(វ៉ាស៊ីនតោន)៖ រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនកំពុងរៀបចំគំរោង អូសទាញមន្រ្តីជាន់ខ្ពស់កូរ៉េខាងជើង មកកាន់សហរដ្ឋអាមេរិក ដើម្បីចូលអង្គុយតុចរចាគ្នា ជាមួយអតីតមន្រ្តីអាមេរិក ដែលជាជំនួបលើកដំបូងបំផុត នៅក្នុងរយៈពេលច្រើនជាងប្រាំឆ្នាំកន្លងមកនេះ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Channel News Asia នៅមុននេះបន្តិចនាព្រឹកថ្ងៃចន្ទ ទី២០ ខែកុម្ភៈ ឆ្នាំ២០១៧ ដែលបានស្រង់សេចក្តីរាយការណ៍ របស់កាសែត Washington Post។

យោងតាមសេចក្តីរាយការណ៍របស់ Washington Post ដែលផ្អែកលើបុគ្គលមួយចំនួន មានចំណេះដឹងជុំវិញបញ្ហានេះឲ្យដឹងថា គំរោងសម្រាប់កិច្ចចរចា ដែលមានឈ្មោះថា «Track 1.5» កំពុងស្ថិតនៅក្នុងដំណាក់កាលរៀបចំនៅឡើយទេ ហើយការចរចាលើកនេះនឹងក្លាយជាសញ្ញាដ៏ច្បាស់បំផុត ដែលបង្ហាញថា ប្រមុខដឹកនាំកំពូលកូរ៉េខាងជើងលោក គីម ជុងអ៊ុន ក៏មានបំណងចង់ធ្វើការទាក់ទង ជាមួយរដ្ឋាភិបាលអាមេរិកថ្មី ក្រោមការដឹកនាំរបស់ប្រធានាធិបតីលោក ដូណាល់ ត្រាំ ផងដែរ។

ជាមួយគ្នានេះ ឈ្មោះរបស់គំរោងខាងលើដែលឆ្លុះបញ្ចាំង ពីការធ្វើទំនាក់ទំនងគ្នារវាង អតីតមន្រ្តីរដ្ឋាភិបាលសហរដ្ឋអាមេរិក និងមន្រ្តីរដ្ឋាភិបាលបច្ចុប្បន្នរបស់កូរ៉េខាងជើងនោះ គឺត្រូវបានបង្កើតឡើង ដោយយោងទៅតាមឈ្មោះ នៃកិច្ចចរចាដែលត្រូវបានគេស្គាល់ថា «Track 2» ដែលមានការចួលរួមពាក់ព័ន្ធ ពីសំណាក់អតីតមន្រ្តីរដ្ឋាភិបាល នៃភាគីទាំងសងខាង (អាមេរិក-កូរ៉េខាងជើង)។

ប្រភពសារព័ត៌មានដដែលបានឲ្យដឹងថា ក្រសួងការបរទេសអាមេរិកក៏មិនទាន់បានផ្តល់ការអនុញ្ញាត ចំពោះទិដ្ឋាការរបស់មន្រ្តីកូរ៉េខាងជើង សម្រាប់កិច្ចចរចា «Track 1.5» នេះនៅឡើយទេ។ ដោយឡែកអ្នកនាំពាក្យក្រសួងការបរទេសអាមេរិក បានបញ្ជាក់ថាមានតែជំនួបពិភាក្សា «Track 2» ប៉ុណ្ណោះដែលតែងតែត្រូវបានធ្វើឡើង ជាប្រចាំស្តីពីប្រធានបទជាច្រើនជុំវិញពិភពលោក ហើយបានប្រព្រឹត្តទៅដោយឯករាជ្យ ពីរដ្ឋាភិបាលសហរដ្ឋអាមរិក។ បន្ថែមពីនេះមន្រ្តីម្នាក់ប្រចាំនៅសេតវិមាន បានធ្វើការអធិប្បាយថា រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន ពុំមានគំរោងក្នុងការជួបជាមួយ កូរ៉េខាងជើងនោះឡើយ។

គួរបញ្ជាក់ថា ការបាញ់សាកល្បងមីស៊ីលផ្លោងរយៈចម្ងាយមធ្យម របស់របបដឹកនាំទីក្រុងព្យុងយ៉ាង នាពេលថ្មីៗនេះ បានទទួលរងការថ្កោលទោសយ៉ាងខ្លាំង ពីសហគមអន្តរជាតិកាលពីសប្តាហ៍មុននេះ ហើយប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានថ្លែងក្នុងសន្និសីទសារព័ត៌មានមួយ នៅក្រោយការធ្វើតេស្តមីស៊ីលនោះដូច្នេះថា «ជាក់ស្តែង ប្រទេសកូរ៉េខាងជើង គឺជាបញ្ហាដ៏សែនធំមហិមាមួយ ដែលយើងត្រូវធ្វើការដោះស្រាយ ប្រកបដោយភាពប្រុងប្រយ័ត្ន និងការយកចិត្តទុកដាក់ជាទីបំផុត»៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង