(ពោធិ៍សាត់)៖ លោកស្រី ជុក សុផានី អភិបាលរងខេត្ត តំណាងលោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់, លោក អ៉ឹម កុច រដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា ជាប្រធានគណៈមេប្រយោគទូទាំងប្រទេស ប្រចាំខេត្តពោធិ៍សាត់ និងលោក ប៉ូ ផល្លា ប្រធានទទួលបន្ទុករួម ក្រុមការងារ ACU ចុះសង្កេតការណ៍ប្រឡង ប្រចាំខេត្តពោធិ៍សាត់ បានអញ្ជើញជាអធិបតី ក្នុងការបើកវិញ្ញាសាប្រឡងយក សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៥-២០១៦ នាព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៥ នៅវិទ្យាល័យពោធិ៍សាត់។

លោក លី សុគន្ធី ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តពោធិ៍សាត់ បានឲ្យដឹងថា ក្នុងសម័យប្រឡងយកសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៥-២០១៦នេះ ខេត្តពោធិ៍សាត់ បានបែងចែកចេញជាមណ្ឌលប្រឡងចំនួន ៤មណ្ឌល ១០១បន្ទប់ ដែលមានបេក្ខជនចូលរួមប្រឡងសរុបចំនួន ២៤៩០នាក់ ក្នុងនោះស្រី ១២០៥នាក់។

ការប្រឡងនេះប្រព្រឹត្តទៅរយ:ពេលពីរថ្ងៃ គឺថ្ងៃទី២២-២៣ ខែសីហា ឆ្នាំ២០១៥ លើវិញ្ញាសាចំនួនប្រាំពីរមុខវិជ្ជាគឺ គីមីវិទ្យា ជីវវិទ្យា ប្រវត្តិវិទ្យា ភាសាបរទេស អក្សរសាស្ត្រខ្មែរ រូបវិទ្យា និងគណិតវិទ្យា។ ជាងនេះទៅទៀត លោកគ្រូ អ្នកគ្រូ ដែលជាមេប្រយោគ សុទ្ធសឹងមកពីសាលាបឋមសិក្សា ដែលមិនអាចធ្វើវិញ្ញាសាផ្សេងៗ ចែកបេក្ខជនប្រឡងនោះបានទេ រីឯខាងក្រៅមានការយាមកាមយ៉ាងម៉ត់ចត់ ពីអ្នកសង្កេតការស្ម័គ្រចិត្តចំនួន ១៥៨នាក់, សសយកខេត្ត ២៤នាក់, ACU ៦នាក់, ពេទ្យ ៤នាក់, ឡានពេទ្យ១គ្រឿង, ប៉ូលីស ១២នាក់, ប៉េអឹម ១២នាក់ សម្រាប់ ០៤មណ្ឌលទូទាំងខេត្ត និងជុំវិញមណ្ឌលប្រឡង សូម្បីកន្លែងហ្វូតូកូពីក៏ត្រូវបិទជិតឈឹង។

លោកស្រី ជុក សុផានី បានបញ្ជាក់ថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិក្នុងថ្ងៃនេះ មានការតឹងតែងជាងឆ្នាំមុនទៅទៀត ដែលមិនតម្រូវឲ្យបេក្ខជន យកវិញ្ញាសាផ្សេងៗចូលរួមទាំង ម៉ាស៊ីនគិតលេខ ទូរសព្ទ័ទំនើប អាយភែត ចូលក្នុងបន្ទប់ប្រឡងបានឡើយ។ ភាពរ៉ឹងម៉ាំនៃការប្រឡងនេះ មានគោលបំណងចង់ឲ្យសិស្សមានការគិតគូរដោយផ្ទាល់ខ្លួន មិនមានពឹងពាក់លើអ្នកដ៏ទៃ ជាពិសេសពឹងផ្អែកទៅលើចំណេះដឹងផ្ទាល់ខ្លួន មិនលបមើល និងចម្លងឯកសារផ្សេងៗពីគេ ពោលគឺជាការសាកល្បងនូវចំណេះដឹង ដែលយើងទាំងអស់គ្នា បានសិក្សារៀនសូត្រអស់រយ:ពេល១២ឆ្នាំ។

នៅពេលដែលយើងបានប្រឡងជាប់សញ្ញាប័ត្រពិតប្រាកដ យើងនឹងទទួលបានការវាយតម្លៃខ្ពស់បំផុត និងផ្តល់រង្វាន់លើកទឹកចិត្ត និងអាហាររូបករណ៍ អំពីចំណេះដឹង និងសមត្ថភាពពិតប្រាកដ។ លោកស្រីក៏បានប្រសិទ្ធិពរឲ្យបេក្ខជនដែលចូលប្រឡងទាំងអស់ មានសំណងល្អ បានប្រឡងជាប់ និងទទួលបាននិទ្ទេសល្អគ្រប់ៗគ្នា៕

ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី