ភ្នំពេញ ៖ ចៅក្រមប្រឹក្សា នៃសាលាដំបូង រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃច័ន្ទ ទី៣ ខែវិច្ឆិកា ឆ្នាំ២០១៤ បានបើកសវនាការ ជំនុំជម្រះ និងកាត់ទោស ជាអសាធារណៈ ជាប់ចោទម្នាក់ ដែលជា និស្សិត ITឆ្នាំទី ២ នៃសាកលវិទ្យាល័យ ឯកជនមួយ នៅក្នុងរាជធានីភ្នំពេញ ជាប់ពាក់ព័ន្ធ នឹងករណី ការង្ហោះរូបភាព អាក្រាតសង្សារ របស់ខ្លួន ដែលបានលួចថត នៅពេលរួមេរ័ក្ស ជាមួយគ្នាចំនួន១៤សន្លឹក តាមផ្ទះសំណាក់ ក្នុងរាជធានីភ្នំពេញ តាម FACEBOOK និងការគម្រាមទារ ប្រាក់ពី នាងជាថ្នូរនឹង លុបរូបភាព អាក្រាតរបស់នាងនោះ។ ហេតុការណ៍នេះ បានកើតឡើង កាលពីថ្ងៃទី ២៤ ខែ មីនា ឆ្នាំ២០១៤ វេលាម៉ាងប្រមាណ ១០ និង ៤៦នាទីព្រឹក នៅក្នុងរាជធានីភ្នំពេញ។

សវនាការនេះ ត្រូវបានធ្វើឡើង ដោយលោក ម៉ុង មុនីសោភា ជាចៅក្រមជំនុំជម្រះ នៃសាលាដំបូង រាជធានីភ្នំពេញ និង តំណាងអយ្យការ គឺលោក ជេត ខេមរា និងមេធាវីការ ជនរងគ្រោះ គឺលោក ហ៊ាង ហុង។

ហើយនៅ ក្នុងរឿងក្តីនេះ ភាគីខាងជនរងគ្រោះ បានទាមទារ ថ្លៃជម្ងឺចិត្តចំនួន១ម៉ឺនដុល្លារ និង សុំឲ្យតុលាការសម្រេច ផ្តន្ទាទោស ជនជាប់ ចោទទៅ តាមច្បាប់ជាធរមាន ។ មន្ត្រីតុលាការ បានឲ្យដឹងថា ជនជាប់ចោទរូបនេះ មានឈ្មោះ អេង សម្ភស្ស ហៅមេត្តា ភេទ ប្រុស ជានិស្សិត ជំនាញផ្នែក ITឆ្នាំទី ២ នៃសាកលវិទ្យាល័យឯកជនមួយ នៅក្នុងរាជធានីភ្នំពេញ ។

ចំណែកឯ ជនរងគ្រោះ កញ្ញា ស.ជ.ណ មានអាយុ២១ឆ្នាំ ។ តុលាការនឹងប្រកាសសាលក្រម នៃ សំណុំរឿងក្តីនេះ នៅថ្ងៃ ទី ២០ ខែ វិច្ឆិកា ២០១៤ ខាងមុខនេះ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល