ក្រុមអ្នកវិទ្យាសាស្ដ្រ បានឱ្យដឹងថា អបិយជំនឿ កើតឡើងនៅលើមនុស្សស្ទើរគ្រប់ប្រភេទ ពិសេសគឺបណ្ដាមនុស្សដែលចេះតែព្រួយបារម្ភ និងមិនអាចធ្វើជាម្ចាស់ការខ្លួនឯង។

យ័ន្ដ Nazar ត្រូវបានប្រើប្រាស់ច្រើននៅក្នុងតំបន់ មជ្ឈឹមបូព៌ា ដោយជឿថា នឹងអាចបណ្ដេញការច្រណែន និងលោភៈ។

អបិយជំនឿ បានកើតឡើងជាមួយមនុស្សជាតិ តាំងពីដើមរហូតមកដល់បច្ចុប្បន្ន និងនៅក្នុងវប្បធម៌ ទំនៀមទំលាប់ផ្សេងៗគ្នា។ សូម្បីតែស្ថិតនៅក្នុងយុគសម័យដែលមានបច្ចេកវិទ្យាជឿនលឿន ប៉ុន្ដែ អបិយជំនឿ នៅតែមានក្នុងផ្លូវចិត្តរបស់មនុស្ស។

ទំព័រ Live Science ដកស្រង់សំដីរបស់ Stuart Vyse សាស្ដ្រាចារ្យចិត្តសាស្ដ្រនៅសកលវិទ្យាល័យ Connecticut ឱ្យដឹងថា ៖ “ការស្ទង់មតិមួយរបស់អាមេរិក បង្ហាញថា ប្រជាជនអាមេរិក ប្រមាណជាពាក់កណ្ដាល និយាយថា ពួកគេមានអារម្មណ៍ថា ជឿទៅលើរឿងអបិយជំនឿ។ ក្នុងចំណោមការស្ទង់មតិកាលពីឆ្នាំ ២០០៧ មានការស្ទង់មតិមួយឱ្យដឹងថា ជនជាតិអាមេរិក ១៣% មានអារម្មណ៍ថា ពិបាកទ្រាំក្នុងចិត្ត នៅពេលពួកគេស្ថិតនៅជាន់ទី ១៣នៃសណ្ឋាគារមួយ ហើយ ៩% ក្នុងចំណោមពួកគេ នឹងស្នើប្ដូរបន្ទប់ ប្រសិនចាំបាច់” ។

Stuart Vyse បន្ដថា ៖ “ឫសគល់នៃអបិយជំនឿ គឺការខ្វះទំនុកចិត្ត និងខ្វះការគ្រប់គ្រង។ មនុស្សតែងតែចង់គ្រប់គ្រងឱ្យបានល្អបំផុត ក្នុងរាល់ស្ថានភាពអសន្ដិសុខ។ នៅពេលកំពុងជួបបញ្ហាសំខាន់អ្វីមួយ ប៉ុន្ដែមិនមានភាពប្រាកដប្រជាក្នុងចិត្ត ពេលនោះ អបិយជំនឿនឹងត្រូវបានប្រើប្រាស់ដើម្បីជួយបំបាត់ភាពភ័យខ្លាច និងជួយធ្វើឱ្យយើងមានអារម្មណ៍ល្អជាងមុន” ។

យ័ន្ដរបស់ខ្មែរ

អបិយជំនឿ មិនមែនកើតមានតែចំពោះបណ្ដាកុលសម្ព័ន្ធបុរាណ ឬអ្នកស្រុកសាមញ្ញនោះទេ សូម្បីតែអ្នកល្បីឈ្មោះ ឬអ្នកដែលបានរៀនសូត្រខ្ពង់ខ្ពស់ ក៏ជឿទៅលើរឿងដែលមិនមានមូលដ្ឋានច្បាស់លាស់។ មានការសង្ស័យថា អបិយជំនឿមួយចំនួន អាចជាប់ទាក់ទិននឹងអាការៈរោគផ្លូវចិត្ត ប៉ុន្ដែ មានភ័ស្ដុតាំងតិចណាស់ដែលអះអាងថា ចំពោះរឿងនេះ។ សាស្ដ្រាចារ្យ Vyse អះអាងថា ៖ “មិនមានការជាប់ទាក់ទិនផ្ទាល់រវាងអបិយជំនឿ និងជម្ងឺផ្លូវចិត្តនោះឡើយ” ។

ក្រុមអ្នកវិទ្យាសាស្ដ្រឱ្យដឹងថា អបិយជំនឿ មានផលប៉ះពាល់ដល់មនុស្សម្នាក់ៗ ក្នុងកម្រិតផ្សេងៗគ្នា។ មនុស្សដែលតែងតែមានការព្រួយបារម្ភ ឬយល់ថាខ្លួនឯងមិនអាចគ្រប់គ្រងវាសនារបស់ខ្លួនបាន គឺជឿទៅលើអបិយជំនឿច្រើនជាងគេ ក្នុងនោះ ស្ដ្រីក៏មានច្រើនជាងបុរស។

ជាងនេះ បណ្ដាមនុស្សដែលមានខួរក្បាល គំនិតរឹងត្អឹង ក៏អាចធ្លាក់ទៅក្នុងអបិយជំនឿ ក្នុងករណីមួយចំនួន។ កត្តាសង្គម ក៏រួមចំណែកក្នុងការធ្វើឱ្យមនុស្សមានគំនិតអបិយជំនឿ ឧទាហរណ៍ ក្នុងគ្រួសារមួយដែលពោរពេញដោយអបិយជំនឿ នោះសមាជិកនៅក្នុងគ្រួសារអាចក្លាយជាអ្នកមានជំនឿបែបនេះ។

សាស្ដ្រាចារ្យ Vyse ថ្លែងបន្ដថា ៖ “អបិយជំនឿ មានប្រយោជន៍ ឬមិនមានប្រយោជន៍ វាអាស្រ័យទៅលើគោលដៅនៃការប្រព្រឹត្ត និងកម្រិតនៃជំនឿរបស់មនុស្សម្នាក់។ អបិយជំនឿ ពេលខ្លះក៏ជួយឱ្យមនុស្សមានភាពជឿជាក់ក្នុងការធ្វើអ្វីមួយ ដូចជាការប្រកួតកីឡាជាដើម។ ប៉ុន្ដែ ប្រសិនអបិយជំនឿ ត្រូវបានប្រើប្រាស់ហួសពីសមត្ថភាពរបស់ខ្លួន ដូចជាការលេងល្បែងស៊ីសងជាដើម នោះវានឹងនាំឱ្យគ្រោះថ្នាក់ដល់អ្នកជឿ។

យ័ន្ដការពារផ្ទះរបស់ចិន

ជាងនេះទៅទៀត អបិយជំនឿពេលខ្លះ ក៏ជាប្រការមួយត្រូវបានគេយកមកធ្វើជាលេសដើម្បីសម្រេចបំណងអ្វីមួយ ដូចជាបដិសេធមិនឱ្យកូនៗរៀបការ ដោយថាខុសឆ្នាំខែគ្នា។ល។

ដោយ ៖ តារា
ប្រភព ៖ Live Science