(ភ្នំពេញ)៖ តារាចម្រៀងរាងតូចច្រឡឹង សម្ដីស្រទន់ ប្រចាំក្នុងផលិតកម្ម ភ្លេងរីខដ កញ្ញា វ៉ាន់ នីឡា បានបង្ហាញវត្តមានផ្ដល់បទសម្ភាសន៍ គួរឲ្យភ្ញាក់ផ្អើលជាមួយនឹង ក្រុមការងារផ្សាយផ្ទាល់ Facebook Page របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ខណៈដែលការបង្ហាញវត្តមាន តាមរយៈកម្មវិធីប្រគំតន្រ្តី តាមស្ថានីទូរទស្សន៍នានា ត្រូវបានលុបចោលជាបន្តបន្ទាប់ ក្រោយពីតារាចម្រៀងរូបនេះ ទទួលរងគ្រោះដោយសារតែជនអនាមិក ដែលគេសង្ស័យថា ជាអតីតសង្សាររបស់នាង ទម្លាយរូបស្រាតជាសាធារណៈ រួចមក។

ពិតណាស់ថា បន្ទាប់ពីជួបប្រទះនូវរឿងរ៉ាវដ៏អាម៉ាស ប្រចាំក្នុងជីវិតជាស្រ្តីរួចមក គេសង្កេតឃើញថា កញ្ញា វ៉ាន់ នីឡា ហាក់ទទួលរងនូវការបាក់កម្លាំងចិត្តជាខ្លាំង រហូតពេលខ្លះនាងបានបញ្ចេញសារ លែងចង់រស់ ព្រោះតែការពេបជ្រាយពីមហាជន ចំពោះកំហុសគ្មានការពិចារណា របស់នាងក្នុងរយៈពេលតែមួយប៉ប្រិចភ្នែក ។ ប៉ុន្តែក្នុងនោះ ក៏មានអ្នកសិល្បៈ និងអ្នកគាំទ្រនាង ជាច្រើនទៀត បានផ្ដល់កម្លាំងចិត្ត និងត្រូវតែតស៊ូជំនះ កុំចុះចាញ់ឲ្យសោះ ព្រោះមនុស្សតែងមានកំហុសខុសឆ្គងខ្លះៗ ជារឿងធម្មតា។

ដើម្បីជាការជួយទាំងកម្លាំងចិត្ត និងផ្លូវច្បាប់ ប្រធានសមាគម «មិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គម» អ្នកនាង ចន ច័ន្ទលក្ខិណា បានប្រកាសផ្ដល់មេធាវីដល់ កញ្ញា វ៉ាន់ នីឡា ដើម្បីតតាំងផ្នែកផ្លូវច្បាប់ ចំពោះបណ្ដឹងរបស់នាង ដែលបានប្ដឹងវែករកមុខជនអនាមិក ទម្លាយរូបស្រាត ទៅតុលាការ ក្នុងការទទួលបាននូវយុត្តិធម៌ ដើម្បីស្តា និងស្រោចស្រង់កេរ្តិ៍ឈ្មោះ កិត្តិយសរបស់នាងមកវិញ ។ ស្របពេលជាមួយនឹងសំណុំរឿង កំពុងតែដំណើរការ គេសង្កេតឃើញស្រីស្រស់ វ៉ាន់ នីឡា ហាក់មានការប្រយ័ត្នប្រយែងខ្ពស់ ក្នុងការបង្ហាញវត្តមាន តាមទីសាធារណៈនានា ព្រោះជនអនាមិក បានតាមគំរាមកំហែងនាងគ្រប់ពេល។

តារាចម្រៀងមានរូបឆោមឡោមពណ៌ស្រស់បំព្រង ញញឹមមានមន្តស្នេហ៍ កញ្ញា វ៉ាន់ នីឡា បានបង្ហាញវត្តមានគួរឲ្យភ្ញាក់ផ្អើល កាលពីពេលថ្មីៗនេះ ជាមួយនឹងការផ្ដល់កិច្ចសម្ភាសន៍ជាលើកដំបូង តាំងពីបែបធ្លាយរូបស្រាត ជាមួយក្រុមការងារផ្សាយផ្ទាល់ Facebook Page របស់សម្ដេចតេជោ ហ៊ុន សែន ដើម្បីធ្វើការបកស្រាយខ្លះៗ ជុំវិញរឿងរ៉ាវទាំងឡាយ ដែលបានកើតឡើង ចំពោះនាងនាពេលកន្លងមក ។

ក្នុងកិច្ចសម្ភាសន៍ដ៏កម្រនេះ កញ្ញា វ៉ាន់ នីឡា បានសម្ដែងការជឿជាក់ថា សមត្ថកិច្ចក្រសួងមហាផ្ទៃ ក៏ដូចជារដ្ឋាភិបាលដែលដឹកនាំ ប្រកបដោយភាពឈ្លាសវៃ របស់សម្ដេចតេជោ ហ៊ុន សែន នឹងស្វះស្វែងរកឃើញ នូវពន្លឺយុត្តិធម៌ជូនដល់នាង ដែលជាជនរងគ្រោះ ។ នាងបានសង្កត់ធ្ងន់ថា សម្ដេចតេជោ ហ៊ុន សែន តែងតែលើកកម្ពស់តម្លៃស្រ្តី ឲ្យតម្លៃដល់ស្រ្តីគ្រប់រូប មិនប្រកាន់និន្នាការនយោបាយអ្វីឡើយ ហើយបើស្រ្តីណាម្នាក់កំពុងតែរងនូវការរំលោភបំពាន ឬគំរាមកំហែងពីជនណាម្នាក់នោះ សម្ដេចតេជោ នឹងជួយរកយុត្តិធម៌ជូនស្រ្តីនោះ ក្នុងនាមជាអ្នកដឹកនាំប្រកបដោយគុណធម៌ ព្រហ្មវិហារធម៌ និងក្ដីករុណាដល់ប្រជាពលរដ្ឋទូទៅ។

ជាមួយគ្នានេះ កញ្ញា វ៉ាន់ នីឡា បានបន្ថែមទាំងទឹកភ្នែករលីងរលោងទៀតថា នាងក៏សូមទទូចអង្វរដល់មហាជនទាំងអស់ មេត្តាឈប់បន្តចែកចាយរូបភាពរបស់នាង ព្រោះបើនៅតែចែករំលែកបែបនេះ គឺហាក់កំពុងតែចូលរួមរំលោភសិទ្ធិ និងជាន់ឈ្លីតម្លៃស្រ្តីខ្មែរ ព្រោះនាងបានទទួលស្គាល់កំហុសនេះទៅហើយ ដូច្នេះសូមឲ្យបងប្អូនមានការយោគយល់ខ្ពស់ ចំពោះរូបនាងជាស្រីទន់ខ្សោយ និងកំពុងតែទទួលរងនូវក្ដីឈឺចាប់ ស្ទើរតែគ្មានថ្ងៃស្រាកស្រាននេះ។

ត្រង់ចំណុចនេះ ទោះបីជា វ៉ាន់ នីឡា ហាក់អួលដើមកនិយាយលែងចង់ចេញក្ដី ប៉ុន្តែនាងនៅមានកម្លាំងចិត្ត ហើយបន្តបង្ហាញជំនឿលើប្រមុខ ដឹកនាំរបស់ប្រទេសកម្ពុជា គឺសម្ដេចតេជោ ហ៊ុន សែន ថា នឹងអាចជួយរកយុត្តិធម៌ ជូនចំពោះនាងបានយ៉ាងពិតប្រាកដ បើទោះបីជាភាគីម្ខាងទៀត ជាកូនមន្រ្តីធំពាក់ផ្កាយ មានអំណាច មានទ្រព្យស្ដុកស្ដម្ភ យ៉ាងណាក៏ដោយ ព្រោះសម្ដេចតេជោ គឺជាពន្លឺយុត្តិធម៌មួយមិនចេះសាបសូន្យ សម្រាប់ប្រជាពលរដ្ឋខ្មែរគ្រប់ៗរូប៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង