(ភ្នំពេញ)៖ កូនប្រុស-ស្រី ឧកញ៉ា ខូវ ជឺលី រួមទាំងឧកញ៉ា ខូវ ផល្លាបុត្រ ដែលជាប្រុសស្នេហ៍របស់ជនជាប់ចោទអ្នកស្រី ឡាយ ហួងផង បានអះអាងថា អ្នកស្រី ឡាយ ហួង ពិតជាមេឃាតក មេគំនិតរៀបចំគម្រោងរំលោភសម្លាប់ ភរិយា និង កូនស្រី របស់ទេសរដ្ឋមន្រ្តី រដ្ឋ មន្រ្តីក្រសួងពាណិជ្ជកម្ម លោក ស៊ុន ចាន់ថុល និង ទទូចសុំឲ្យលោកឧកញ៉ា ខូវ ជឺលី បញ្ឈប់ការស្វែងរកកិច្ចអន្តរាគមន៍ជួយជនជាប់ ចោទ ឡាយ ហួង និង ទណ្ឌិត សេង ចិន្តា ឲ្យរួចផុតពីសំណាញ់ច្បាប់របស់កម្ពុជា។

សំណុំរឿងរៀបចំគម្រោងរំលោភ សម្លាប់ ភរិយា និងកូនស្រី របស់លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល ដែលជាសំណុំរឿងឃាតកម្ម ដ៏ កក្រើកនៅកម្ពុជាក្នុងត្រកូលអភិជនតាំងពីឆ្នាំ២០១០មកនោះ ជនជាប់ចោទចំនួន ៤នាក់ហើយត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគារ ហើយ សាលក្រម ក៏បានចូលជាស្ថាពរផងដែរ។ ជនទាំង ៤នាក់នេះរួមមាន៖ អ្នកស្រី សេង ច័ន្ទដា ប្រពន្ធចុងឧកញ៉ា ខូវ ជឺលី ត្រូវបានផ្តន្ទា ទោសដាក់ពន្ធនា គារ ២០ឆ្នាំ, សន្តិសុខ របស់អ្នកស្រី សេង ច័ន្ទដា ដាក់ពន្ធគារ ២០ឆ្នាំ រីឯអ្នកបម្រើ ២នាក់ទៀត ដាក់ពន្ធនាគារ ១៨ ឆ្នាំ។

ដោយឡែកមេខ្លោង ដែលត្រូវបានកូនៗឧកញ៉ា ខូវ ជឺលី អះអាងថា ជាអ្នកផ្តើមគំនិតក្នុងរឿងឃាតកម្មនេះ គឺអ្នកស្រី ឡាយ ហួង ក៏ត្រូវ បានប៉ូលិស Interpol ឃាត់ខ្លួនក្នុងទឹកដីប្រទេសថៃ កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៤ បញ្ជូនមកកម្ពុជា។ មេផ្តើមគំនិតរូបនេះ ត្រូវចៅ ក្រមសាលាដំបូងសម្រេចឲ្យជាប់ពន្ធនាគារបណ្តោះអាសន្ននៅពន្ធនាគារព្រៃស ហើយនឹងលើកយកមកបើកសវនាការជំនុំជម្រះក្តីនៅ ថ្ងៃអង្គារ ទី២៩ ខែធ្នូ ឆ្នាំ២០១៥នេះហើយ បន្ទាប់ពីតុលាការបានពន្យារ និងលើកពេលជាច្រើនសារ។

ក្រៅពីអ្នកស្រី សេង ច័ន្ទដា អ្នកស្រី ឡាយ ហួង និងបក្ខពួក ៣នាក់ផ្សេងទៀត ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន និងតុលាការវិនិច្ឆ័យទោស ហើយនោះលោកឧកញ៉ា ខូវ ផល្លាបុត្រ បុរសកំណាន់របស់អ្នកស្រី ឡាយ ហួង ក៏ត្រូវបានចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោក កែវ មុនី ចេញដីកាឲ្យតាមចាប់ ខ្លួនផងដែរ។ បច្ចុប្បន្នលោកឧកញ៉ា ខូវ ផល្លាបុត្រ បាននិងកំពុងរត់គេចខ្លួន នៅឯក្រៅប្រទេស។

បើទោះបីជាមានភស្តុតាង និងសាក្សីជាច្រើនបានបញ្ជាក់ថា អ្នកស្រី ឡាយ ហួង ជាមេគំនិតរៀបចំគម្រោងរំលោភ សម្លាប់ភរិយា និង កូនស្រី លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល ហើយអ្នកស្រី សេង ច័ន្ទដា ត្រូវបានតុលាការផ្តន្ទាទោសសាលក្រមចូលជាស្ថាពរយ៉ាងណាក្តី លោកឧកញ៉ា ខូវ ជឺលី ត្រូវបានកូនៗរបស់ខ្លួនអះអាងថា នៅតែព្យាយាមយកខ្នងមកការពារ ស្វែងរកកិច្ចអន្តរាគមន៍ជាមួយការចំណាយ លុយរាប់លានដុល្លារ ដើម្បីជួយឲ្យអ្នកស្រី សេង ច័ន្ទដា និង ឡាយ ហួង រួចផុតពីសំណាញ់ច្បាប់។

កូនប្រុស-ស្រី របស់លោកឧកញ៉ា ខូវ ជឺលី រួមមានលោកស្រី ខូវ ជឺឡាសាឌី លោក ខូចច័ន្ទសូរ៉ាឌឿន លោក ខូវ វិបុលរិទ្ធិ និងលោក ខូវ វីរ័ត្នវតី កាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៥នេះ បានធ្វើលិខិតរួមគ្នាមួយលាតត្រដាងពីទង្វើទុច្ចរិត និង ពិសពុលរបស់ជនជាប់ចោទ ឡាយ ហួង និងទណ្ឌិត សេង ច័ន្ទដា ព្រមទាំងសុំឲ្យឪពុករបស់ខ្លួនបញ្ឈប់រាល់សកម្មភាព និង វិធីទុច្ចរិតផ្សេងៗ ស្វែងរកអន្តរាគមន៍ ដោះលែងអ្នកស្រី សេង ចិន្តា និង ឡាយ ហួង។ ព្រមទាំងសុំឲ្យឧកញ៉ា ខូវ ជឺលី ឈប់ដើរនិយាយបរិហាកេរ្តិ៍ និងបង្កាចបង្ខូចកិត្តិយស របស់លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល ផងដែរ។

នៅក្នុងលិខិតនេះ កូនប្រុស-ស្រី របស់លោកឧកញ៉ា ខូវ ជឺលី បានបញ្ជាក់ថា ផ្អែកតាមសវនការកាត់ក្តីជាបន្តបន្ទាប់ចាប់ពីសាលាដំបូង រាជធានីភ្នំពេញ សាលាឧទ្ធរណ៍ និង តុលាការកំពូល បានបញ្ជាក់យ៉ាងច្បាស់ថា ករណីប៉ុនប៉ងរំលោភ និងសម្លាប់លោកស្រី ស៊ុន សត្ថា និង កូនស្រី ផ្តើមគំនិតដោយឈ្មោះ ឡាយ ហួង គឺជារឿងពិត។ រីឯកការចោទប្រកាន់លើ លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល ថា ប្រឌិត ករណីព្រហ្មទណ្ឌ ដើម្បីលេបយកទ្រព្យសម្បត្តិគ្រួសារត្រកូលខូវនោះ ជាការខុសឆ្គងយ៉ាងធ្ងន់ធ្ងរ ហើយបាននាំមកនូវការសោកស្តាយ យ៉ាងខ្លាំង។

កូនប្រុស-ស្រី ទាំង ៤រូបរបស់លោកឧកញ៉ា ខូវ ជឺលី បានសំណូមពរយ៉ាងដូច្នេះថា «នាងខ្ញុំ ខូច ជឺឡាសាឌី និងខ្ញុំ បាទ ខូវ ច័ន្ទសូរ៉ា ឌឿន បានដឹងឮរឿងរ៉ាវពិតទាំងអស់នេះ តាំងពីដើមរហូតមក ហើយតែងតែព្យាយាមការពារកិត្តិយសលោកប៉ាជានិច្ច ដោយខ្ញុំបារម្ភថា នៅពេលដែលសាធារណជនបានដឹងថា លោកប៉ា មានការពាក់ព័ន្ធ និង ជួយមនុស្ស ដែលបានរៀបចំគម្រោងរំលោភ និងសម្លាប់កូនស្រី និងចៅស្រីរបស់ខ្លួន កេរ្តិ៍ឈ្មោះរបស់លោកប៉ា ដែលធ្លាប់មានកិត្តិយសពីមុនមក នឹងប្រែក្លាយទៅជាអាប់ឱនរលាយសាបសូន្យក្នុងមួយ ប៉ព្រិចភ្នែក។ ដូច្នេះយើង ខ្ញុំសូមសំណូមពរដល់លោកប៉ា មេត្តាឈប់ការពារ និងលាក់លៀមអាថ៌កំបាំងទាំងអស់ពាក់ព័ន្ធ សេង ចិន្តា, ឡាយ ហួង និងគូកន ដែលបានរៀបចំគម្រោង រំលោភ និង សម្លាប់កូនស្រី និងចៅស្រីរបស់លោកប៉ា បន្តទៀតទៅ»។

នៅក្នុងសំណុំរឿងឃាតកម្មមួយនេះ ឧកញ៉ា ខូវ ផល្លាបុត្រ ក៏ធ្លាប់បានចេញមកបកស្រាយ ព្រមទាំងសម្តែងការសុំទោស លោកទេសរដ្ឋ មន្រ្តី ស៊ុន ចាន់ថុល ដោយលើកហេតុផលថា ខ្លួនបានយល់ច្រឡំ ព្រោះជឿតាមការញុះញង់របស់អ្នកស្រី ឡាយ ហួង ដែលជាស្រីកំ ណាន់ របស់ខ្លួន។ ឧកញ៉ា ខូវ ផល្លាបុត្រ បានអះអាងថា ឡាយ ហួង ជាមនុស្សចូលមកបំផ្លាញក្តីសុខ និង ទ្រព្យសម្បត្តិរបស់ត្រកូល ខូវ។

ឧកញ៉ា ខូវ ផល្លាបុត្រ បានអះអាងចេញពីមាត់របស់ខ្លួនយ៉ាងច្បាស់ដូចមាននៅក្នុងលិខិតបំភ្លឺ ដែលភ្ជាប់នៅខាងក្រោមថា អ្នកស្រី សេង ចិន្តា និង អ្នកស្រី ឡាយ ហួង គឺជាមេគំនិតរៀបចំគម្រោងសម្លាប់ប្អូនស្រី និង ក្មួយស្រីរបស់លោក។ «ឡាយ ហួង ជាមនុស្សស្រី ដែល មានភាពលោភលន់ និងមហិច្ឆតាខ្ពស់ណាស់ បានប្រើកលល្បិចសព្វបែបយ៉ាង ដើម្បីប្លន់យកទ្រព្យសម្បត្តិរបស់ខ្ញុំ និងគ្រួសារខ្ញុំ។ ដូច្នេះ រឿងអ្វីៗ ក៏ ឡាយ ហួង ហ៊ានធ្វើដែរ។ ករណីផ្សំគំនិតរបស់ឈ្មោះ សេង ច័ន្ទដា និង ឈ្មោះ ឡាយ ហួង រៀបចំគម្រោងរំលោភ និង សម្លាប់លោកជំទាវ ស៊ុន សុត្ថា និងកូនស្រី កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១០ នៅភូមិគ្រឹះ ឯកឧត្តម ស៊ុន ចាន់ថុល គឺជាការពិតមិន មែនប្រឌិតទេ»។

បើតាមឧកញ៉ា ខូវ ផល្លាបុត្រ ទង្វើដ៏ឃោរឃៅរបស់ ឡាយ ហួង មិនមែនទើបតែធ្វើទៅលើភរិយា និង កូនស្រីរបស់លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល នោះឡើយ ឡាយ ហួង ក៏ធ្លាប់បានគំរាមសម្លាប់ រំលោភ និងជះទឹកអាស៊ីត លើភរិយាទីពីររបស់លោក ខូវ ផល្លាបុត្រ រហូតភរិយាទី២នោះ រត់គេចខ្លួនចេញពីស្រុកខ្មែរ ទៅរស់នៅប្រទេសម៉ាឡេស៊ី។

សាធារណជន ដែលបានតាមដានសំណុំរឿងប៉ុនប៉ងឃាតកម្មសម្លាប់ និងរំលោភ ក្នុងត្រកូលអភិជននៅកម្ពុជា បាននិងកំពុងរង់ចាំមើល គ្រប់គ្នាទៅលើចំណាត់ការរបស់សាលាដំបូង រាជធានីភ្នំពេញលើមេផ្តើមគំនិត ឡាយ ហួង ខណៈមានព័ត៌មានជាច្រើនទម្លាយពីសាលា ដំបូងមកថា ឡាយ ហួង បានជះលុយរាប់លានដុល្លារ ដើម្បីរត់ការបន្ធូរបន្ថយទោស ឬជាថ្នូរបាននៅក្រៅឃុំ។

សាធារណជនបានសម្តែងការរំពឹងទុក្ខថា តុលាការកន្លែងដល់ផ្តល់សច្ចធម៌ យុត្តិធម៌ នឹងមិនបន្តធ្វើឲ្យតម្លៃ នៃស្ថាប័នមួយនេះ ធ្លាក់កប់ ក្នុងដីឡើយ។ រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ បាននិងកំពុងប្រយុទ្ធប្រឆាំងយ៉ាងខ្លាំងជាមួយវប្បធម៌ និទណ្ឌភាពនៅកម្ពុជា ព្រមទាំងបានធ្វើកំណែទម្រង់យ៉ាងច្រើន មានដូចជាការចាប់ប្រធានតុលាការដាក់ពន្ធនាគារជាដើម ក្នុងបំណងធ្វើ ឲ្យកន្លែងផ្តល់យុត្តិធម៌នេះ ផ្តល់យុត្តិធម៌ប្រកបដោយភាពសច្ចបានកាន់តែច្រើនជូនជនរងគ្រោះ។

សាធារណជនសង្ឃឹមយ៉ាងមុតមាំថា ការប្រឹងប្រែងរបស់សម្តេចតេជោ ហ៊ុន សែន នឹងមិនត្រូវបានមន្រ្តីតុលាការធ្វើឲ្យសាបសូន្យ អសារ បង់ ព្រោះតម្លៃលុយសូកប៉ាន់នោះឡើយ៕

ជនជាប់ចោត ឡាយ ហួង អតីតស្រីកំណាន់ចិត្តរបស់ឧកញ៉ា ខូវ ផល្លាបុត្រ

ផ្ដល់សិទ្ធដោយ៖ ហ្វ្រេសញ៉ូវអាស៊ី