ភ្នំពេញ ៖ នៅល្ងាចថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៥នេះ វិថីមួយចំនួនត្រូវបានបិទចរាចរណ៍ទាំងស្រុង សម្រាប់កំណាត់ ផ្លូវព្រះស៊ីសុវត្ថិ មុខបរមរាជវាំង និងកំណាត់ផ្លូវសុធារស ចន្លោះផ្លូវលេខ១៨២ និងផ្លូវលេខ២៤០ សម្រាប់ព្រះរាជពិធី ដង្ហែព្រះរាជបរមងារកិត្តិយស « ព្រះស្រីលោកធម្មិករាជ » ថ្វាយព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃ០៣ ខែមិថុនា ឆ្នាំ២០១៥ស្អែកនេះ ។

សេចក្តីប្រកាសព័ត៌មាន របស់សាលារាជធានី បានឲ្យដឹងថា ដើម្បីឲ្យពិធីដង្ហែខាងលើនេះ ប្រព្រឹត្តទៅដោយរលូន និង ធានាបាននូវសុវត្ថិភាពល្អប្រសើរ សាលារាជធានីភ្នំពេញ នឹងធ្វើការបញ្ចៀស និងសម្រួលចរាចរណ៍ ជាបណ្ដោះអាសន្ន តាមផ្លូវមួយចំនួន ។

នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៥ ចាប់ពីម៉ោង ៧ព្រឹក រហូតដល់ម៉ោង ១១និង០០នាទី ត្រូវបិទចរាចរណ៍ទាំងស្រុង សម្រាប់កំណាត់ផ្លូវមុខបរមរាជវាំង និងបរិវេណប្រារព្ធពិធីតាមដងវិថី ជុំវិញទីតាំងពិធីដូចជា វិថីព្រះស៊ីសុវត្ថិ ផ្លូវលេខ ១៧៨ ផ្លូវលេខ១៩ មហាវិថីព្រះសុរាម្រិត មហាវិថីព្រះនរោត្តម ចាប់ពីរង្វង់មូលវិមានឯករាជ្យ រហូតដល់ផ្លូវ២៩៤ វិថី សុធារស និងរង្វង់មូលសម្តេចព្រះសង្ឃរាជជួនណាត ។

ដោយឡែកចាប់ពីម៉ោង ១៨និង០០នាទី រហូតដល់ម៉ោង ២០និង០០នាទី បិទចរាចរណ៍គ្រប់យានយន្ត និងកាណូត ទេសចរណ៍គ្រប់ប្រភេទ ដែលធ្វើចរាចរ តាមដងទន្លេចតុមុខ ដើម្បីអុជកាំជ្រួច នៅមុខបរមរាជវាំង ហើយផុតរយៈពេល កំណត់នេះ នឹងអនុញ្ញាតឱ្យចរាចរជាប្រក្រតីឡើងវិញ ៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល