ភ្នំពេញ៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានផ្ដល់អំណោយ ជាសម្ភារៈប្រើប្រាស់ និងថវិកាមួយចំនួន ដែលបានមកពីសប្បុរសជន និងថវិការបស់លោកផ្ទាល់ ជូនដល់តារាចម្រៀង អ៊ុំ គន្ធា ដែលកំពុងតែជួបប្រទះនូវការ ខ្វះខាតខ្លាំង ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ក៏ដូចមានផ្ទុកមេរោគអេដស៍ នៅក្នុងខ្លួនផងដែរ ។ ការផ្ដល់ជូននូវអំណោយ នេះត្រូវបានធ្វើឡើងក្នុងពិធីជួបជុំអ្នកសិល្បៈមួយដែលរៀបចំឡើងដោយក្លឹបសិល្បៈរបស់លោក អ៊ឹម ជីវ៉ា ក្នុងភោជនីយ ដ្ឋាន អូប៉េរា តាមបណ្ដោយ ផ្លូវ២០០៤ ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ នៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៥នេះ ។

លោក អ៊ឹម ជីវ៉ា ជាអ្នកផ្ដួចផ្ដើម រៀបចំកម្មវិធីនេះឡើង បានថ្លែងឲ្យដឹងថា លោកពិតជារំភើបរីករាយណាស់ដែលបាន ឃើញវត្តមាន តារាសម្ដែង តារាចម្រៀងប្រុសស្រី ជាច្រើនដួងចូលរួមក្នុងថ្ងៃនេះ ។ ជាពិសេសការផ្ដល់កិត្តិយសដ៏ វិសេសវិសាល របស់ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន អញ្ជើញចូលរួមជាមួយអ្នកសិល្បៈទាំងអស់ ដែលឯកឧត្តមតែងតែខ្វល់ខ្វាយ ពីសុខទុក្ខ របស់សិល្បករ- សិល្បការិនី ពេលជួបនូវការខ្វះខាត និងគ្រាលំបាក ជាដើម។

លោកបន្តថា កម្មវិធីនេះ មិនមែនធ្វើឡើង តែសម្រាប់តារាចម្រៀង អ៊ុំ គន្ធា ម្នាក់នោះទេ គឺយើងបានផ្ដួចផ្ដើមឡើង ដើម្បីអ្នកសិល្បៈទាំងអស់ ជួបប្រទះការលំបាកខ្វះខាត ដោយអ្នកសិល្បៈទាំងអស់ ត្រូវចេះជួយគ្នា លើកស្ទួយគ្នា ទោះជាក្នុងកម្មវិធីសប្បាយ កម្មវិធីកើតទុក្ខ ក៏ត្រូវតែមានវត្តមាន អ្នកសិល្បៈចូលរួមទាំងអស់គ្នាដែរ ហើយមិនត្រូវប្រកាន់រើសអើងអ្វីឡើយ ។

ដោយឡែក លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានថ្លែងកោតសរសើរ លោក អ៊ឹម ជីវ៉ា ជាអ្នកសិល្បៈមួយរូប ដែលចេះបង្កើតកម្មវិធី ជួបជុំអ្នកសិល្បៈគ្រប់ជំនាន់ ដើម្បីស្វែងរកថវិកា ឬបង្កើតមូលនិធិជួយដល់ អ្នកសិល្បៈដែលខ្សត់ខ្សោយ ហើយលោកចង់ឲ្យមាន កម្មវិធីជួបជុំនេះ ជារៀងរាល់ឆ្នាំ ដើម្បីជាកម្លាំងចិត្តមួយ ដល់អ្នកសិល្បៈគ្រប់ជំនាន់ ឲ្យចេះតស៊ូក្នុងជីវិត។ ជាមួយគ្នានេះ លោក ខៀវ កាញារីទ្ធ ក៏បានថ្លែងផ្ដល់កម្លាំងចិត្ត ដល់តារាចម្រៀង អ៊ុំ គន្ធា ឲ្យចេះតស៊ូ ក្នុងជីវិតរស់នៅ កុំអស់សង្ឃឹម ដោយលោកចាត់ទុកថា ជំងឹអេដស៍សព្វថ្ងៃ ជាជំងឺធម្មតាទៅហើយ របស់ពិភពលោក ព្រោះបច្ចុប្បន្ននេះ ជំងឺអេដស៍ មានថ្នាំពន្យាជីវិត និងអាចរស់ប្រកបការងារបាន ដូចមនុស្សធម្មតា អ្វីសំខាន់ គឺយើងត្រូវចេះថែរក្សាសុខភាព ក្នុងការរស់នៅឲ្យបានល្អ ជាការប្រសើរហើយ។

លោក ខៀវ កាញារីទ្ធ មានប្រសាសន៍បន្តថា អ្នកសិល្បៈទាំងអស់ត្រូវចេះជួយគ្នា និងឲ្យតម្លៃគ្នាទៅវិញទៅមក កុំប្រកាន់វប្បធម៌ក្ដិចត្រួយ ជាន់ពន្លិចគ្នាពេលមានឈ្មោះល្បី និងខិតខំរៀនសូត្រចំណេះជំនាញ ទេពកោសល្យវិជ្ជាជីវៈខ្លួនឯង ហើយលោកសង្ឃឹមថា ថ្ងៃនេះយើងបានជួបជុំគ្នាបន្តិចបន្ទួច ថ្ងៃក្រោយយើងនឹងជួបគ្នាធំជាងនេះ ច្រើនជាងនេះ ដើម្បីជជែកវែកញែក លើកកម្ពស់វិស័យសិល្បៈ លើកតម្កើងសិល្បករ-សិល្បការិនី និងរិះរកវិធីសាស្រ្តជួយគ្នា ទោះក្នុងកាលៈទេសៈណាក៏ដោយ ។

ចំណែកឯតារាចម្រៀង អ៊ុំ គន្ធា ក៏បានថ្លែងឲ្យដឹងទាំងទឹកភ្នែក រលីងរលោងថា នាងពិតជារំភើបចិត្ត រកអ្វីនិយាយមិនចេញទេ នៅពេលដែលអ្នកសិល្បៈទាំងអស់គ្នា មិនបានរើសអើងនាង ដែលជាអ្នកផ្ទុកមេរោគអេដស៍ និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ដល់ឯកឧត្តម ខៀវ កាញារីទ្ធ និងអ្នកសិល្បៈទាំងអស់ នូវសណ្ដានចិត្តដ៏ល្អ មិនអាចកាត់ថ្លៃបាននៅពេលនេះ។ សកម្មភាពទាំងអស់ បានធ្វើឲ្យនាងមានកម្លាំងចិត្ត តស៊ូក្នុងជីវិត មិនចុះចាញ់នឹងព្រហ្មលិខិត ខំប្រឹងលេបថ្នាំឲ្យបានទៀងទាត់ និងធ្វើការងារជួយគ្រួសារឲ្យបានច្រើន ៕

- អាន ៖ អ៊ុំ គន្ធា ទទួលស្គាល់ថា ខ្លួនកើតអេដស៍ ១២ឆ្នាំ និងទទូចសុំចិត្តទស្សនិកជន កុំរើសអើង

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល