា សិស្សស្រីដែលឈឺពោះឆ្លងទន្លេនោះ ឈ្មោះ ពេជ្រ សំអាត អាយុ២៥ឆ្នាំ (មានគ្រួសារហើយ) ជាសិស្សបំពេញវិជ្ជា (ស្វ័យរិន) មិនបានប្រឡងវិញ្ញាសារចុងក្រោយគឺគណិតវិទ្យា ។

ពាក់ព័ន្ធនឹងករណីនេះ អ្នកនាំពាក្យក្រសួងអប់រំ លោក រស់ សាលីន មិនបានបញ្ជាក់បំភ្លឺថា តើនឹងមានដំណោះស្រាយយ៉ាងណាចំពោះសិស្សបំពេញវិជ្ជារូបនោះទេ ដោយទូរស័ព្ទរបស់ខ្លួន ត្រូវបានហៅចូលជាច្រើនដងប៉ុន្តែមិនមានអ្នកទទួល ។

អ្នកអង្កេតការណ៍ របស់សហភាពសហព័ន្ធយុវជនកម្ពុជាមួយរូប (សុំមិនបញ្ចេញឈ្មោះ) បានថ្លែងប្រាប់ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ថា ខណៈដែលរូបលោកកំពុងអង្កេតការណ៍មណ្ឌលនោះ ស្រាប់តែ មានករណីសិស្សស្រីម្នាក់មានអការៈវិលមុខឈឺពោះ ខណៈដែលនាងជិតគ្រប់ខែ ហើយត្រូវបានអនុរក្ស ដាក់ឱ្យប្រឡងនៅក្នុងរថយន្តសង្គ្រោះបន្ទាន់ នៅចុងម៉ោងពេលព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៥ ហើយស្រាប់ល្ងាចនៅពេលដែលត្រូវប្រឡងមុខវិជ្ជាបញ្ចប់ គណិតវិទ្យា ក៏អវត្តមានតែម្តង ។

សូមជំរាបថា យោងតាម Facebook ផ្លូវការរបស់ក្រសួងអប់រំ យុវជន និងកីឡា ចេញផ្សាយនៅល្ងាចថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៥ បានឱ្យដឹងថា មានបេក្ខនារីម្នាក់ ពុំបានប្រឡងនូវវិញ្ញាសារចុងក្រោយ ដោយសារតែនាងឈឺពោះសម្រាលកូន។ សិស្សស្រីម្នាក់ដែលឈឺពោះសម្រាលកូននោះ គឺប្រឡងនៅមណ្ឌលអនុវិទ្យាល័យ ជាស៊ីមស្មាច់មានជ័យ ខេត្តកោះកុង៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល