ភ្នំពេញ  ៖ សម្ដេចនាយក រដ្ឋមន្ដ្រីហ៊ុន សែន បានស្នើឱ្យរដ្ឋមន្ដ្រី ក្រសួងមហាផ្ទៃ ពិនិត្យមើលលទ្ធភាព ពង្រាយកន្លែងធ្វើលិខិត ឆ្លងដែនតាម ខេត្ដមួយចំនួនទៀត ដូចជា កំពង់ចាម ព្រៃវែង ពោធិ៍សាត់ បន្ទាយ មាន ជ័យ និងខេត្ដកំពត ជាដើម ដើម្បីងាយស្រួល ដល់ប្រជាពលករ ទៅធ្វើ នៅក្នុងខេត្ដរបស់ខ្លួន ដោយ មិនត្រូវចំណាយលុយបន្ថែមទៀត សម្រាប់ទៅធ្វើលិខិតឆ្លងដែននៅរាជធានីភ្នំពេញ និងនៅខេត្ដបាត់ដំបង ។

ក្នុងឱកាសអញ្ជើញជាអធិបតីភាព ក្នុង ទិវាប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៤នេះ នៅមជ្ឈមណ្ឌលកោះពេជ្រ សម្ដេចនាយករដ្ឋមន្ដ្រី ហ៊ុន សែន បានមានប្រសាសន៍ថា សម្ដេចបានណែនាំឱ្យ ក្រសួងមហាផ្ទៃ និងស្ថាប័ន ពាក់ព័ន្ធពង្រាយ កន្លែងធ្វើលិខិតឆ្លង ដែន នៅតាមខេត្ដ ផ្សេងទៀត ដោយមិនចាំឱ្យពលករធ្វើដំណើរទៅ រាជធានីភ្នំពេញ និងខេត្ដបាត់ដំបងនាំឱ្យអស់ លុយបន្ថែម ទៀត ពោលបើពលករនៅខេត្ដ ណា អាចទៅធ្វើលិខិតឆ្លងដែននៅខេត្ដនោះ ។

សម្ដេចតេជោ ក៏បានលើកឡើងផងដែរ ថា នៅជំហានខាងមុខ អាចនឹងពិនិត្យមើល លទ្ធភាពកន្លែងធ្វើ លិខិតឆ្លងដែនទាំង២៥ ខេត្ដ ក្រុងតែម្ដង ។

ជុំវិញតម្លៃថតរូប ៤ដុល្លារនៃការធ្វើ លិខិតឆ្លងដែននោះ ត្រូវបានសម្ដេចនាយករដ្ឋមន្ដ្រី លើកឡើងថា ពលករចំណាយត្រឹមតែ៤ដុល្លារ សម្រាប់ថត រូប ប៉ុន្ដែសម្ដេចក៏បានណែនាំដល់ស្ថាប័ន និង មន្ដ្រីពាក់ ព័ន្ធផងដែរថា បើសិនពលករណា មានរូបថតខ្លួនឯងស្រាប់ មិនត្រូវយកលុយ ៤ដុល្លារពីពលករ នោះឡើយ កុំឱ្យថា យក៤ដុល្លារ គឺយកដោយមិនបានលើកលែង និងមើលឃើញចំពោះអ្នក ដែលមានរូបថត ស្រាប់ ។

ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល