(ភ្នំពេញ)៖ព្រះមហាក្សត្របានចេញ ព្រះរាជក្រឹត្យតែងតាំងលោក ឡុង ឌីម៉ង់ ជាឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃកម្ពុជា ប្រចាំនៅកូរ៉េខាងត្បូង និងបានចេញព្រះរាជក្រឹត្យបញ្ចប់ភារកិច្ចលោក ស៊ុត ឌីណា ពីឯកអគ្គរាជទូតផងដែរ។ នេះបើយោងតាមព្រះរាជក្រឹត្យដែលអង្គភាព Fresh News ទើបទទួលបាននៅមុននេះនាល្ងាចថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៦នេះ។

លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស បានអះអាងថា លោក ឡុង ឌីម៉ង់ មានលក្ខណៈសម្បត្តិប្រសើរផ្នែកទំនាក់ទំនងការទូត ដោយលោកបានបញ្ចប់សញ្ញាបត្រអនុបណ្ឌិត ផ្នែកទំនាក់ទំនងអន្តរជាតិ ហើយមានការយល់ដឹង និងបទពិសោធន៍ការទូតក្នុងនាមជាអ្នកនាំពាក្យ នៅក្នុងរដ្ឋបាលរាជធានីភ្នំពេញ ដែលមានទំនាក់ទំនងជាមួយ អង្គទូតនានា មានអត្តចរឹតល្អ ធ្វើឱ្យរាជរដ្ឋាភិបាលមើលឃើញ និងផ្តល់សេចក្តីទុកចិត្ត។

លោក សុន្ទរី លើកឡើងថា «ការជ្រើសរើស លោក ឡុង ឌីម៉ង់ ជាឯកអគ្គរាជទូតប្រចាំនៅកូរ៉េខាងត្បូងនេះ គឺផ្អែកលើលក្ខណៈសម្បត្តិរបស់លោក ឡុង ឌីម៉ង់ មិនមែនជាការជ្រើសរើសដោយផ្អែកលើ សែស្រឡាយ ឬផ្អែកលើកត្តាអ្វីមួយផ្សេងនោះទេ»។

អ្នកនាំពាក្យរូបនេះបានបន្ថែមថា «ការសិក្សារបស់គាត់ (ឡុង ឌីម៉ង់) គឺបញ្ចប់ផ្នែកអនុបណ្ឌិត ផ្នែកទំនាក់ទំនងអន្តរជាតិ ហើយនៅពេលដែលគាត់ធ្វើការងារនៅសាលាក្រុង គាត់ក៏ជាអ្នកនាំពាក្យរបស់សាលាក្រុង គាត់ក៏មានបទពិសោធន៍ផ្នែកទំនាក់ទំនងជាមួយ ភ្ញៀវបរទេស គណៈប្រតិភូអង្គទូតនានា ជាពិសេសនោះ គឺមូលដ្ឋានការសិក្សារបស់គាត់ ដែលអនុបណ្ឌិតមកពីប្រទេសបារាំង ផ្នែកទំនាក់ទំនងអន្តរជាតិ»។

លោក ឡុង ឌីម៉ង់ ដែលបច្ចុប្បន្នជា អ្នកនាំពាក្យតែមួយគត់នៃសាលារាជធានីភ្នំពេញ បានបញ្ចប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅកម្ពុជា ក្នុងឆ្នាំ១៩៩៧ ហើយលោកបានទៅបន្តការសិក្សាថ្នាក់បរិញ្ញាបត្រ នៅមហាវិទ្យាល័យវិទ្យាសាស្រ្តសេដ្ឋកិច្ចប៉ារីស ដូហ្វីន ប្រទេសបារាំង ក្នុងឆ្នាំ២០០១ ដោយជ្រើសរើសជំនាញ វិទ្យាសាស្រ្តសេដ្ឋកិច្ច។ បន្ទាប់ពីនោះបាន៣ឆ្នាំ លោកក៏បានសិក្សា និងបញ្ចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ (អនុបណ្ឌិត) ជំនាញទំនាក់ទំនងអន្តរជាតិ នៅសាលាដដែលនេះ។

ក្រោយពីត្រឡប់មកកម្ពុជាវិញ លោក ឡុង ឌីម៉ង់ បានទទួលការងារជាជំនួយការអភិបាលរាជធានីភ្នំពេញ នៅឆ្នាំ២០០៥ ក្រោយមក ក្លាយជានាយករងខុទ្ទកាល័យសាលារាជធានីភ្នំពេញ បន្ទាប់មកទៀត ក្លាយជានាយករងទីចាត់ការរដ្ឋបាលសាលារាជធានីភ្នំពេញ ក្លាយជានាយកទីចាត់ការ ក្លាយជានាយករងរដ្ឋបាលសាលារាជធានីភ្នំពេញ និងបានក្លាយជាអ្នកនាំពាក្យសាលារាជធានីភ្នំពេញ ចាប់តាំងពីឆ្នាំ២០១២ រហូតមក។

សូមជំរាបថា ចៅក្រមស៊ើបសួរលោក លាង សំណាត់ បានសម្រេចចេញដីកាឃុំខ្លួន លោក ស៊ុត ឌីណា ជាបណ្តោះអាសន្ន បន្ទាប់ពីលោក មាស ច័ន្ទពិសិដ្ឋ សម្រេចចោទប្រកាន់២បទ កេងយកប្រយោជន៍ដោយខុសច្បាប់ តាមមាត្រា៥៩៧ និង៥៩៨ នៃក្រមព្រហ្មទណ្ឌ និងបទរំលោភអំណាច តាមមាត្រា៣៥ ច្បាប់ស្ដីពីការប្រឆាំងអំពើពុករលួយ។ បទល្មើសនីមួយៗកំណត់ការផ្តន្ទាទោសពី២ឆ្នាំ ទៅ៥ឆ្នាំ និងពិន័យជាប្រាក់ពី៤លានរៀល ទៅ១០លានរៀល។

អង្គភាពប្រឆាំងអំពើពុករលួយ បានឃាត់ខ្លួន លោក ស៊ុត ឌីណា ឯកអគ្គរាជទូតកម្ពុជាប្រចាំកូរ៉េខាងត្បូង កាលពីថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៦ គ្រាដែលរូបលោកចូលជួបឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង។ លោក ឱម យ៉ិន ទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានបញ្ជាក់ថា ការឃាត់ខ្លួនលោក ស៊ុត ឌីណា បានធ្វើឡើង បន្ទាប់ពីបានរកឃើញតម្រុយជាច្រើន ក្នុងនោះមានព័ត៌មានផ្សាយនៅលើ Facebook អំពីភាពមិនប្រក្រតីរបស់លោក ឌីណា រួមមានពាក្យប្តឹងពីក្រសួងការបរទេស ទាំងនៅភ្នំពេញ និងកូរ៉េខាងត្បូងផងដែរ៕

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី