(ភ្នំពេញ)៖ ស្រ្តីម្នាក់បានខ្ចីម៉ូតូកូនជិះ ទៅទទួលប្ដីដែលចេញពីធ្វើការ ក៏ត្រូវក្រុមចោរមានបក្ខពួក២នាក់ ដកកាំភ្លើងភ្ជង់ប្លន់ តាមផ្លូវយកម៉ូតូ រត់គេចបាត់ដោយសុវត្ថិភាព ហើយជនរងគ្រោះបានត្រឹម យំសោកស្ដាយដើរទៅផ្ទះវិញ និងចូលដាក់ពាក្យប្ដឹងសមត្ថកិច្ច ឱ្យជួយតាមរក ម៉ូតូនោះវិញ។

ករណីប្លន់ថ្ងៃនេះកើតឡើងនៅយប់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៦ ស្ថិតតាមបណ្តោយផ្លូវលំ ក្នុងសង្កាត់ច្រាំងចំរេះទី១ ខណ្ឌប្ញស្សីកែវ។ ម៉ូតូដែលចោរភ្ជង់ប្លន់យកទៅ ម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FW-5638 ជាម៉ូតូរបស់កូនស្រីឈ្មោះ ពៅ ស្រីនី អាយុ២៣ឆ្នាំ ធ្វើការរោងចក្រ។ ស្ត្រីរងគ្រោះជាម្ដាយ មានឈ្មោះ តេ ស្រ៊ី អាយុ៤០ឆ្នាំ មានទីលំនៅក្នុងសង្កាត់ស្វាយប៉ាក ខណ្ឌប្ញស្សីកែវ។

ចំណែកជនសង្ស័យមានគ្នា២នាក់ ជិះម៉ូតូមួយគ្រឿងម៉ាកឌូក មិនចាំពណ៌ មិនស្គាល់ស្លាកលេខ ប្រដាប់ដោយកាំភ្លើងខ្លី១ដើម។ មុនពេល កើតហេតុ ស្ត្រីរងគ្រោះបានយកម៉ូតូកូនស្រីខាងលើ ជិះទៅយកប្តីរបស់គាត់ដែលចេញពីកន្លែងធ្វើការតាមបណ្ដោយផ្លូវលំ ក្នុងទិសដៅ ពីលិចទៅកើត ចេញមកផ្លូវជាតិលេខ៥ ខណៈជិះមកដល់ពាក់កណ្តាលផ្លូវ មានសភាពស្ងប់ស្ងាត់ ស្រាប់តែលិចមុខបក្ខពួកក្រុមចោរ២នាក់ ជិះម៉ូតូ១គ្រឿង ដេញតាមពីក្រោយហើយបានស្រែកឱ្យស្ត្រីរងគ្រោះឈប់ម៉ូតូ តែគាត់មិនព្រមឈប់ ទើបជនសង្ស័យបានជិះមកកាក់ពីមុខ ដោយធាក់ផ្តួល និងបានដកកាំភ្លើងខ្លីភ្ជង់ជនរងគ្រោះ ប្លន់យកម៉ូតូជិះគេចខ្លួនទៅបាត់ ដោយសុវត្ថិភាព។

ក្រោយពេលកើតហេតុ ជនរងគ្រោះបានត្រឹមសោកស្ដាយ ហើយត្រឡប់ទៅផ្ទះវិញទាំងអស់សង្ឃឹម រួចឲ្យក្រុមគ្រួសារដឹកទៅដាក់ពាក្យ បណ្តឹងនៅប៉ុស្តិ៍នគរបាលច្រាំងចំរេះទី១ ដើម្បីសុំកិច្ចអន្តរាគមន៍ជួយស្វែងរកម៉ូតូ និងចាប់ខ្លួនជនដៃដល់ដើម្បីយកផ្ដន្ទាទោសតាមច្បាប់៕

ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី