អតីតប្រធានាធិបតីប្រេស៊ីល លោកលូឡា ដាស៊ីវ៉ា (Lula da Silva) ត្រូវបានតុលាការផ្តន្ទាទោស កាលពីថ្ងៃពុធ ពីបទប្រព្រឹត្ដអំពើពុករលួយ និងលាងលុយកខ្វក់ ហើយត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារជិត ១០ ឆ្នាំ។ លោក Lula da Silva ដែលជាប្រធានាធិបតីប្រេស៊ីល ឡើងកាន់អំណាចពីឆ្នាំ ២០០៣ ដល់ឆ្នាំ ២០១០ ត្រូវបាន រដ្ឋអាជ្ញាចោទប្រកាន់ពីបទទទួលយកប្រាក់ចំនួន ១,១ លានដុល្លារអាមេរិក ពីក្រុមហ៊ុនសំណង់មួយ ដើម្បីកែលម្អ និងចំណាយលើអាផាតមិនរបស់ខ្លួន ជាថ្នូនឹងការព្រមទទួលយកកិច្ចសន្យាក្រុមហ៊ុនសំណង់ ជាមួយក្រុមហ៊ុនប្រេង ដែលគ្រប់គ្រងដោយរដ្ឋ។

អតីតប្រធានាធិបតីរូបនេះ នៅតែមានសិទ្ធិ អាចប្តឹងឧទ្ធរណ៍ប្រឆាំងនឹងសេចក្ដីសម្រេចផ្តន្ទាទោសលើរូបលោក និងមិនត្រូវបានចាប់ខ្លួននោះទេរហូតទាល់តែលោក អស់ឆន្ទៈក្នុងការប្ដឹងឧទ្ធរណ៍។ កាលពីពេលកន្លងទៅ លោកបានប្រកាសពីបំណងប្រាថ្នារបស់ខ្លួន ដើម្បីកាន់តួនាទីជាប្រធានាធិបតី នៅឆ្នាំក្រោយសម្រាប់គណបក្សពលករ។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើការប្តឹងឧទ្ធរណ៍របស់លោកបរាជ័យ លោក Lula da Silva ដែលបច្ចុប្បន្នមានអាយុ ៧១ ឆ្នាំហើយនោះ នឹងមិនមានសិទ្ធិឈរឈ្មោះសម្រាប់តំណែងប្រធានាធិបតីរយៈពេលរហូតដល់ ១៩ ឆ្នាំ។

ប្រទេសប្រេស៊ីល បានទទួលរងនូវការចោទប្រកាន់ ពីបទប្រព្រឹត្ដអំពើពុករលួយយ៉ាងច្រើន នៅគ្រប់ឋានានុក្រមនៃតំណែងរដ្ឋាភិបាល ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ប្រធានាធិបតីប្រេស៊ីលបច្ចុប្បន្ន លោក Michel Temer ត្រូវបានចោទប្រកាន់ពីបទទទួលសំណូក កាលពីខែមិថុនា។ អតីតប្រធានាធិបតី លោកស្រី Dilma Rousseff ត្រូវបានតុលាការចោទប្រកាន់ពីបទប្រព្រឹត្ដអំពើពុករលួយ កាលពីឆ្នាំមុន ក្នុងគ្រាដែលមានវិបត្តិសេដ្ឋកិច្ច។

កាលពីខែមេសា តុលាការកំពូលរបស់ប្រទេសប្រេស៊ីល បានចេញបទបញ្ជាឱ្យបើកការរស៊ើបអង្កេតលើរដ្ឋមន្រ្តី ក្នុងជួរគណៈរដ្ឋមន្ត្រីចំនួន ៨ រូប និងសមាជិកសភាជាច្រើនរូប ដែលត្រូវបានចោទប្រកាន់ថា មានការជាប់ពាក់ព័ន្ធនឹងគម្រោងសូកប៉ាន់ ដែលគេហៅថា "លាងរថយន្ត(Car Wash)" ។ នៅក្នុងខែមីនា អគ្គរដ្ឋអាជ្ញាប្រេស៊ីល បានស្នើសុំតុលាការកំពូលប្រេស៊ីលឱ្យបើកការស៊ើបអង្កេតចំនួន ៨៣ ករណីបន្ថែមទៀតទៅលើអ្នកនយោបាយ៕

ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ Jurist