ភ្នំពេញ៖ តារាសម្តែងមានឈ្មោះបោះសំឡេងល្បីរាប់ឆ្នាំ នៅក្នុងរឿងជាច្រើន លោក ហម ឈរ៉ា ថ្មីៗនេះ បានបង្ហាញអារម្មណ៍សោកសៅ សម្រក់ទឹកភ្នែក ព្រោះតែខ្លោចចិត្ត អាណិតសិល្បករ-សិល្បការិនី ជើងចាស់ដែលចាស់ជរា ហើយគ្មានទីពឹង គ្មានអ្នកយកចិត្តទុកដាក់ ដោយបណ្តោយឲ្យគាត់រស់នៅវេទនា គ្មានក្រសួងឬស្ថាប័នណាមួយយកចិត្តទុកដាក់ ដូចជាសិល្បករ នៅក្នុងប្រទេសដទៃឡើយ។

នៅក្នុងនោះដែរ លោក ហម ឈរ៉ា ក៏បានទទូចទៅដល់ខាង ក្រសួងនិងស្ថាប័នពាក់ព័ន្ធទាំងអស់ មេត្តាងាកទៅសំឡឹងមើលការលំបាកទុក្ខវេទនា របស់តារាជើងចាស់ផង ខណៈដែលភាពយន្តខ្មែរបច្ចុប្បន្ន កំពុងជួបប្រទះ នូវហានិភ័យ ព្រោះតែភាពយន្តបរទេសវាយលុកយ៉ាងខ្លាំង។

ថ្លែងនៅក្នុងកម្មវិធីជួបជុំ របស់សមាគមសិល្បករខ្មែរ និងសមាគមភាពយន្តកម្ពុជា ជជែកគ្នាជុំវិញផលប៉ះពាល់ លើការចាក់បញ្ចាំង ភាពយន្តបរទេស លើកញ្ចក់ទូរទស្សន៍ខ្មែរបច្ចុប្បន្ន កាលពីពេលថ្មីៗនេះ តារាសម្តែង លោក ហម ឈរ៉ា បាននិយាយ ជាសាធារណៈ លាយឡំនឹងការបង្ហូរទឹកភ្នែក អួលដើមករថា លោកពិតជាមានក្តីអាណិតអាសូរ ទៅដល់អ្នកសិល្បៈជើងចាស់ ដែលខំប្រឹងសម្តែងរាប់ឆ្នាំ តែនៅតែរស់នៅជាមួយការលំបាកដដែល ពេលធ្លាក់ខ្លួនឈឺ គ្មានលុយ គ្មានសមត្ថភាព មើលថែខ្លួនឯង ហើយបែរជា សំពះសុំជំនួយពីសប្បុរសជនទៅវិញ ។

លោក ហម ឈរ៉ា បានប្រាប់ឲ្យដឹងទាំងទឹកភ្នែក នៅដិតដាមថ្ពាល់ថា «សង្កេតឃើញថា តារាជើងចាស់ នៅក្នុងប្រទេសយើងមិនមាន ភាពរីកចម្រើនដូចប្រទេសគេទេ ប្រាក់ចំណូលមិនបានច្រើន តារាជើងចាស់ ពេលសម្តែងយូរៗទៅ គ្មានសល់អីទេ អស់ហើយ អស់គ្មានសល់ សូម្បីតែផ្ទះ ឡាន ហើយជាក់ស្តែងពេលនេះទៀត ខាងទូរទស្សន៍ខ្មែរ ក៏ងាក ទៅចាក់បញ្ចាំងរឿងបរទេស ជាពិសេសរឿងថៃ នេះតែម្តង ដោយការធ្វើបែបនេះ បានធ្វើឲ្យតារាខ្លះ បាត់ឆ្នាំងបាយរបស់ខ្លួន ដល់ថ្នាក់លើកដៃសុំការងារគេធ្វើ នៅគេមិនឲ្យធ្វើទៀត...(យំតិចៗ)..!»។

ទន្ទឹមជាមួយគ្នានោះ តារាសម្តែងរូបនេះ ក៏បានផ្ញើរសារសំណូមពរ ទៅដល់ក្រសួង និងស្ថាប័នពាក់ព័ន្ធផងដែរថា «ខ្ញុំចង់សំណូមពរ ទៅដល់បណ្តាក្រសួងនិងស្ថាប័នពាក់ព័ន្ធទាំងអស់ សុំពិនិត្យឡើងវិញផង ទាក់ទងទៅនិងបញ្ហាគ្រប់យ៉ាង ដែលខ្ញុំបានលើកឡើង ហើយអ្វីទាំងអស់នេះ គឺកើតចេញពីជីវិតពិតការលំបាកពិតរបស់អ្នកសិល្បៈគ្រប់រូប នៅពេលចាស់លែងបានសម្តែង និងបន្តសិល្បៈ ហើយត្រូវធ្លាក់ខ្លួន នៅក្នុងនោះ បើសិនជាខ្សែភាពយន្តបរទេស ហូរចូលមកក្នុងប្រទេសយើងកាន់តែច្រើន តើឲ្យសិល្បៈខ្មែរ រស់រំពឹងអ្វីទៅ ?..»។

សូមបញ្ជាក់ថា កាលពីពេលថ្មីនេះ មានសមាគនចំនួន២ គឺសមាគមសិល្បករខ្មែរ និងសមាគមភាពយន្តកម្ពុជាបានជួបជុំគ្នាពិភាក្សា អំពីផលប៉ះពាល់ ទៅដល់ភាពយន្តខ្មែរ នាពេលបច្ចុប្បន្ន និងទៅថ្ងៃអនាគត ខណៈស្ថានីយទូរទស្សន៍ក្នុងស្រុក កំពុងតែបង្កើនការចាក់ ផ្សាយភាពយន្តបរទេស កាន់តែច្រើនឡើងៗ ។ ជាការពិត ក្នុងពិធីជួបជុំគ្នា ដែលមិនមែនជាលើកទី១នេះ គឺបានទទូច និងស្នើដល់ក្រសួងពាក់ព័ន្ធ មេត្តាជួយរកដំណោះស្រាយ ជួយដល់ភាពយន្តខ្មែរ សិល្បៈវប្បធម៌ខ្មែរ ជាហូរហែ ជាច្រើនលើកមកហើយ ប៉ុន្តែក្រសួង និងស្ថាប័នទាំងនោះ ហាក់ព្រងើយកន្តើយ ពុំបានឈឺចិត្ត ស្អិតទ្រូងយកចិត្តទុកដាក់ ឬរកដំណោះស្រាយអ្វីឡើយ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល