(ភ្នំពេញ)៖ ខ្សែភាពយន្តរឿង «មុនដំបូងខ្មែរក្រហម សម្លាប់ប៉ារបស់ខ្ញុំ» ដឹកនាំសម្តែងផ្ទាល់ពីកំពូលតារាសម្តែងហូលីវូដ ដ៏ល្បាញល្បីអ្នកនាង Angelina Jolie កាលពីរាត្រីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ ២០១៧ លើទីលានជល់ដំរីទឹកដីអាណាចក្រអង្គរ ដែលបានលាតត្រដាងពីជីវិតក្មេងស្រីនៅក្នុង របបវាលពិឃាតដ៏ឃោរឃៅប៉ុល ពត បានធ្វើឲ្យពលរដ្ឋខ្មែរឆ្លងកាត់របបនេះបានបង្ហូរទឹកនេត្រាគ្រប់គ្នា។ ដំណក់ទឹកនេត្រារមៀលធ្លាក់ ព្រោះតែផ្ទាំង ទស្សនីយភាពក្នុងសាច់រឿងនោះ បានគាស់រំលើងឡើងវិញរាល់អនុវស្សាវរីយ៍ដ៏សែនឈឺចាប់របស់ពួកគេនៅក្នុងរបបខ្មែរក្រហម។

លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ដែលបានទស្សនាដោយផ្ទាល់នូវខ្សែភាពយន្តបែបប្រវត្តិសាស្រ្តដ៏ខ្មៅងងឹតក្នុងរបបខ្មែរក្រហមដែរនោះ បានមើលឃើញថា ខ្សែភាពយន្តមួយនេះ បានបង្ហាញឲ្យពិភពលោកមើលឃើញកាន់តែច្បាស់ថែមទៀត ពីទុក្ខវេទនានិងការខិតខំរបស់កម្ពុជា ទម្រាំឈានមកដល់ស្ថានភាពដូចពេលបច្ចុប្បន្ន។

ខ្លឹមសារទាំងស្រុងរបស់លោក ថោង ខុន ដែលបានផ្ញើមកកាន់អង្គភាពព័ត៌មាន Fresh News នៅរសៀលថ្ងៃអាទិត្យនេះ៖

ជាបឋមខ្ញុំសូមលំឱនកាយគោរព និងសូមរំលឹកនឹកគុណដល់វិញ្ញាណក្ខន្ធវីរៈអ្នកស្នេហាជាតិខ្មែរទាំងអស់ ដែលបានពលីជីវិតក្នុងបុព្វហេតុរំដោះជាតិ និងប្រជាពលរដ្ឋកម្ពុជា ឲ្យរួចផុតពីក្រញាំពិឃាតដ៏ឃោរឃៅ ប៉ុល ពត។ ខ្ញុំក៏សូមឱនកាយគោរពដឹងគុណឥស្សរជនជាន់ខ្ពស់ របស់កម្ពុជា សម្តេចតេជោ ហ៊ុន សែន, សម្តេច ហេង សំរិន និង សម្តេច ជា ស៊ីម រួមនិងវីរៈអ្នកតស៊ូជាច្រើនទៀត ដែលបានប្រកៀកស្មាគ្នាប្រយុទ្ធ ដ៏អង់អាចស្វែងរកបាននូវពន្លឺសន្តិភាពជាថ្មី ហើយប្រកៀកស្មាគ្នាអភិវឌ្ឍជាតិមាតុភូមិឲ្យទួលបាន ការរីកចម្រើនជាថ្មីដូចពេលបច្ចុប្បន្ន។

បើគ្មានការពលី ការតស៊ូ និងការលះបង់របស់ឥស្សរជនកំពូលរបស់កម្ពុជា និង វីរយុទ្ធជនទាំងអស់នោះទេ ច្បាស់ណាស់ថា មិនដឹងជាទុក្ខវេទនាត្រូវគ្របដណ្តប់លើមាតុកម្ពុជាដល់ពេលណានោះឡើយ។

ខ្សែភាពយន្តរឿង «មុនដំបូងខ្មែរក្រហម សម្លាប់ប៉ារបស់ខ្ញំ» ដែលខ្ញុំត្រូវបានអញ្ជើញទៅទស្សនាក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ ព្រះមហាក្សត្រ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី និង សម្តេចម៉ែ កាលពីថ្ងែសៅរ៍ ទី១៨ ខែកុម្ភៈ ឆ្នាំ២០១៧ នៅព្រលានជល់ដំរីកន្លងមក បានគាស់រំលើងឡើងវិញ នូវរាល់ស្នាមអនុស្សាវរីយ៍ដ៏សែនឈឺចាប់ខ្លោចផ្សាររបស់ខ្ញុំ ក៏ដូចជា ប្រជាពលរដ្ឋខ្មែរទូទៅ ដែលបានជួបប្រទះក្នុងរបបអាវខ្មៅ ៣ឆ្នាំ ៨ខែ និង២០ថ្ងៃ។

ខ្សែភាពយន្តនេះ គឺជាផ្នែកមួយនៃរឿងរ៉ាវក្នងប្រវត្តិសាស្ត្រពិតរបស់កម្ពុជាក្នុងសម័យកាលសង្គ្រាមស៊ីវិលមុនរបបប្រល័យពូជសាសន៍ប៉ុល ពត (១៧ មេសា ១៩៧៥-៧ មករា ១៩៧៩) សោកនាដកម្មក្នុងរបបប្រល័យពូជសាសន៍ និង សភាពការណ៍ជាក់ស្តែងក្នុងពេលដែលរណសិរ្ស និងកងទ័ពវៀតណាម ចូលរំដោះអំឡុងចុងឆ្នាំ១៩៧៨។

ឆ្លងតាមខ្សែភាពយន្តនេះ ពិភពលោកនឺងបានស្គាល់ច្បាស់ពីកម្ពុជា តើប្រទេសមួយនៅអាស៊ីអាគ្នេយ៍ដ៏តូចកម្សត់នេះ បានឆ្លងកាត់ និងតស៊ូពុះពារ ការលំបាកយ៉ាងណាខ្លះទម្រាំបានដូចសព្វថ្ងៃនេះ?

ក្នុងរបប ប៉ុលពត ក្រោមលិទ្ធិស្នេហាជាតិចង្អៀតចង្អល់របស់ពួកគេ គេបានបណ្តេញប្រជាជនចេញពីទីក្រុង ធ្វើការកាប់សម្លាប់ប្រជាជន យ៉ាងរង្គាលព្រៃផ្សៃ ដោយចោទប្រកាន់ថា ជាខ្មាំងស៊ីរូងផ្ទៃក្នុងចាប់បង្ខំប្រជាជនឲ្យធ្វើការជាទម្ងន់ ចាប់ព្រះសង្ឃឲ្យធ្វើពលកម្ម ក្រោមលេសជាឈ្លើង សង្គម គ្មានទេសាសនា គ្មានទេវត្តអារាម។

ក្រោមលេសប្រឆាំងយួនឈ្លានពាន គេបានកេណ្ឌកុមារតូចៗ ចូលទ័ព អប់រំពង្វក់ស្មារតីឲ្យអង់អាចក្លាហានប្រឆាំងវៀតណាម នៅពេលដែលរណសិរ្ស និងកងទ័ពស្មក្រចិត្តវៀតណាម ចូលមករំដោះប្រជាជនកម្ពជាឲ្យរួចផុតពីរបបព្រៃផ្សៃនេះ ហើយដែលនៅក្នុងពេលនោះ របបខ្លួនឯងក៏កំពុងបន្តធ្វើការកាប់ សម្លាប់ខ្មែរ គ្នាឯងឥតឈប់ឈរ សូម្បីឪពុកម្តាយកុមារ ដែលកំពុងនៅក្នុងកងទ័ព ក៏យកទៅសម្លាប់ចោលដែរ។

ឆ្លងតាមខ្សែភាពយន្តនេះ គេអាចឆ្លុះបញ្ចាំងឃើញការពិត តើកម្ពុជាក្រោយ ៧ មករា ១៩៧៩ ពោលគីជិត ៤០ឆ្នាំកមន្លងមកនេះ បានធ្វើការតស៊ូ ស្តារ និងកសាងប្រទេសជាតិជាទីស្រឡាញ់របស់ខ្លួនយ៉ាងណាខ្លះ ក្នុងស្ថានភាពមួយដែលចេញពីបាតដៃទទេ។ ពិសេសក្នុងស្ថានភាពមួយដែលខ្វះធនធាន មនុស្ស បញ្ញវន្ត ត្រូវពួក ប៉ុលពត កាប់សម្លាប់ស្ទើរគ្មានសល់ ហើយដែម្ខាង ត្រូវទប់ទល់តស៊ូនឹងការប៉ុនប៉ង វិលត្រឡប់របស់ប៉ុលពតទៀតនោះ។

ខ្មែរគ្រប់រូបដែលបានឆ្លងកាត់របបនេះបានយល់ដឺងច្បាស់ ហើយដឹងគុណរណសិរ្ស ដឹងគុណបក្សប្រជាជន ដឹងគុណកងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានរំដោះខ្លួន។ ក្នុងឈុតឆាកមួយបានបង្ហាញច្បាស់ថា កុមារលួង ត្រូវបានរំដោះ ហើយរត់មកជ្រកក្រោយខ្នងកងទ័ពវៀតណាម ដែលកំពុងបាញ់តស៊ូទប់ទល់ជាមួយពួកប៉ុលពត ដែលប៉ុនប៉ងត្រឡប់មកវិញជាលើកទីពីរ។

បន្ទាប់មកក្នុងឈុតឆាកមួយទៀត បានបង្ហាញពីភាពច្របូកច្របល់នៅពេលបានរំដោះភ្លាមៗ ខ្មែរដែលត្រូវបានរំដោះដោយរណសិរ្ស និងកងទ័ពស្ម័គ្រចិត្ត វៀតណាម ពោរពេញដោយកំហឹងឈឺចាប់ បានចាប់ពួកកម្មាភិបាលប៉ុលពត ដែលធ្លាប់បានធ្វើបាប និងយកគ្រួសារខ្លួនទៅសម្លាប់ចោល យកមកសងសឹកចង្អុលមុខវាយដំជ្រាំធាក់។ កុមារលួង បានដើរចូលមកឈរសម្លឹងកម្មាភិបាលប៉ុលពត ម្នាក់នោះដោយភាពឈឹចាប់ តែក៏ដើរហួសទៅ។

តើខ្មែរខ្លះដែលនៅមិនទាន់ភ្ញាក់ខ្លួន អាចល្មមភ្ញាក់ខ្លួន ហើយអាចរួបរួមគ្នាជាមួយរាជរដ្ឋាភិបាល ធ្វើការកសាងសង្គមជាតិយើងឡើងហើយ ឬនៅ? ការខ្វះខាតខ្លះៗ ក្នងការងារដំណើរការអភិវឌ្ឍកសាងប្រទេសជាតិ វាជារឿងចៀសមិនផុត យើងអាចធ្វើការទិតៀនរិះគន់ជួយគ្នាដោយស្មោះត្រង់បាន ដើម្បីកែលំអរ។

នយោបាយ ឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុនសែន ដែលបាននាំមកនូវសន្តិភាពនិងការអភិវឌ្ឍន៍សម្រាប់ប្រទេសជាតិ គឺជាមរតកដ៏មានតម្លៃមិន អាចកាត់ថ្លៃបាន ស្មើអាយុជីវិតរបស់ប្រជាជាតិ និងប្រជាជនកម្ពុជាយើង។ សម្តេចតេជោ និងប្រជាជនកម្ពុជាគ្រប់រូបដែលធ្លាប់បាន ធ្វើការតស៊ូឆ្លងកាត់ ការលំបាកគ្រប់បែបយ៉ាងបានប្តេជ្ញាថា នឹងមិននាំកម្ពជាត្រឡប់ទៅរកសង្គ្រាមវិញទេ។

តើពួកអ្នកដែលចង់នាំបដិវត្តន៍ពណ៌មកកម្ពុជា តើពួកគេចង់បានអ្វីទៀត?

ការបោះឆ្នោតដោយសេរី ត្រឹមត្រូវនិងយុត្តិធម៌ វាគ្រប់គ្រាន់ណាស់ហើយសម្រាប់ប្រទេសមួយ ដែលដើរតាមរបបប្រជាធិបតរយ្យ សេរីពហុបក្ស។ យុវជនទាំងឡាយ ត្រូវបន្តប្រឹងប្រែងថែមទៀត ប្រែក្លាយការឈឺចាប់របស់ជីដូនជីតា ឪពុកម្តាយរបស់ខ្លួនឲ្យក្លាយទៅជាសកម្មភាពស្នេហាជាតិ ដ៏បរិសុទ្ធជាក់ស្តែងមួយ បន្តវេនការដឹកនាំដ៏ផូរផង់របស់គណបក្សប្រជាជន របស់សម្តេចតេជោ ដើម្បីបុព្វហេតុជាតិមាតុភូមិ និងសុភមង្គលរបស់ប្រជាជនយើង៕

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី